ប្រទេសកូរ៉េខាងត្បូង ៖ សារព័ត៌មានបរទេសរាយការណ៍ថា ក្នុងអំឡុងពេលរថយន្តអគ្គិសនីទំនើប១គ្រឿង ត្រូវបានម្ចាស់ចតនៅជាន់ក្រោមដីរបស់អាផាតមិន មួយកន្លែងនៅប្រទេសកូរ៉េខាងត្បូង ស្រាប់តែហុយផ្សែងទ្រលោម និងផ្ទុះឆេះដោយខ្លួនឯង ។ បន្ទាប់មក វាក៏ឆេះរាលដាលដល់រថយន្តជាង១៤០គ្រឿងទៀតដែលចតនៅក្បែរគ្នា ហើយធ្វើឱ្យមនុស្សក្នុងអាផាតមិន ជាច្រើននាក់រងរបួស និងបញ្ជូនទៅមន្ទីរពេទ្យ ។
កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ គេហទំព័រ Koreajoongangdaily រាយការណ៍ថា ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅប្រទេសកូរ៉េខាងត្បូង ក្រោយពីរថយន្តអគ្គិសនីទំនើប១គ្រឿង ផ្ទុះឆេះនៅចំណតរថយន្តក្រោមដីរបស់អាផាតមិន មួយកន្លែងនៅទីក្រុង Incheon កាលពីថ្ងៃទី១ ខែសីហា កន្លងមក ។ វាធ្វើឱ្យមានមនុស្សរងរបួសត្រូវបញ្ជូនទៅមន្ទីរពេទ្យ ចំនួន២៣នាក់ ប៉ុន្តែជនរងគ្រោះទាំងអស់ពុំមានគ្រោះថ្នាក់ដល់ជីវិតទេ ។
បើតាមរូបភាពក្នុងកាមេរ៉ាសុវត្ថិភាពបង្ហាញថា មានផ្សែងហុយចេញពីរថយន្តអគ្គិសនី១គ្រឿងពណ៌ស ដោយពុំដឹងមូលហេតុ ខណៈម្ចាស់របស់វាចតនៅចំណតក្រោមដី ។ បន្ទាប់មក ភ្លើងក៏ឆាបឆេះរថយន្តទាំងមូល និងរាលដាលទៅរថយន្តផ្សេងទៀតក្នុងរយៈពេលខ្លីបំផុត ។
អាផាតមិន នេះមានមនុស្សស្នាក់នៅចំនួន១.៥៨១គ្រួសារ ហើយវាធ្វើឱ្យអ្នកស្នាក់នៅទីនេះភ្ញាក់ផ្អើល និងទូរស័ព្ទប្តឹងសមត្ថកិច្ច ចំនួន១៩៧លើក ។ ក្រោយមក ភ្នាក់ងារពាក់ព័ន្ធក៏បានបញ្ជូនភ្នាក់ងារសង្គ្រោះមកកាន់អាផាតមិន ចំនួន១៧៧នាក់ ដើម្បីគ្រប់គ្រងស្ថានការណ៍ ។
សមត្ថកិច្ចបានជួយសង្គ្រោះមនុស្សចំនួន២៣នាក់បញ្ជូនទៅមន្ទីរពេទ្យ ដោយសារពួកគេស្រូបផ្សែង ។ អ្នករងរបួសម្នាក់ក្នុងចំណោមនេះ គឺជាភ្នាក់ងារពន្លត់ភ្លើងដែលមានអាការៈឈឺក្បាល ហើយ៧នាក់ទៀតជាកុមារអាយុក្រោម១០ឆ្នាំ ។ ក្រៅពីនេះ ភ្នាក់ងារសង្គ្រោះបានជម្លៀសមនុស្ស១០៣នាក់ចេញពីបរិវេណក្បែរនេះ និងជួយសង្គ្រោះមនុស្ស១០៦នាក់ទៀតនៅតាមជណ្តើរ និងយ៉ផ្នែកខាងមុខ ដែលរត់គេចពីផ្សែង ។
ក្រោយកើតហេតុ សមត្ថកិច្ចបញ្ជាក់ថា មានរថយន្តប្រមាណ១៤០គ្រឿងដែលចតក្បែររថយន្តអគ្គិសនីផ្ទុះបានខូចខាត ហើយរថយន្តចំនួន៤០គ្រឿងទៀតត្រូវភ្លើងឆេះខ្ទេច ។ អ្នករស់នៅក្នុងអាផាតមិន ចំនួន៤៨០គ្រួសាររងផលប៉ះពាល់ដោយសារដាច់ចរន្តអគ្គិសនី ហើយអាជ្ញាធរបានជម្លៀសមនុស្ស១២១នាក់ទៅស្នាក់នៅកន្លែងផ្សេង ។
សមត្ថកិច្ចបន្តថា រថយន្តបង្កហេតុជារថយន្តអគ្គិសនីប្រភេទ Mercedes-Benz ហើយសមត្ថកិច្ចនឹងស៊ើបអង្កេតរកមូលហេតុ ។ បើតាមរបាយការណ៍បញ្ជាក់ថា រថយន្ត Mercedes-Benz EQE ត្រូវបានដាក់លក់នៅកូរ៉េខាងត្បូងកាលពីឆ្នាំ២០២២ និងប្រើប្រាស់ថ្មប្រភេទ CATL គឺជាថ្មរបស់ក្រុមហ៊ុនផលិត និងអភិវឌ្ឍន៍ថ្មរថយន្តអគ្គិសនីលំដាប់ពិភពលោក មកពីប្រទេសចិន ។
ចំណែកក្រុមហ៊ុន Mercedes-Benz នៅកូរ៉េខាងត្បូងបញ្ជាក់ថា នឹងសហការយ៉ាងពេញទំហឹងជាមួយស្ថាប័នពាក់ព័ន្ធដើម្បីស្រាវជ្រាវរកមូលហេតុពិតប្រាកដ ប៉ុន្តែក្រុមហ៊ុនពុំបានបញ្ជាក់ចំណុចលម្អិតពីប្រភេទរថយន្តត្រូវភ្លើងឆេះ និងថ្មរបស់វាទេ ៕










