សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុនការពារជាតិអាមេរិក Eureka Naval Craft បានបង្ហាញនាវាចម្បាំងថ្មីទំហំធំម៉ាក AIRCAT Bengal MC ដ៏ទំនើបបំផុតនៅលើពិភពលោក គឺនាវានេះបំពាក់បច្ចេកវិទ្យា AI គ្មានមនុស្សបើក ប៉ុន្តែអាចប្រើអាវុ.ធវាយប្រ.ហារទៅលើគោលដៅដោយស្វ័យប្រវត្តិ ឬបា.ញ់នាវាចម្បាំងផ្សេងទៀតនៅសមុទ្រ ។ នាវានេះបើកបរក្នុងល្បឿនស្មើ៩២គីឡូម៉ែត្រក្នុង១ម៉ោង និងអាចផ្ទុកសម្ភារៈកងទ័ព រហូតដល់៤០តោន ។

នាវានឹងធ្វើដំណើរទៅមុខដោយសារបច្ចេកវិទ្យា AI ទើបធ្វើឱ្យវាអាចបម្លាស់ទីដោយខ្លួនឯងពុំចាំបាច់មានអ្នកបញ្ជា ប៉ុន្តែនាវាក៏មានកន្លែងសម្រាប់មនុស្សអង្គុយបញ្ជាផងដែរ ប្រសិនបើមានភារកិច្ចចាំបាច់ ។ នាវាប្រើប្រាស់បច្ចេកវិទ្យាពិសេសប្រភេទ Surface Effect Ship (SES) គឺជាការរួមបញ្ចូលគ្នារវាងនាវា Hovercraft និង Catamarans ទើបធ្វើឱ្យវាអាចបើកបរក្នុងល្បឿនលឿន ។

គេអាចប្រើប្រាស់នាវានេះក្នុងបេសកកម្មជាច្រើន រួមមាន ៖ ជានាវាចម្បាំង នាវាដឹកជញ្ជូនកងទ័ពឡើងដីគោក នាវាសង្គ្រាមអេឡិចត្រូនិក ធ្វើជាទីតាំងបង្ហោះដ្រូន និងសម្រាប់ផ្ទុកសម្ភារៈដោះមីន ។ ក្រៅពីនាវា AIRCAT Bengal MC មានល្បឿនលឿន និងប្រើប្រាស់ក្នុងបេសកកម្មជាច្រើន វាត្រូវបានបំពាក់ដោយអាវុធជាច្រើនប្រភេទ ថែមទាំងអាចបាញ់ជ្រួច Tomahawk និងមានអាវុធសម្រាប់បាញ់នាវាចម្បាំងម៉ាក Naval Strike Missile NSM ផងដែរ ។.png)
ក្រុមហ៊ុន Eureka Naval Craft បញ្ជាក់ថា នាវាចម្បាំងនេះជួយសន្សំសំចៃក្នុងការប្រើប្រាស់ មានល្បឿនលឿនជាង និងមានកម្លាំងខ្លាំងជាងនាវាចម្បាំងចាស់ៗដែលប្រើប្រាស់នាពេលបច្ចុប្បន្ន ។ លើសពីនេះ វាក៏ជួយកាត់បន្ថយហានិភ័យសម្រាប់នាវាចម្បាំងធំៗមានតម្លៃថ្លៃ និងមានមនុស្សជិះ ។ នេះចាត់ទុកថា គឺជាការអភិវឌ្ឍបច្ចេកវិទ្យាជឿនលឿនបំផុតសម្រាប់នាវាចម្បាំងគ្មានមនុស្សបើក ដែលបានកែច្នៃពីនាវាតូច ទៅជានាវាធំបំពាក់បច្ចេកវិទ្យាទំនើប ។.png)
លោក Bo Jardine ប្រធានក្រុមហ៊ុន Eureka Naval Craft និយាយថា យើងរំភើបណាស់ក្នុងការបង្ហាញនាវាចម្បាំងដ៏ទំនើបនេះ ដែលវាអាចធ្វើដំណើរលើសមុទ្រក្នុងល្បឿនលឿន មានមនុស្សជិះក៏បាន អត់ក៏បាន ។ ការប្រើប្រាស់មានប្រសិទ្ធភាពជាងនាវាចម្បាំងធម្មតា ថែមទាំងកាត់បន្ថយការចំណាយផ្នែកផលិត និងជួសជុល ទើបធ្វើឱ្យវាទទួលបានការចាប់អារម្មណ៍ពីកងទ័ពជើងទឹក ដែលចង់បង្កើនសមត្ថភាពយុទ្ធសាស្ត្រ ដោយពុំចាំបាច់ពឹងផ្អែកលើនាវាចម្បាំងធំជាងនេះ ។
ក្រុមហ៊ុន Eureka Naval Craft ពុំបានប្រាប់ពីតម្លៃរបស់នាវាទេ ប៉ុន្តែនាវានេះបានបង្ហាញខ្លួនលើកដំបូងក្នុងកម្មវិធី Sea-Air-Space Exhibition នៅរដ្ឋម៉ារីលែន សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ។ ក្រុមហ៊ុនមានគម្រោងណែនាំនាវានេះទៅកាន់កងទ័ពជើងទឹកអាមេរិក រួមទាំងកងទ័ពជើងទឹកសិង្ហបុរី វៀតណាម ថៃ ហ្វីលីពីន ជប៉ុន និងកូរ៉េខាងត្បូង ៕










