ប្រាសាទបេងមាលា គឺជាប្រាសាទមួយដ៏ល្បីល្បាញសម្រាប់ទេសចរណ៍គ្រប់ជាតិសាសន៍ ដែលចូលមកទស្សនាតំបន់រមណីយដ្ឋានអង្គរ ដោយសារតែសម្រស់ដ៏ស្រស់ស្អាត និងរចនាបទដ៏អស្ចារ្យ ជាពិសេសនោះគឺថ្មប្រាសាទដែលរុំព័ទ្ធដោយស្លែទឹកពណ៌ខៀវ បានធ្វើឱ្យលេចបរិវេណប្រាសាទទាំងមូលប្រៀបបាននឹងឋានសួគ៌មួយទៀតពីភពផែនដី។ ប្រាសាទបេងមាលាមានទីតាំងស្ថិតនៅភូមិបេងមាលា ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប នាទិសអាគ្នេយ៍នៃភ្នំគូលេន មានចម្ងាយ ៧៧ គីឡូម៉ែត្រពីក្រុងសៀមរាប។ 
ប្រាសាទនេះមានលក្ខណៈស្រដៀងនឹងប្រាសាទអង្គរវត្ត ត្រូវបានស្ថាបនាឡើងដោយព្រះបាទសូរ្យវរ្ម័នទី ២ នៅចុងសតវត្សរ៍ទី ១១ និងដើមសតវត្សរ៍ទី ១២ សង់លើផៃ្ទដីរាបស្មើទំហំ ១៤ ហិកតា មានកំពែង ៣ ជាន់ ដើម្បីឧទ្ទិសថ្វាយដល់ព្រះអាទិទេពក្នុងព្រហ្មញ្ញសាសនា និកាយវិស្ណុនិយម។ ទោះជាយ៉ាងណា ប្រាសាទនេះបច្ចុប្បន្នហាក់មានភាពស្ងប់ស្ងាត់ និងមិនសូវមានភ្ញៀវទេសចរមកទស្សនាកម្សាន្តនោះទេ។ ដូច្នេះហើយប្រសិនបើលោកអ្នកមានឱកាសបានទៅលេងខេត្តសៀមរាប សូមកុំរំលងប្រាសាទបេងមាលាឱ្យសោះ ព្រោះប្រាសាទនេះគឺមានទេសភាពស្រស់ស្អាតខ្លាំងមែនទែន បើលោកអ្នកបានទៅម្តងហើយ គឺដឹងតែចង់ទៅម្តងទៀត។ 
ប្រាសាទដ៏អាថ៍កំបាំងលាក់ខ្លួននៅកណ្តាលព្រៃក្នុងប្រទេសកម្ពុជានេះ មិនបានបន្សល់ទុកនូវសិលាចារឹក ដែលបញ្ជាក់ពីកាលបរិច្ឆេទឆ្នាំសាងសង់នោះទេ ទើបវានៅតែជាចម្ងល់សម្រាប់អ្នកបុរាណវិទ្យា ថាតើរវាងប្រាសាទអង្គរវត្ត និងប្រាសាទបេងមាលាមួយណាសាងសង់មុន។ ភាពដូចគ្នានៃប្រាសាទនេះ គឺទាក់ទងនឹងរចនាប័ទ្ម ក្បាច់ចម្លាក់ ដែលស្រដៀងគ្នាច្រើន ចំណែកបច្ចេកទេសសំណង់មានដូចគ្នាខ្លះ និងខុសគ្នាខ្លះ ដោយឡែកភាពខុសគ្នា គឺប្រាសាទអង្គរវត្តជាប្រាសាទពីរ៉ាមីត ឬហៅប្រាសាទភ្នំ ចំណែកបេងមាលា សង់នៅលើដីរាបស្មើ។
កន្លងមកប្រាសាទនេះបានទទួលរងនូវការខូចខាតជាច្រើនកន្លែង ប៉ុន្តែបច្ចុបន្នក្រោមការយកចិត្តទុកដាក់ពីអាជ្ញាធរជាតិអប្សរា បានអភិរក្ស និងរៀបចំឡើងវិញនូវគំនរថ្មឱ្យមានសណ្តាប់ធ្នាប់ រៀបចំផ្លូវដើរ និងសង់ស្ពានឈើ សម្រាប់ទេសចរងាយស្រួលក្នុងការទស្សនាទស្សនីយភាព ផ្សេងៗនៃប្រាសាទទាំងមូល ។ ក្រៅពីនោះ អាជ្ញាធរជាតិក៏បាន យកចិត្តទុកដាក់រៀបចំទេសភាពនៃប្រាសាទឱ្យមានភាពស្រស់ស្អាតឡើងវិញផងដែរ ពិសេសបានដាំដើមឈើឡើងវិញដើម្បីជារបាំងការពារ ផ្តល់ជាម្លប់ត្រជាក់ដល់ភ្ញៀវ និងជាសោភ័ណភាពសម្រាប់ប្រាង្គប្រាសាទទៀតផង៕










