ទីបំផុតបំណងអ្នកគាំទ្រ សាមីខ្លួនផ្ទាល់បានក្លាយជាការពិតហើយនោះគឺ កញ្ញា អ៊ិន លក្ខិណា បានក្លាយជា Miss Cosmo Cambodia 2024 នឹងតំណាងប្រទេសកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិនាទឹកដីប្រទេសវៀតណាម។ ការក្លាយជា Miss Cosmo Cambodia 2024 លក្ខិណា ទទួលបានការអបអរសាទរយ៉ាងច្រើនពីអ្នកគាំទ្ររួមទាំងតារារ៉េប ជី ដេវីត ទេព បូព្រឹក្ស និងបវរកញ្ញាវៀតណាម Nguyen Huynh Kim Duyen ។ អ៊ិន លក្ខិណា ធ្លាប់តំណាងប្រទេសម្តងចូលប្រកួត Miss Supranational 2022 ។
កាលពីយប់ថ្ងៃទី២៧ ខែកក្កដា កម្មវិធី Miss Cosmo Cambodia ដែលគ្រប់គ្រងដោយលោកស្រី អ៊ឹម សុគន្ធា បានប្រកាសជាផ្លូវការ អ៊ិន លក្ខិណា លំដាប់រងទី២ Miss Grand Cambodia 2023 ត្រូវបានតែងតាំងជា Miss Cosmo Cambodia 2024។ ក្នុងការប្រកាសជាផ្លូវការ បានរៀបរាប់ថា
«កញ្ញា អ៊ិន លក្ខិណា មកពីទីក្រុងភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។ កញ្ញានឹងក្លាយជាអ្នកតំណាងឲ្យប្រទេសកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធី Miss Cosmo 2024។ កញ្ញាបានចាប់ផ្តើមអាជីពជាអ្នកហែលទឹកកាលដែលកញ្ញាមានអាយុ១៤ឆ្នាំ។ កញ្ញា អ៊ិន លក្ខិណា មានបទពិសោធន៍ ៤ ឆ្នាំចូលរួមកម្មវិធីប្រកួតបវរកញ្ញា និងទទួលបានសមិទ្ធិផលជាច្រើន»។.png)
មុនការប្រកាសជាផ្លូវការនេះ អ៊ិន លក្ខិណា ត្រូវបានអ្នកគាំទ្រជាច្រើនជំរុញចិត្តលោកស្រី អ៊ឹម សុគន្ធា ជ្រើសរើស លក្ខិណា ជា Miss Cosmo Cambodia 2024 ហើយសន្ទុះនៃការគាំទ្រគឺខ្លាំងក្លាតែម្តងចំណែកឯ អ៊ិន លក្ខិណា ផ្ទាល់ក៏សុំឱកាសជារឿយពីអ្នករៀបចំកម្មវិធីផ្តល់ឱកាសឱ្យនាងក្នុងកម្មវិធីនេះដែលជាកម្មវិធីនាងស្រលាញ់ និងចង់តំណាងប្រទេសប្រកួតនៅលើឆាកអន្តរជាតិក្នុងកម្មវិធីសម្រស់នេះ។ .png)
មិនមែនគ្មានហេតុផលនោះទេសម្រាប់អ្នកគាំទ្រក្នុងការជំរុញចិត្តអ្នកដឹកនាំកម្មវិធីជ្រើសរើស អ៊ិន លក្ខិណា ដោយពួកគេបានលើកហេតុផលថា ការជ្រើសរើសនាងគឺពិតជាត្រឹមត្រូវខណៈនាងក៏មានអ្នកគាំទ្រច្រើននៅប្រទេសវៀតណាម ពីមួយថ្ងៃទៅមួយថ្ងៃ លក្ខិណា កាន់តែអភិវឌ្ឍន៍ខ្លួនទៅមុខមិនឈប់។ អ្នកគាំទ្រក៏បានលើកឡើងពីបទពិសោធន៍ដែល លក្ខិណា ធ្លាប់ប្រកួត Miss Supranational 2022 ផងដែរ។
ក្រោយពីប្រកាសជាផ្លូវការ Miss Cosmo Cambodia 2024 ជា អ៊ិន លក្ខិណា បានធ្វើឱ្យមានការពេញចិត្តយ៉ាងច្រើនពីទស្សនិកជន ខណៈតារាចម្រៀងល្បីឈ្មោះ ជី ដេវីត ទេព បូព្រឹក្ស ក៏បានបង្ហោះចូលរួមអបអរនាងផងដែរ។ កាលពីមុនអ្នកទាំងពីរធ្លាប់បាននិយាយដែរថា បើលក្ខិណា ទៅប្រកួតពួកគេនឹងទៅលើកទឹកចិត្តលក្ខិណា ដោយផ្ទាល់។ ក្រៅពីតារាជួរមុខទាំងពីររូបបវរកញ្ញាវៀតណាម Nguyen Huynh Kim Duyen ក៏បានចូលរួមអបអរលក្ខិណាដូចគ្នា។ បវរកញ្ញាវៀតណាមរូបនេះជាលំដាប់រងទី២ Miss Supranational 2022។ ទោះបីជាការប្រកួតបានបញ្ចប់ប៉ុន្តែទំនាក់ទំនង អ៊ិន លក្ខិណា និងបវរកញ្ញាវៀតណាមរូបនេះនៅតែល្អបង្ហាញការគាំទ្រគ្នាទៅវិញទៅមក។
គួរបញ្ជាក់ថា Miss Cosmo 2024 នឹងត្រូវប្រព្រឹត្តទៅនៅដើមខែតុលា ឆ្នាំ២០២៤ លើទឹកដីប្រទេសវៀតណាមដែលមានការចូលរួមពីជាង ៧០ ដែនដី និងប្រជាជាតិជុំវិញពិភពលោក ដោយមានតំណាងមកពីប្រទេសនានាគ្រោងនឹងមកដល់វៀតណាមនៅពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៤៕










