បរទេស៖ ព្រឹត្តិការណ៍អូឡាំពិកដែលធ្វើឡើងនៅទីក្រុងប៉ារីសប្រទេសបារាំងហាក់មានការរិះ.គន់យ៉ាងខ្លាំង បន្ទាប់ពីអត្តពលិកតាមបណ្តាប្រទេសមួយចំនួនជួបប្រទះនូវផលលំបាកដូចជាកង្វះម៉ាស៊ីនត្រជាក់ ពុលអាហារ ខណៈអត្តពលិកខ្លះគេងនៅលើដី ឬកៅអីជាដើម។
នេះបើយោងតាមសារព័ត៌មានអូស្ត្រាលី SBS ដែលបានចុះផ្សាយកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ថាបច្ចុប្បន្នអត្តពលិកអូឡាំពិកជាច្រើនបានកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរយៈពេល ៤-៥ ថ្ងៃហើយ ដោយសារឆ្លងបាក់តេរី E.coli ដែលត្រូវបានរកឃើញជាទូទៅនៅក្នុងពោះវៀនខាងក្រោមនៃសារពាង្គកាយដែលមានឈាមក្តៅ។ 
មេរោគនេះមិនសូវមានគ្រោះថ្នាក់នោះទេ ប៉ុន្តែពេលខ្លះវាក៏អាចបង្កជាជំងឺធ្ងន់ធ្ងរបានផងដែរ។ ដូច្នេះបើយោងតាម SBS ការឆ្លងបាក់តេរី E.coli អាចបណ្តាលឱ្យអ្នកជំងឺឆ្លងមេរោគពោះវៀន, រលាកក្រពេញប្រូស្តាត, រលាកអាងត្រគាក, ការឆ្លងមេរោគថង់ទឹកប្រមាត់, កើតជំងឺរលាកសួត ឬ រលាកស្រោមខួរជាដើម។ ទោះជាយ៉ាងណាបើយោងតាមប្រភពព័ត៌មានដដែរ បានបញ្ជាក់ថា អត្តពលិកអូឡាំពិកជាច្រើនគឺបានឆ្លងមេរោគពោះវៀន ដែលជាជំងឺស្រាលប៉ុណ្ណោះ ហេតុនេះអ្នកជំងឺនឹងជាសះស្បើយឡើងវិញក្នុងរយៈពេល ១០ ថ្ងៃ។ 
យោងតាមអង្គការសុខភាពពិភពលោក មូលហេតុនៃការឆ្លងបាក់តេរី E.coli គឺដោយសារការប៉ះពាល់រួមមានអាហារកខ្វក់ ទឹក និងការប៉ះពាល់ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ អាហារដែលអាចបង្កមេរោគរួមមាន៖ សាច់, ទឹកដោះគោស្រស់, បន្លែ និងផ្លែឈើស្រស់ ដោយសារការលាងមិនបានស្អាតល្អ ធ្វើឱ្យបាក់តេរី E. coli មានឱកាសជ្រៀតចូលក្នុងអាហារទាំងនេះ។ រីឯប្រភពទឹកវិញដូចជាស្ទឹង ទន្លេ បឹង និងទឹកដែលប្រើសម្រាប់ប្រព័ន្ធធារាសាស្រ្តគឺមានការបំពុលខ្លាំង ដោយសារលាមកមនុស្ស និងសត្វអាចបំពុលប្រភពទឹក។ 
បច្ចុប្បន្ននេះមិនទាន់មានវ៉ាក់សាំង ឬថ្នាំសម្រាប់ការពារការឆ្លងមេរោគ E.coli នៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវកំពុងព្យាយាមរៀបចំវ៉ាក់សាំងដែលមានសក្តានុពល ដើម្បីកាត់បន្ថយការប៉ះពាល់នឹង E.coli ដោយអ្នកជំនាញណែនាំឱ្យជៀសវាងការផឹកទឹកទន្លេ បឹង និងអាងហែលទឹក លាងដៃឱ្យបានញឹកញាប់ ជៀសវាងអាហារដែលមានគ្រោះថ្នាក់ និងយកចិត្តទុកដាក់ចំពោះការចម្លងមេរោគ។ ហេតុនេះដើម្បីបងា្ករការចម្លងរោគ អ្នកត្រូវលាងសម្អាតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយ ដូចជាកាំបិត កាជ្រុញឱ្យបានស្អាត ដោយទុកអាហារឆៅ និងឆ្អិននៅកន្លែងដាច់ដោយឡែកពីគ្នាទើបមានសុវត្ថិភាព៕










