ថ្មីៗនេះ មានទំព័រហ្វេសប៊ុកមួយ ឈ្មោះ ALL from me បានធ្វើការបង្ហោះផ្សព្វផ្សាយបទចម្រៀងក្រោមចំណងជើងថា “ក្តឹងរួយ” ដែលមានខ្លឹមសារគ្រោតគ្រាត អសុរោះ គ្មានសីលធម៌ ប៉ះពាល់យ៉ាងខ្លាំងដល់វប្បធម៌ប្រពៃណី ទំនៀមទំលាប់ សេចក្តីថ្លៃថ្នូរសង្គម និងតម្លៃស្រ្តីខ្មែរ។

ពាក់ព័ន្ធនឹងករណីនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការតាមស្វែងរកអត្តសញ្ញាណអ្នកផលិតបទចម្រៀងនេះឱ្យខានតែបាន។

បច្ចុប្បន្ន ម្ចាស់គេហទំព័រ ALL from me បានលុបវីដេអូចម្រៀងនេះចេញហើយ តែយ៉ាងណាក្រសួងវប្បធម៌ នៅតែស្វែងរកបុគ្គលនោះមកធ្វើការទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន។

ក្រសួងបានលើកឡើងថា បើទោះបីជាបទចម្រៀងដែលផលិតដោយបច្ចេកវិជ្ជាបញ្ញាសប្បនិម្មិត (AI) ក៏ប៉ុន្តែវាបានធ្វើឱ្យប៉ះពាល់សេចក្តីថ្លៃថ្នូរសង្គម និងតម្លៃស្រ្តីខ្មែរ។

បន្ថែមពីនេះ ក្រសួងវប្បធម៌ ស្នើសុំដល់សាធារណជនដែលប្រើប្រាស់បណ្តាញសង្គម សូមកុំបន្តចែកចាយ និងផ្សព្វផ្សាយបទចម្រៀងនេះបន្តទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEie9AVSB03TSpxOQH7HVlnS9MOk57bMTXmesySLzivIpXK93hbgsH0kRQx78j7Nh2C3ggVVzcS9P-MN4KAgBDrCElSdGB2I0G8FC4sqMRjKb-yLVDoX7mb5MDzW3gVDvJWbJFQsJSjUTnZY88oX0SRHzDyU7xPrYYAiz2BOmwryKeYel3dGwFyDdz-_SWNn/s1024/image_2025-02-28_10-24-55.png