ប្រទេសអូស្ត្រាលី ៖ កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៥ ពលរដ្ឋនៅទីក្រុងខេនបឺរ៉ា ប្រទេសអូស្ត្រាលី បានឈរតម្រង់ជួររង់ចាំមើលផ្កាសាកស.ព រីកជាលើកទី៣ ដែលផ្កានេះមានកម្ពស់ស្មើមនុស្ស និងក្លិនស្អុយខ្លាំងដូចសាកស.ព រលួយ ។ វាពុំរីកញឹកញាប់ទេ ហើយរយៈពេលជាច្រើនឆ្នាំ ទើបវារីកម្តង ព្រោះតែលក្ខណៈប្លែករបស់ផ្កាធ្វើឱ្យពលរដ្ឋអូស្ត្រាលី និងភ្ញៀវទេសចរមកប្រមូលផ្តុំគ្នាស្រង់ក្លិន និងថតរូបផ្កាដ៏កម្រនេះ ។
.png)
អ្នកជំនាញរុក្ខជាតិអូស្ត្រាលីនិយាយថា ផ្កាប្រភេទនេះអាចធ្វើឱ្យខ្លួនវាកាន់តែក្តៅខ្លាំង ហើយពេលផ្កាញីត្រៀមខ្លួនបង្កាត់ពូជ វានឹងបញ្ចេញក្លិនស្អុយដើម្បីទាក់ទាញសត្វល្អិតយកកេសរ ឬលម្អងផ្កាទៅផ្សំជាមួយផ្កាឈ្មោល ។ ជាទូទៅ ផ្កានេះនឹងរីកចាប់ពីរយៈពេល៧ឆ្នាំ ទៅ១០ឆ្នាំ ហើយពេលរីកម្តង គឺចាប់ពី២៤ម៉ោង ទៅ៧២ម៉ោង (ឬចាប់ពី១ថ្ងៃ ទៅ៣ថ្ងៃប៉ុណ្ណោះ) វានឹងស្វិតស្រពោនតាមធម្មជាតិ ។.png)
ការរីករបស់ផ្កាធ្វើឱ្យមនុស្សម្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីព្រោះពួកគេកម្រមានឱកាសឃើញវារីកណាស់ ។ វាជាប្រភេទផ្កាជិតផុតពូជ ហើយគេសន្និដ្ឋានថា ផ្កានេះបានដុះនៅតាមព្រៃធម្មជាតិត្រឹមតែ១ពាន់ដើមប៉ុណ្ណោះ ។ បច្ចុប្បន្ន ផ្កាសាកសព ត្រូវបានប្រទេសផ្សេងៗយកទៅបង្ហាញនៅតាមទីកន្លែងនានា ។
ក្រៅពីនេះ ក៏មានភ្ញៀវទេសចរចូលមើលផ្កាសាកសពផងដែរ អ្នកខ្លះឈរតម្រង់ជួររហូតដល់២ម៉ោង ដើម្បីថតរូបសែលហ្វី និងស្រង់ក្លិនផ្កា ។ មនុស្សជាច្រើនទទួលស្គាល់ថា ក្លិនរបស់ផ្កាស័ក្តិសមនឹងឈ្មោះពិតមែន គឺមានក្លិនដូចស្រោមជើងចាស់ៗ ឬខ្មោចជ្រូក ឬក្លិនអាហារផ្អូម ។ ផ្កាសាកសពមានត្របកធំបំផុតលើពិភពលោក វាព្យាយាមបញ្ចេញក្លិនស្អុយចេញក្រៅដើម្បីឱ្យសត្វល្អិតមកយកលម្អងរបស់វាទៅផ្សំជាមួយផ្កាផ្សេង ។
.png)
គួរបញ្ជាក់ថា ផ្កាសាកសពមានកម្ពស់ជាង៣ម៉ែត្រ ហើយត្រូវបានគេរកឃើញលើកដំបូងនៅឆ្នាំ១៨៧៨ នៅបរិវេណព្រៃត្រូពិកកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូណេស៊ី ។ ផ្កានេះនឹងចំណាយពេលយ៉ាងហោចណាស់ ចាប់ពី៥ឆ្នាំ ទៅ១០ឆ្នាំ ដើម្បីលូតលាស់ និងរីកលើកដំបូង ហើយផ្ការីកអាស្រ័យលើបរិស្ថានជុំវិញ ។ រីឯផ្កាខ្លះទៀតរីករយៈពេល២ឆ្នាំ ឬ៣ឆ្នាំម្តង ៕










