ជាមួយនឹងមោទនភាពសម្រាប់ប្រទេសកម្ពុជានិងប្រជាជនកម្ពុជាដែលក្រមាខ្មែរត្រូវបានចុះក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ តារាសម្តែង មាន សូនីតា ហៅរាជនីក្រមា ដែលបានលើកស្ទួយយកក្រមាខ្មែរមកច្នៃជាសំលៀកបំពាក់យ៉ាងប្រណីតស្រស់ស្អាតអស់រយៈពេលជាច្រើនឆ្នាំមកនេះបានប្តេជ្ញាថែរក្សាការពារ នឹងបន្តការអភិវឌ្ឍ រចនានិងច្នៃលម្អឥតឈប់ឈរដល់អ្នកជំនាន់ក្រោយទៀត។

នាយប់ថ្ងៃទី៤ ខែធ្នូ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញសេចក្តីប្រកាសថា «ក្រមា» ត្រូវបានចុះក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នាកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មាការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងអាសង់ស្យុង សាធារណរដ្ឋប៉ារ៉ាហ្គាយ។ ដំណឹងរីករាយនេះបានធ្វើឱ្យប្រជាជនកម្ពុជាសម្តែងនូវក្តីត្រេកអរយ៉ាងខ្លាំងខណៈក្រមាជាអត្តសញ្ញាណរបស់ប្រទេសកម្ពុជាដែលប្រើប្រាស់អស់រយៈពេលជាយូរលង់ណាស់មកហើយមិនថាជនបទស្រែចម្ការ ឬទីក្រុងទេ។
ជាមួយនឹងមោទនភាពនេះ តារាសម្តែង មាន សូនីតា ហៅរាជននីក្រមាដែលបានជួយលើកស្ទួយផលិតផលក្នុងស្រុកបានកែច្នៃចេញជាសំលៀកបំពាក់ របស់ប្រើប្រាស់មួយចំនួនចេញពីក្រមា នេះបានសម្តែងនូវសេចក្តីរំភើបចិត្តក្រៃលែងនឹងប្តេជ្ញាថែរក្សា ការពារ សម្បត្តិបេតិកភណ្ឌមួយនេះ។ មាន សូនីតា បានសរសេរនៅលើបណ្តាញសង្គមថា « នាងខ្ញុំ មាន សូនីតា ( រាជនីក្រមា )ពិតជាមានសេចក្ដីសោមនស្សឥតឧបមាចំពោះការដាក់ ក្រមាខ្មែរ បញ្ចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុង អាសង់ស្យុង (Asunción) សាធារណរដ្ឋប៉ារ៉ាហ្គាយ (Republic of Paraguay) ដែលនេះជាក្ដីសង្ឃឹម និងក្ដីស្រមៃរបស់ខ្ញុំ និងប្រជាជនកម្ពុជាទាំងអស់។
នាងខ្ញុំ និងកូនខ្មែរគ្រប់រូបសូមប្ដេជ្ញាថែរក្សា និងការពារ ក្រមាខ្មែរ ដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនេះឱ្យបានគង់វង្ស មិនតែប៉ុណ្ណោះនាងខ្ញុំនឹងបន្តអភិវឌ្ឍ រចនា និងច្នៃលម្អ ឥតឈប់ឈរសម្រាប់កូនខ្មែរជំនាន់ក្រោយ»។
កន្លងមក មាន សូនីតា បានកែច្នៃសំលៀកបំពាក់ចេញពីក្រមាជូនទៅកាន់បវរកញ្ញា តំណាងកម្ពុជាក្នុងការប្រកួតនៅលើឆាកអន្តរជាតិមានដូចជា ប្រាសាទ ដាវីន ជាដើម និង បេក្ខភាព Miss Mera Cambodia រួមទាំងសិល្បករ សិល្បការិនី ផ្សេងទៀត។
អ្វីដែលធ្វើឱ្យអ្នកគាំទ្រចងចាំមិនទាន់ភ្លេចនោះ កាលពីខែឧសភា កន្លងមកនេះ តារាសម្តែង មាន សូនីតា បានដើរលើកម្រាលព្រំក្រហមភាពយន្តកានលើកដំបូងបានធ្វើឱ្យមានការចាប់អារម្មណ៍ពីទស្សនិកជនជាតិនិងអន្តរជាតិនៃការបង្ហាញខ្លួនតែម្តងជាមួយឈុត ក្រមាខ្មែរអមព័ន្ធដោយអក្សរយ័ន្ត និងបានលេចមុខនៅលើសារព័ត៌មានរ៉យទ័រ និងគេហទំព័រអន្តរជាតិល្បីៗផ្សេងទៀត៕










