ស្ថិតនៅក្រៅប្រទេសអ្នកជំនួញអនឡាញ ជីមមី និងជាពិធីការិនី បានបង្ហាញវីដេអូមួយដែលអ្នកនាងនិងស្វាមីបានចូលរួមទស្សនាក្នុងរោងមហោស្រពធំជាងគេក្នុងពិភពលោកហើយបានឃើញប្រាសាទនៅលើទឹកដីកម្ពុជាបង្ហាញនៅលើផ្ទាំង LED តម្លៃ២.៣ពាន់លានដុល្លារឯណោះ។
នៅថ្ងៃទី២២ មីនា ជីមមី បានបង្ហោះវីដេអូមួយដោយបានដាក់ចំណងជើងថា «Woww ប្រាសាទរបស់ខ្មែរយើងបានឡើងទៅលើLEDតម្លៃ ២.៣ ពាន់លាននៅសហរដ្ឋអាម៉េរិក។ កន្លែងដែលអ្នកជំនួញអនឡាញរូបនេះបង្ហាញគឺមានឈ្មោះថា sphere ជារោងមហោស្រពធំជាងគេក្នុងពិភពលោកស្ថិតនៅទីក្រុង Las Vegas សហរដ្ឋអាម៉េរិក។
តាមការបញ្ជាក់របស់ ជីមមី នៅក្នុងវីដេអូបង្ហាញថាការចូលទស្សនានៅទីនេះគឺត្រូវចំណាយថ្លៃសំបុត្រចូលរួមគឺចាប់ពី១០០ដុល្លារដល់៣០០ដុល្លារក្នុងមួយនាក់ទៅតាមកន្លែងអង្គុយដោយផ្ទុកមនុស្សបាន២ម៉ឺននាក់។ ពិធីការិនីរូបនេះបន្ថែមទៀតថាការបញ្ចាំងក្នុងមួយ Show គឺមានរយៈពេល១ម៉ោងហើយអាចរកចំណូលបាន២០ម៉ឺនដុល្លារ។ ក្នុងការបង្ហាញពីប្រវត្តិនៃការកកើតភពផែនដី ហើយថែមទាំងមានរូបប្រាសាទខ្មែរនៅលើផ្ទាំង LED ដ៏ធំសម្បើមនេះ ជីមមី បានបង្ហាញថា នេះជាការទស្សនាមួយដែលនាងពេញចិត្តបំផុតក្នុងឆាកជីវិត។
ចាប់តាំងពីរយាលពីការងារសិល្បៈមក ជីមមី និងដៃគូជីវិត ខិតខំប្រឹងប្រែងផ្តោតលើជំនួញអនឡាញយ៉ាងខ្លាំង ហើយបានធ្វើដំណើរទៅកាន់ប្រទេសជាច្រើនដោយបានបង្ហាញជាជីវិតក្នុងស្នាក់នៅកន្លែងប្រណីតៗ ម្ហូបអាហារថ្លៃ ចែកចាយជូនទៅកាន់អ្នកគាំទ្ររបស់ខ្លួន៕










