តុលាការកោះតៃវ៉ាន់បានសម្រេចថា អចលនទ្រព្យចំនួន ៦០០លានដុល្លារតៃវ៉ាន់ ប្រមាណ១៨.២ លានដុល្លាររបស់តារាសម្តែងស្រី Barbie Hsu ឬសាន់ឆាយ នឹងត្រូវបែងចែករវាងស្វាមីរបស់នាងតន្ត្រីករកូរ៉េខាងត្បូង DJ Koo និងកូនពីរនាក់របស់នាង។
យោងតាមសារព័ត៌មានម៉ាឡេស៊ីអចលនទ្រព្យរបស់ សាន់ឆាយ ពីរភាគបីនឹងទៅឱ្យកូនពីរនាក់ដែលជាកូនជាមួយអតីតស្វាមីគឺអ្នកជំនួញជនជាតិចិន Wang Xiaofei ចំណែកមួយភាគបីទៀតនឹងត្រូវបែងចែកទៅឱ្យ DJ Koo ។ ការចែកចាយនេះអនុវត្តតាមច្បាប់រដ្ឋប្បវេណីតៃវ៉ាន់។ ដោយសារកូនទាំងពីរបស់នាងនៅជាអនីតិជននៅឡើយដែលមានអាយុ ១០ និង ៨ ឆ្នាំ មរតករបស់ពួកគេនឹងត្រូវបានគ្រប់គ្រងដោយ Wang Xiaofei ជាឪពុករហូតដល់ពួកគេមានអាយុ ១៨ ឆ្នាំ។
Wang Xiaofei ត្រូវបានតែងតាំងជាអាណាព្យាបាលស្របច្បាប់របស់កុមារ ហើយនឹងមើលថែការពារពួកគេជាកូនៗ។ ទោះបីជាយ៉ាងណាក៏ដោយ បើតាមប្រភពពី The Standard បង្ហាញថា លោក Wang មិនមានគម្រោងភ្លាមៗ ក្នុងការផ្លាស់ទីកូនទីក្រុងតៃប៉ិ ទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន ជាកន្លែងដែលលោករស់នៅបច្ចុប្បន្ននោះទេ។ លើសពីនេះ Wang Xiaofei ត្រូវបានគេរាយការណ៍ថា នៅតែជាប់ពាក់ព័ន្ធក្នុងបណ្តឹងទាក់ទងនឹងទ្រព្យសម្បត្តិរបស់ Barbie Hsu ដែលផ្តើមចេញពីការលែងលះរបស់ពួកគេ។ របាយការណ៍បង្ហាញថាលោកជំពាក់ប្រាក់ ២៥០ លានដុល្លារតៃវ៉ាន់ ប្រមាណ៣៤.៥លានដុល្លារអាម៉េរិកក្នុងការបញ្ចាំ និងប្រាក់កម្ចីដែលទាក់ទងនឹងអតីតលំនៅដ្ឋានរបស់ សាន់ឆាយ ក្នុងតំបន់ Xinyi ដ៏ធំទូលាយរបស់តៃប៉ិ។ ដំណើររបស់លោក Wang ទៅកាន់តៃវ៉ាន់នាពេលថ្មីៗនេះត្រូវបានគេចោទថាមានគោលបំណងដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុ និងផ្លូវច្បាប់ដែលកំពុងបន្តទាំងនេះ។
ក្នុងដំណើរទស្សនកិច្ចរបស់លោក Wang Xiaofei ត្រូវបានគេឃើញនៅកន្លែងមួយក្នុងទីក្រុងតៃប៉ិ ជាមួយនឹងកូនស្រីរបស់លោក និងដៃគូបច្ចុប្បន្នដែលជាអ្នកមានឥទ្ធិពលតាមអ៊ីនធឺណិតរបស់ចិន និងជាស្ត្រីអ្នកជំនួញ Mandy Ma។ សាក្សីបានកត់សម្គាល់ក្មេងស្រីដែលកាន់ដៃរបស់ Mandy ដោយបង្ហាញពីភាពចុះសម្រុងគ្នាក្នុងក្រុមគ្រួសារ។
Barbie Hsu ឬសាន់ឆាយ បានទទួលមរណភាពក្នុងអាយុ ៤៨ឆ្នាំខណៈកំពុងវិស្សមកាលនៅប្រទេសជប៉ុន។ គ្រួសាររបស់នាងបានបញ្ជាក់ពីការស្លាប់របស់នាងកាលពីថ្ងៃទី ៣ ខែកុម្ភៈ។ របាយការណ៍ជាបន្តបន្ទាប់បានបង្ហាញថានាងបានខកខានការអន្តរាគមន៍ផ្នែកវេជ្ជសាស្ត្រធ្ងន់ធ្ងរចំនួនពីរខណៈពេលដែលនាងនៅប្រទេសជប៉ុន៕










