ប្រទេសចិន ៖ ការិយាល័យកណ្តាលគណបក្សកុម្មុយនិស្តចិនបានបង្ហាញពីវិធានការថ្មីដើម្បីកាត់បន្ថយកាកសំណល់អាហារដ៏ច្រើនលើសលប់ ព្រមទាំងកាត់បន្ថយការបាត់បង់គ្រាប់ធញ្ញជាតិរបស់ចិនឱ្យទាបជាងមធ្យមភាគសកល នៅត្រឹមចុងឆ្នាំ២០២៧ ។ ចិនបានកំណត់គោលដៅបង្កើនប្រសិទ្ធភាពគ្រាប់ធញ្ញជាតិនៅទូទាំងប្រទេស ចាប់តាំងពីការដាំដុះ, ប្រមូលផល, កែច្នៃ រហូតដល់ការបរិភោគ ។

វិធានការនេះផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យា និងគ្រឿងម៉ាស៊ីនក្នុងវិស័យកសិកម្មឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីកាត់បន្ថយការបាត់បង់គ្រាប់ធញ្ញជាតិក្នុងពេលប្រមូលផល ។ កសិករនឹងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល ព្រមទាំងចំណេះដឹងពាក់ព័ន្ធនឹងបច្ចេកទេសការប្រមូលផលប្រកបដោយប្រសិទ្ធភាព ។
រដ្ឋាភិបាលក៏បានវិនិយោគគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទំនើបផងដែរ ដូចជា ៖ ផ្លូវរថភ្លើង និងស្ថានីយរថយន្តក្រុង ដើម្បីកាត់បន្ថយការបាត់បង់គ្រាប់ធញ្ញជាតិពេលដឹកជញ្ជូន ក៏ដូចជាជំរុញការកែច្នៃគ្រាប់ធញ្ញជាតិឱ្យទទួលបានប្រយោជន៍ខ្ពស់បំផុត ។ វិធានការនេះមានគោលដៅឱ្យពលរដ្ឋយល់ដឹង និងបរិភោគអាហារមានប្រយោជន៍ដល់សុខភាព ដោយពលរដ្ឋត្រូវកុម្ម៉ង់អាហារក្នុងបរិមាណសមល្មម ដើម្បីកាត់បន្ថយកាកសំណល់អាហារនៅទូទាំងប្រទេស ។

ភោជនីយដ្ឋាននានាគួរជំរុញឱ្យអតិថិជនកាត់បន្ថយការកុម្ម៉ង់អាហារ ឬពុំកុម្ម៉ង់អាហារច្រើនដើម្បីចៀសវាងការបរិភោគពុំអស់ និងក្លាយជាកាកសំណល់ ដោយណែនាំអតិថិជនឱ្យបរិច្ចាគអាហារទៅអង្គការសប្បុរសធម៌ ។ រីឯសាលាគួរអនុវត្តគោលការណ៍មួយចំនួន ដូចជា ៖ ថ្លឹងទម្ងន់អាហារដែលសិស្សបរិភោគ ដើម្បីកាត់បន្ថយកាកសំណល់អាហារ ខណៈស្ថាប័នរដ្ឋាភិបាលគួររៀបចំអាហារក្នុងបរិមាណសមល្មមតាមចំនួនមនុស្ស ។

វិធានការកាត់បន្ថយកាកសំណល់អាហារបានកើតឡើងក្រោយពីប្រធានាធិបតីចិន លោក ស៊ី ជិនពីង ថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំកំពូលក្រុមប្រទេស G20 នៅប្រេស៊ីល ថា ចិននឹងចូលរួមប្រឆាំងជាមួយភាពអត់ឃ្លាន និងភាពក្រីក្រ ហើយចិននឹងបន្តធ្វើជាម្ចាស់ផ្ទះសន្និសីទអន្តរជាតិ ស្តីពី «ការបាត់បង់ចំណីអាហារ និងកាកសំណល់» ។.png)
តាមរបាយការណ៍ផ្សព្វផ្សាយដោយស្ថាប័នវិទ្យាសាស្ត្រជាតិកសិកម្មចិន កាលពីខែធ្នូ ឆ្នាំ២០២៣ បញ្ជាក់ថា បរិមាណកាកសំណល់អាហារសរុបនៅឆ្នាំ២០២២ របស់ចិន រួមមាន ៖ គ្រាប់ធញ្ញជាតិ, បន្លែ, ផ្លែឈើ, សាច់សត្វ និងស៊ុត ស្មើរហូតដល់៤៦០លានតោន ។ កាកសំណល់អាហារដ៏ច្រើនលើសលប់នេះធ្វើឱ្យខាតបង់សេដ្ឋកិច្ច ស្មើទឹកប្រាក់២៥៩,៥៣៤លានដុល្លារអាមេរិក ។

ចិនបានបាត់បង់គ្រាប់ធញ្ញជាតិ ស្មើជាង៣៥លានតោនក្នុង១ឆ្នាំ ក្នុងពេលប្រមូលផល, ដឹកជញ្ជូន និងកែច្នៃ ។ ទោះយ៉ាងណា ទិន្នន័យពីកាកសំណល់អាហារចិននៅតែពុំច្បាស់លាស់ ពីព្រោះក្រោយពិធីជប់លៀង, ពិធីរៀបការ, បុណ្យសព និងពិធីផ្សេងៗ បានបន្សល់នូវកាកសំណល់អាហារយ៉ាងច្រើន ។ ដោយឡែក គម្រោងបរិស្ថានរបស់អង្គការសហប្រជាជាតិបញ្ជាក់ថា កាលពីឆ្នាំ២០២២ កាកសំណល់អាហារសរុបនៅទូទាំងពិភពលោក ស្មើនឹង១,០៥០លានតោន ឬអាហារដែលពិភពលោកផលិតចំនួន៥ផ្នែក បានក្លាយជាកាកសំណល់១ផ្នែក ៕










