កញ្ញា ប៊ី សុធារី Miss Grand Cambodia 2024 នាពេលថ្មីៗនេះបានបញ្ជាក់ច្បាស់ៗជុំវិញការផ្លាស់ប្តូរផ្នត់គំនិតក្នុងកម្មវិធី Miss Grand ដែលធ្លាប់តែមិនពេញចិត្តបែរជាមកប្រកួតកម្មវិធីនេះវិញរហូតមានគេយករឿងចាស់មកវាយប្រហារ។ ប៊ី សុធារី ថា មនុស្សយើងត្រូវដើរទៅមុខហើយកម្មវិធីនេះបានផ្លាស់ប្តូរពីមួយឆ្នាំទៅមួយឆ្នាំឱ្យតម្លៃស្រ្តីកាន់តែខ្លាំងឡើង បង្ហាញថា ប្រទេសនីមួយៗសុទ្ធតែមានតម្លៃ។ ពេលវេលានឹងផ្លាស់ប្តូរផ្នត់គំនិតដោយឯកឯង។

ចូលរួមក្នុងបទសម្ភាសន៍កម្មវិធី 3Fun ដែលបានចាក់ផ្សាយកាលពីយប់ថ្ងៃសុក្រ ទី២ សីហា ប៊ី សុធារី Miss Grand Cambodia 2024 និងលំដាប់រងផ្សេងទៀតបានជជែកនូវរឿងរ៉ាវជាច្រើន។ ក្នុងនោះដែរ ប៊ី សុធារី បានបញ្ជាក់ពីការផ្លាស់ប្តូរផ្នត់គំនិតរបស់នាងក្នុងកម្មវិធី Miss Grand ក្រោយការដឹកនាំដោយលោក ណាវ៉ាត់ ដែលជាជនជាតិថៃ។
បវរកញ្ញារូបនេះបាននិយាយថា កាលពីមុននាងក៏ធ្លាប់គិតអវិជ្ជមានកម្មវិធី Miss Grand ដែរពីព្រោះកាលពីមុននាងគិតថាកម្មវិធីរាងឆាល់ៗ ញិល គ្មានអ្វីដែលជានាងសោះព្រោះនាងជាមនុស្សម្នាក់ដែលម៉ឺងម៉ាត់ ធ្នឹងៗ គិតថាមិនស័ក្តិសមឱ្យបវរកញ្ញាតំណាងទៅប្រកួតទេ។ ប៉ុន្តែពីមួយឆ្នាំទៅមួយឆ្នាំ នាងសង្កេតឃើញថា Miss Grand International ព្យាយាមផ្លាស់ប្តូរកម្មវិធីរបស់ខ្លួនមានន័យថាតម្លៃស្រ្តីកាន់តែឡើងទៅៗ។ ថ្វីដ្បិតថាតែកម្មវិធីក្នុងស្រុកគាត់ធ្វើបែបផ្សេង ប៉ុន្តែនៅ International គាត់ព្យាយាមបញ្ចេញមកប្រទេសនីមួយៗសុទ្ធតែមានតម្លៃ ចឹងនាងក៏មើលឃើញពីការផ្លាស់ប្តូររបស់កម្មវិធី នាងក៏ចាប់ផ្តើមផ្លាស់ប្តូរផ្នត់គំនិតដែលអាចនិយាយបានថាមនុស្សយើងត្រូវដើរទៅមុខមិនអាចដើរថយក្រោយនោះទេ។
Miss Grand Cambodia 2024 បានបន្តទៀតថា «មានអ្នកខ្លះក៏ធ្លាប់លើកយករឿងនាងនិយាយកាលពីមុនយកមកជាន់នាងវិញក្រោយពេលប្រកួតចប់ ប៉ុន្តែនាងចង់និយាយថាមនុស្សយើងម្នាក់ៗគឺដើរទៅមុខ ថ្ងៃរះថ្មីមិនដែលថ្ងៃត្រលប់ថយក្រោយ។ មនុស្សដែលដើរទៅមុខ ពេលដែលយើងរៀនពីមួយថ្ងៃទៅមួយថ្ងៃយើងនឹងទទួលបាននូវចំណេះដឹងថ្មីៗយើងនឹងមានការផ្លាស់ប្តូរខ្លួនឯង ផ្លាស់ប្តូរផ្នត់គំនិតដោយឯកឯងតែម្តង»។

សុធារី ថានាងឧស្សាហ៍ចេញទៅស្រុកក្រៅនាងតែងតែមើលប្រទេសជុំវិញហ្នឹងហេតុអ្វីបានជាគេជឿនលឿនវិស័យបវរកញ្ញាស្រុកគេជឿនលឿនខ្លាំងដោយសារតែនាងគិតថា Miss Grand ជាកម្មវិធីដែលគេចាប់អារម្មណ៍ខ្លាំង យើងគួរតែពង្រឹង Miss Grand Cambodia យើងឱ្យខ្លាំងយកទៅវាយលុកនៅលើឆាកអន្តរជាតិដូចគ្នា៕










