ថ្មីៗកន្លងនេះផលិតកម្មរស្មីហង្សមាសបានបង្កើតក្រុម TOP4 ដែលមានដូចជា លីម តិចម៉េង ថុល សុភិទិ ស៊ឹម ច័ន្ទពន្លឺ និង នាង ដាវីន បញ្ចេញបទចម្រៀងបែបចង្វាក់ Acoustic អមជាមួយទេសភាពដ៏ស្រស់ស្អាតត្រជាក់ភ្នែកពីតំបន់ទេសចរណ៍នានាក្នុងប្រទេសកម្ពុជា។ ទោះយ៉ាងណា ការកែសម្រួលពណ៌វីដេអូនៅក្នុងវីដេអូខ្លីដែលទើបទម្លាក់បានធ្វើឱ្យអ្នកគាំទ្រជាច្រើនមិនពេញចិត្តដោយសារកែសម្រួលខ្លាំងពេកធ្វើឱ្យតារាចម្រៀងមើលទៅឃើញចាស់ មុខស្លេកដូចជាអ្នកជំងឺ។
TOP4 ជាអតីតបេក្ខភាពការប្រកួតក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤ ដែលទទួលបានការគាំទ្រខ្លាំងពីស្រទាប់មហាជនក្មេងចាស់ប្រុសស្រី ខណៈផលិតកម្មបានផ្តល់រសជាតិថ្មីសម្រាប់អ្នកគាំទ្រនៅលើ Hang Meas Everlasting ជាមួយចង្វាក់ Acoustic ជាមួយនឹងបទចម្រៀងពីរោះល្បីៗ Cover ឡើងវិញជាមួយតារាចម្រៀង លីម តិចម៉េង ថុល សុភិទិ ស៊ឹម ច័ន្ទពន្លឺ និង នាង ដាវីន។ បទស្វាគមន៍ទស្សនិកជនដំបូងគេរបស់អ្នកទាំង៤មានចំណងជើងថា «រស់មិនបានបើគ្មានអូន» បានទម្លាក់កាលពីថ្ងៃទី២៤ ខែកក្កដា។ មិនត្រឹមតែពីរោះប៉ុណ្ណោះទេប៉ុន្តែមួយនេះបានផ្តល់នូវទេសភាពដ៏ស្រស់ស្អាតនៅតំបន់ទេសចរណ៍ខ្នងផ្សារ កាន់តែធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ ខណៈនេះក៏ជាផ្នែកមួយជួយលើកកម្ពស់វិស័យទេសចរណ៍ក្នុងស្រុក។
ទោះយ៉ាងណា បន្ទាប់ពីទម្លាក់បទ Acoustic បានចំនួនពីរបទ Hang Meas Everlasting បានទម្លាក់វីដេអូខ្លីនៃបទចម្រៀង «ស្រលាញ់បងឱ្យច្រើនៗ» កាលពីយប់ថ្ងៃទី៦ សីហា ជាមួយការកែសម្រួលពណ៌ក្នុងវីដេអូខុសពីបទចម្រៀងមុនៗ។ ការកែសម្រួលពណ៌នេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនរបស់តារាចម្រៀងទាំងបួនផ្ទុះការមិនពេញ។
អ្នកគាំទ្របានបញ្ចេញមតិថា «ពីរោះណាស់Top4 ទេសភាពក៏ស្អាត ប៉ុន្តែTOP4លេងfilterម៉្លេះ , Ftilter ពេកមុខម្នាក់ៗដូចទើបងើបពីឈឺ, ដាក់ធម្មជាតិៗទៅគ្នាឡើងស្អាតៗដាក់គ្នាមើលលែងយល់, filter ពេក ឡើងធ្មេញលឿង មាត់ខ្មៅអស់, ប្លង់ស្អាតហើយតែអេឌីតពេកមើលទៅស្លេកៗ»។ អ្នកផ្សេងទៀតបានលើកឡើងថា «មានអារម្មណ៍ថាពណ៌ background ទេសភាព ធ្វើឱ្យTop4 ក្លាយជាវ័យចំណាស់អស់ មិនគួរណាកែពណ៌ទេសភាពសោះ, ចម្រៀងពីរោះទេសភាពស្អាតប៉ុន្តែមើលទៅអ្នកចម្រៀងដូចអ្នកជំងឺចឹង, ទេសភាពOriginal ស្អាតសឹងអីមិនគួរកែសោះ, បទក្រោយៗកុំដាក់filter ចឹងទៀត បាក់សម្រស់អ្នកចម្រៀងអស់ហើយ..»៕










