មរណភាពរបស់តារាប្រុស ប៉ែន ចាន់សិទ្ធ អតីត Freshie Boy លេខ១ ឆ្នាំ២០០៩ ក្នុងវ័យ៣២ឆ្នាំ បានធ្វើឱ្យមហាជននិងអ្នកនៅក្នុងចង្កោមសិល្បៈបង្ហាញនូវអារម្មណ៍សោកស្តាយយ៉ាងខ្លាំងចំពោះការចាកចេញរបស់លោកយ៉ាងឆាប់រហ័សនេះ។ រិតតែមានអារម្មណ៍ក្តុកក្តួលម្តាយ របស់តារាប្រុស ប៉ែន ច័ន្ទសិទ្ធ បង្ហើបទាំងសោកសង្រេងមិនបានទាន់ដង្ហើមកូន ខណៈសុខចិត្តកាត់អាយុខ្លួនឯងឱ្យតែកូនជាពីជំងឺប៉ុន្តែនៅតែមិនអាចសង្គ្រោះទាញជីវិតពីចង្កូមមច្ចុរាជបាន។
កាលពីរសៀលថ្ងៃទី៣ មីនា មហាជននិងអ្នកសិល្បៈមានការភ្ញាក់ផ្អើលនិងតក់ស្លុតយ៉ាងខ្លាំងបន្ទាប់ពីលោក ថៃ នរៈពិទូ បានជូនដំណឹងថាតារាសម្តែងប៉ែន ចាន់សិទ្ធ តួអង្គដ៏ល្បីល្បាញក្នុងស្ពតពាណិជ្ជម៉ូតូហុងដា២០១០ បានទទួលមរណភាពដោយរោគាពាធ។ តាមប្រភពផ្សេងទៀតលោកលាចាកលោកបន្ទាប់ពីចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យអស់រយៈពេលជាង១សប្ដាហ៍។ នៅយប់ថ្ងៃទី៣ មីនា ម្តាយរបស់តារាប្រុស ប៉ែន ចាន់សិទ្ធ បានផ្តល់បទសម្ភាសន៍ជាមួយអ្នកកាសែតដោយបានទម្លាយពីជំងឺរបស់កូនប្រុសកើត មហារីក រលាកសួត និងក្រពះពោះវៀន។
ម្តាយរបស់ ប៉ែន ចាន់សិទ្ធ បានរៀបរាប់ថាអ្នកស្រីមិនទាន់ដង្ហើមកូនប្រុសឡើង ខណៈមុននឹងលាចាកលោកកូនប្រុសបាក់ទឹកចិត្តនឹងជំងឺរបស់ខ្លួនខណៈម្តាយនិងមិត្តភក្តិជាច្រើនបានផ្តល់កម្លាំងចិត្តដល់លោកឱ្យតស៊ូប្រឆាំងនឹងជំងឺរបស់ខ្លួន។ អ្នកស្រី បាននិយាយទាំងក្តុកក្តួលថា កូនប្រុសរបស់ខ្លួនស្អាត នៅក្មេងណាស់ អ្នកស្រីបានបន់ឱ្យកូនជាសះស្បើយពីជំងឺសុខចិត្តឱ្យកាត់អាយុខ្លួនឯង ប៉ុន្តែនៅតែមិនអាចជួយសង្គ្រោះបាន។ មានប្រភពផ្សេងទៀតក៏បាននិយាយដែរថាលោក ប៉ែន ចាន់សិទ្ធ មានសភាពស្គមស្គាងព្រោះតែមិនអាចទទួលអ្វីបាន។
សមាគមសិល្បករខ្មែរ ក៏បានចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់តារាសម្ដែងលោក ប៉ែន ចាន់សិទ្ធ ដោយចាត់ទុកថាមិនត្រឹមតែជាបាត់បង់នូវកូនប្រុសជាទីស្រឡាញ់ ប្រកបដោយភាពកតញ្ញូ និងការខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងបុព្វហេតុគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបាត់បង់ធនធានសិល្បករផ្នែកសម្ដែង និងបង្ហាញម៉ូត ពោរពេញដោយសមត្ថភាព និងទេពកោសល្យ ក្នុងសង្គមសិល្បៈកម្ពុជា ដែលតែងតែចូលរួមយ៉ាងសកម្មក្នុងការបម្រើអារម្មណ៍មហាជនខ្មែរទូទៅតាមរយៈទស្សនីយភាពសិល្បៈទី៧ នាពេលកន្លងមក។ សពរបស់តារាប្រុសរូបនេះប្រារព្ធឡើងនៅ«វត្តតាំងកសាងខាងជើង» រាជធានីភ្នំពេញ៕










