រាជធានីភ្នំពេញ៖ អ្នកម្ដាយមួយរូបបានធ្វើអោយមហាជនជាច្រើនកោតសរសើលើវីរៈភាព និងការទទួលខុសត្រូវរបស់គាត់ទៅលើកូន ខណៈត្រូវបំពេញការងារជាអ្នកបោសសម្រាមតាមផ្លូវបណ្ដើរស្ពាយកូននៅខាងបណ្ដើរ។
យោងតាមបណ្ដាញសង្គមកាលពីថ្ងៃទី៧ ខែមិនា ឆ្នាំ២០២៥នេះមានការចែករំលែកនូវរូបភាពប៉ុន្មានសន្លឹករបស់បងស្រីម្នាក់មានឈ្មោះថា វី វ័យ៣៨ឆ្នាំ កំពុងស្ពាយកូនរបស់គាត់ដាក់ខាងមុខ និងបំពេញការងារបោសសម្រាមរបស់គាត់ដោយមិនខ្លាចភាពនឿយហត់។ បើតាមការសាកសួរបានអោយដឹងថា គាត់មានកូនចំនួន៥នាក់នៅក្នុងបន្ទុក ដោយកូន៤នាក់ទៀតត្រូវទៅរៀន ចំណែកកូនតូចជាងគេនេះគ្មានអ្នកមើលថែ ដូច្នេះហើយទើបគាត់សម្រេចចិត្តយកមកជាមួយបែបនេះ។ គាត់បានបន្តថា ស្វាមីរបស់គាត់ក៏មានមុខរបរជាអ្នកបោសសម្រាមដែរ ហើយសម្រាប់ប្រាក់ចំណូលក្នុងម្នាក់គឺទទួលបាន ២,៦០០០៛ក្នុងមួយថ្ងៃដោយចូលធ្វើការនៅម៉ោង៥ ចេញម៉ោង៥។
បងស្រីវី បានបន្តទៀតថាអ្វីដែលគាត់ចង់បានគឺគ្រួសារមានហូបចុកគ្រប់គ្រាន់ និងចង់អោយកូនៗបានទៅរៀនដូចក្មេងដទៃទៀត ដោយលើកឡើងថា«បើខ្ញុំវាល្ងង់ហើយ កុំឱ្យកូនល្ងង់ទៀត»។ ក្រោយមកក៏មានសប្បុរសជនដែលមានសណ្ដានចិត្តល្អជូនថវិការមួយចំនួន ហើយមានអ្នកខ្លះជូនជាសម្លៀកបំពាក់សម្រាប់គាត់ និងកូនៗខ្លះដែរ។
ចំពោះទង្វើ និងការយល់ឃើញរបស់បងស្រី បានធ្វើអោយមនុស្សជាច្រើនកោតសរសើចំពោះគាត់យ៉ាងខ្លាំង ព្រោះទោះបីជាគាត់ក្រលំបាកយ៉ាងណាក៏មិនលើកដៃសុំគេ រឺលួចឆក់ប្លន់អ្នកណាឡើយ សុខចិត្តធ្វើការងារដែលហត់នឿយ ដើម្បីកូនៗមានអនាគត និងគ្រួសារមានហូបចុកគ្រប់គ្រាន់ ហើយមហាជនបានជូនពរគាត់ព្រមទាំងក្រុមគ្រួសារអោយជួបតែសេចក្ដីសុខ និងសំណាងល្អផងដែរ៕










