កាលពីឆ្នាំ២០២៤ កន្លងទៅថ្មីនេះ អង្ករ ២ ប្រភេទរបស់កម្ពុជា គឺ អង្ករក្រអូបប្រណិតកម្ពុជា ម៉ាក “ម្លិះអង្គរ” ពូជស្រូវផ្ការំដួល បានឈ្នះពានរង្វាន់អង្ករល្អប្រណិតផ្តាច់គេលើពិភពលោក លើកទី៦, ខណៈអង្ករ«ពូជសែនក្រអូប០១» បានឈ្នះពានរង្វាន់មាស ២ ដង ស្ទួនៗគ្នា ក្នុងឆ្នាំ២០២៣ និង ២០២៤។
កាលពីថ្ងៃទី៧ វិច្ឆិកា២០២៤ អង្ករក្រអូបប្រណិតកម្ពុជា ម៉ាក “ម្លិះអង្គរ” ពូជស្រូវផ្ការំដួល បានឈ្នះពានរង្វាន់អង្ករល្អប្រណិតផ្តាច់គេលើពិភពលោក លើកទី៦ ក្នុងការប្រកួតអង្ករល្អផ្តាច់គេលើពិភពលោក នៅក្នុង “សន្និសីទស្រូវអង្ករពិភពលោកឆ្នាំ២០២៤” (World Best Rice) ទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន។
ទន្ទឹមនឹងនោះ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ អង្ករម៉ាកសមូហភាព SKO ពូជសែនក្រអូប ០១ បានឈ្នះពានរង្វាន់មាស នៅក្នុងកម្មវិធីវាយតម្លៃគុណភាព រសជាតិ ប្រភេទអង្ករសគ្រាប់វែង ចិន-អាស៊ាន លើកទី២ ដែលកម្មវិធីនេះរៀបចំឡើងដោយវិទ្យាស្ថានវិទ្យាសាស្ត្រស្រូវនៃបណ្ឌិតសភាវិទ្យាសាស្ត្រកសិកម្មខេត្ត Guangxi និងមណ្ឌលការគ្រប់គ្រងគ្រាប់ពូជនៃតំបន់ស្វយ័ត Guangxi Zhuang របស់ប្រទេសចិន។ សូមជម្រាបថា នេះជាលើកទី ២, ខណៈកាលពីឆ្នាំ ២០២៣ អង្ករ«ពូជសែនក្រអូប០១» ក៏ធ្លាប់បានឈ្នះពានរង្វាន់មាសកម្មវិធីដដែលនេះដូចគ្នាដែរ។
គួរបញ្ជាក់ថា ក្នុងរយៈពេល១០ខែ នៃឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញអង្ករចំនួន ៥០៧ ០២៩ តោន គិតជាទឹកប្រាក់បានចំនួន ៣៧៦.៦៣លានដុល្លារសហរដ្ឋអាម៉េរិក។ ក្នុងនោះ ប្រភេទអង្ករដែលកម្ពុជាបាននាំចេញមានដូចជា អង្ករប្រអូបគ្រប់ប្រភេទ ៧៣.២១% អង្ករសគ្រាប់វែង ២១.៧១% អង្ករចំហុយ ៣.០៤% អង្ករសរីរាង្គ ១.៧៤% និងអង្ករផ្សេងៗទៀត ០.៣០%៕










