សហរដ្ឋអាមេរិក ៖ សារព័ត៌មានបរទេសបានរាយការណ៍កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ថា ប្រធានាធិបតីអាមេរិក លោក Donald Trump ប្រាប់ឱ្យបណ្តាប្រទេសនៅតំបន់អឺរ៉ុបទិញអាវុ.ធ ពីអាមេរិកទៅជួយអ៊ុយក្រែន ប្រសិនបើអាមេរិកឈប់ផ្តល់ជំនួយយោធាដល់អ៊ុយក្រែន ។ ការលើកឡើងបែបនេះធ្វើឱ្យប្រទេសនានាភ្ញាក់ផ្អើល ខណៈរដ្ឋាភិបាលអាមេរិកត្រៀមចរចាបញ្ចប់សង្គ្រា.ម រវាងរុស្ស៊ី និងអ៊ុយក្រែន ។

បើបណ្តាប្រទេសអឺរ៉ុបទិញអាវុធរបស់អាមេរិក រួចហើយបញ្ជូនទៅឱ្យអ៊ុយក្រែន វានឹងធ្វើឱ្យអ៊ុយក្រែនអាចប្រើប្រាស់អាវុធអាមេរិកគ្រប់ពេលវេលា បើទោះជាអាមេរិកឈប់ផ្តល់ជំនួយយោធាដល់អ៊ុយក្រែនក្តី ខណៈលោក Trump បានព្យាយាមចរចាបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនយ៉ាងឆាប់រហ័ស ដែលអូសបន្លាយអស់រយៈពេលជិត៣ឆ្នាំ ។

ប៉ុន្តែគេពុំដឹងច្បាស់ថា តើអាមេរិកនឹងឈប់គាំទ្រអ៊ុយក្រែនឬយ៉ាងណា ខណៈលោក Trump ជំរុញឱ្យបញ្ចប់សង្គ្រាមតាមរយៈកិច្ចព្រមព្រៀង ដែលធ្វើឱ្យរុស្ស៊ីទទួលបានទឹកដីមួយចំនួនរបស់អ៊ុយក្រែនទៅគ្រប់គ្រង ហើយលោកដាក់សម្ពាធបណ្តាប្រទេសអឺរ៉ុបឱ្យការពារជាតិកាន់តែខ្លាំង ព្រមទាំងអ៊ុយក្រែនផងដែរ ។ ក្រៅពីនេះ ប្រទេសនានាសង្ស័យថា តើប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នឹងបានចូលរួមការចរចារកសន្តិភាពជាមួយរុស្ស៊ីដែរឬទេ?
លោក Trump បាននិយាយមកកាន់សារព័ត៌មាន កាលពីថ្ងៃទី១៦ ខែកុម្ភៈ កន្លងមកថា ប្រធានាធិបតីអ៊ុយក្រែននឹងបានចូលរួមចរចាបញ្ចប់សង្គ្រាមដែរ ប៉ុន្តែលោកពុំបាននិយាយលម្អិតបន្ថែមថា តើការចរចានេះនឹងធ្វើឡើងដោយរបៀបណា?.png)
កន្លងមក មន្ត្រីរដ្ឋាភិបាលរបស់លោក Trump បានប្រកាសទៅកាន់បណ្តាសម្ព័ន្ធមិត្តលោកខាងលិចថា ប្រទេសទាំងនេះអាចទិញអាវុធពីអាមេរិកដើម្បីរក្សាសម្ព័ន្ធភាពអង្គការសនិ្ធសញ្ញាអាត្លង់ទិកខាងជើង (NATO) ។ លើសពីនេះ មន្ត្រីរដ្ឋាភិបាលរបស់លោក Trump ថែមទាំងស្នើឱ្យបណ្តាប្រទេសអឺរ៉ុបជួយទិញថាមពលពីអាមេរិកបន្ថែមទៀតក្នុងអំឡុងពេលពិភាក្សាពីទំនាក់ទំនងសន្តិសុខ ។
គួរបញ្ជាក់ថា អតីតប្រធានាធិបតីអាមេរិក លោក Joe Biden បានអនុម័តថវិកាផ្តល់ជំនួយសន្តិសុខដល់អ៊ុយក្រែនរាប់លានដុល្លារអាមេរិកក្នុងពេលលោកកាន់តំណែង ហើយលោកក៏បានផ្តល់ថវិការាប់លានដុល្លារទៀតដល់អ៊ុយក្រែនពេលលោកជិតផុតអាណត្តិ ឬមុនពេលលោក Trump ឡើងកាន់តំណែងជាផ្លូវការ ៕










