នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសថ្កោលទោស និងច្រានចោលចំពោះគណនីហ្វេសប៊ុកមួយឈ្មោះ Dara Khan ជាសកម្មជន ក្រុមប្រឆាំងនិរទេសខ្លួននៅប្រទេសអឺរ៉ុប បានផ្សព្វផ្សាយមូលបង្កាច់ដោយលើកឡើងថា៖”ចំណាត់ការបោសសម្អាតគ្រឿងញៀនរបស់ក្រសួងមហាផ្ទៃ ជាការប្រកាសសង្គ្រាមប្រឆាំងនឹងក្រុមគ្រួសារសម្តេចតេជោ និងសម្តេចធិបតី”។

ពាក់ព័ន្ធនឹងករណីនេះ ក្រសួងមហាផ្ទៃ បានចាត់ទុកជាការមួលបង្កាច់ លាបពណ៌ ក្នុងចេតនាទុច្ចរិត ញុះញង់អុចអាលឱ្យមានការភ័ន្តច្រឡំក្នុងចំណោមសាធារណជនជាតិ និងអន្តរជាតិមកលើក្រសួងមហាផ្ទៃ។
សម្រាប់ម្ចាស់គណនី Dara Khan ត្រូវបានសមត្ថកិច្ចជំនាញ ស្រាវជ្រាវកំណត់សាវតាជាតិជននេះបញ្ចូលក្នុងបញ្ជីគ្រប់គ្រងមុខសញ្ញារួចរាល់ហើយ ដោយខ្លឹមសារមួលបង្កាច់ញុះញង់អុចអាលរបស់ជន និរទេសខ្លួននៅប្រទេសអឺរ៉ុបនេះ មានធាតុផ្សំគ្រប់គ្រាន់ជាបទល្មើសដែលតុលាការអាចចាត់នីតិវិធីបាន។.png)
គួរបញ្ជាក់ផងដែរថា សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី តែងតែដាក់ចេញនូវវិធានការក្តៅគគុកប្រឆាំងគ្រឿងញៀន រហូតបង្កើតអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយតែងតែបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនបានយ៉ាងមានប្រសិទ្ធភាព មិនដូចការប្រឌិតមួលបង្កាច់ របស់គណនី Dara Khan នោះឡើយ៕










