សាទរកម្ពុជា ជាព្រឹត្តិការណ៍ដ៏ធំសម្បើមមួយរបស់ព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រារព្ធឡើងនាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ នៅបរិវេណមុខព្រះបរមរាជវាំង (រាជធានីភ្នំពេញ)។

ភាពលេចធ្លោនៃព្រឹត្តិការណ៍នេះ នឹងរួមបញ្ចូលផ្ទាំងទស្សនីភាពទាំងបុរាណនិងសម័យ ជាពិសេសនោះគឺក្បួនដង្ហែ«សាទរកម្ពុជា»ដ៏មហាឡារិក មានអ្នកចូលរួមប្រមាណ ៣០០០នាក់ នឹងប្រារព្ធឡើងនៅវេលាម៉ោង៦ ល្ងាច ដល់ម៉ោង ៨ យប់។
យ៉ាងណា សម្រាប់ការសម្តែងសិល្បៈទស្សនីយភាពចម្រុះ នឹងចាប់ផ្តើមពីម៉ោង ៨ យប់ ដល់ម៉ោង ១ ទៀបភ្លឺ។ ទន្ទឹមនឹងនោះ នឹងលេចវត្តមានសិល្បករ សិល្បការិនីល្បីៗ ប្រចាំព្រះរាជាណាចក្រកម្ពុជាជាច្រើនដួងផងដែរ ធានាថានឹងកក្រើកនារាត្រីឆ្លងឆ្នាំ។ 
អ្វីដែលជាការគោរពនិងកោតស្ញប់ស្ញែង នារាត្រីនោះក៏រួមមានព្រះវត្តមានដ៏ខ្ពង់ខ្ពស់របស់ព្រះនាងតូច នរោត្តមជេន ណា និងអ្នកអង្គម្ចាស់ នរោត្តម រស្មីខេមុនី សម្តែងនៅលើឆាកតន្ត្រីផងដែរ។ ចំពោះតារាល្បីៗដែលនឹងអញ្ជើញមកចូលរួមវិញគឺរួមមាន កំពូលតារាចម្រៀងរ៉េប វណ្ណដា, អ្នកនាង ឱក សុគន្ធកញ្ញា, អ្នកនាងពេជ្រ សោភា, និងលោកសាយជាដើម។
សូមជម្រាបថា ព្រឹត្តិការណ៍«សាទរកម្ពុជា» ដែលបានរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី ដោយមានកម្មវិធីពិសេសៗជាច្រើនដូចជា ការដង្ហែក្បួនដ៏អស្ចារ្យ ការសម្តែងសិល្បៈទស្សនីយភាពចម្រុះ ការពិពណ៌ដ៏ច្រើនអនេក និងការរាប់ថយក្រោយក្រោមពន្លឺកាំជ្រួចដ៏ស្រស់ស្អាត៕










