សូមកុំបំផ្លាញព្រៃឈើ ប្រសិនបើអ្នកចង់រស់នៅប្រកបដោយសុខមាលភាព ពីព្រោះធនធានធម្មជាតិគឺជាឧទ្យានផលិតភាពបរិសុទ្ធជូនដល់យើងគ្រប់គ្នា ក៏ដូចជាកម្ចាត់ភាពកខ្វក់នៅក្នុងបរិស្ថាន ទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ។ ប្រទេសជឿនលឿនគេបានអនុវត្តយ៉ាងយកចិត្តទុកដាក់ក្នុងការអភិរក្សការពារធនធានធម្មជាតិនៅក្នុងទីក្រុង ឬនៅក្បែរទីក្រុង ដែលគេឱ្យឈ្មោះថា «ឧទ្យានក្នុងទីក្រុង»។ ដូច្នេះនៅក្នុងអត្ថបទនេះយើងនាំប្រិយមិត្តមកស្គាល់ឧទ្យានក្នុងទីក្រុងទាំង ៧ ដែលមានទំហំធំបំផុតលើពិភពលោក៖
១.ឧទ្យានជាតិឈូហ្កាច៖ ឧទ្យានជាតិឈូហ្កាច (Chugach State Park) គឺជាឧទ្យានជាតិទីក្រុងដែលធំជាងគេបំផុតនៅលើពិភពលោក មានទំហំលើសពី ២,០០០ គីឡូម៉ែត្រក្រឡា ស្ថិតនៅទីក្រុងអាន់ឆឺរ៉េក (Anchorage) រដ្ឋអាឡាស្កា សហរដ្ឋអាមេរិក។
២.ឧទ្យានជាតិភ្នំថេបល៖ ឧទ្យានជាតិភ្នំថេបល (Table Mountain National Park) ស្ថិតនៅទីក្រុងខេបថោន (Cape Town) នៃរដ្ឋធានីរបស់ប្រទេសអាហ្វ្រិកខាងត្បូង។ ឧទ្យានជាតិនេះមានទំហំ ២២១ គីឡូម៉ែត្រក្រឡា។
៣.ឧទ្យានជាតិភ្នំម៉ាហ្កាឡា៖ ឧទ្យានជាតិភ្នំម៉ាហ្កាឡា (Margalla Hills National Park) មានទំហំ ១៧៣.៩ គីឡូម៉ែត្រ ស្ថិតនៅទីក្រុងអ៊ីស្លាមម៉ាបាដ (Islamabad) នៃរដ្ឋធានីរបស់ប្រទេសប៉ាគីស្ថាន។
៤.ឧទ្យានជាតិភេត្រា-ប្រង់កា៖ ឧទ្យានជាតិភេត្រា-ប្រង់កា (Pedra Branca State Park) ស្ថិតក្នុងទីក្រុងរីយ៉ូដឺហ្សង់ណេរ៉ូ (Rio de Janeiro) ដែលជាក្រុងដ៏ធំបំផុតរបស់ប្រទេសប្រេស៊ីល។ ឧទ្យានជាតិទីក្រុងនេះមានទំហំ ១២៣.៩៤ គីឡូម៉ែត្រក្រឡា ដែលត្រូវបានគេស្គាល់ថា «ព្រៃទីក្រុង» ផងដែរ។
៥.តំបន់អភិរក្សម៉ាក់ដូវែល-សូណូរ៉ាន់៖ តំបន់អភិរក្សម៉ាក់ដូវែល-សូណូរ៉ាន (McDowell Sonoran Preserve) ស្ថិតនៅក្នុងទីក្រុងស្កត់ឌែល (Scottsdale) ក្នុងរដ្ឋអារីហ្សូណា សហរដ្ឋអាមេរិក ដោយឧទ្យានជាតិនេះមានទំហំ ១២៣ គីឡូម៉ែត្រក្រឡា ហ៊ុព័ទ្ធទៅដោយវាលខ្សាច់សូណារ៉ាន់ (Sonoran)។
៦.ឧទ្យានជាតិឡូស៊ីនី-អូស្ត្រូវ៖ ឧទ្យានជាតិឡូស៉ីនី-អូស្ត្រូវ (Losiny Ostrov National Park) ស្ថិតនៅក្នុងទីក្រុងមូស្គូ រដ្ឋធានីសហព័ន្ធរុស្ស៉ី។ ឧទ្យានជាតិនេះមានទំហំ១១៦គីឡូម៉ែត្រក្រឡា គ្របដណ្តប់ដោយព្រៃឈើលើសពី៨០% ខណៈដែលទំហំលើសពីពាក់កណ្តាលនៃឧទ្យាននេះមិនបើកជាសាធារណៈនោះទេ។
៧.ឧទ្យានជាតិគិរីហ្វ្រែងឃ្លីន៖ ឧទ្យានជាតិគិរីហ្វ្រែងឃ្លីន (Franklin Mountains State Park) មានទីតាំងនៅជួរភ្នំហ្វ្រែងឃ្លីន ដែលស្ថិតនៅក្នុងទីក្រុងអែលផាសូ (El Paso) រដ្ឋតិចសាស់ សហរដ្ឋអាមេរិក។ ឧទ្យានជាតិនេះមានទំហំ ៩៨.១២ គីឡូម៉ែត្រក្រឡា៕










