ប្រទេសយេម៉ែន ៖ គេជឿថា អណ្តូងបាហាវ (Well of Barhout) ស្ថិតនៅជ្រលងភ្នំបាហាវ ជាតំបន់រាំងស្ងួតភាគខាងកើតរបស់ប្រទេសយេម៉ែន គឺសម្រាប់ឃុំឃាំ.ង ព្រលឹងខ្មោ.ច អាក្រក់ ។ អណ្តូងយ៉ាងធំដ៏អាថ៌កំបាំងនេះត្រូវបានគេដាក់ឈ្មោះថា «អណ្តូង នរ.ក» មានទទឹងប្រវែង៣០ម៉ែត្រ ហើយគេពុំដឹងពីជម្រៅពិតប្រាកដរបស់អណ្តូងទេ ដោយសារគ្មានអ្នកណាម្នាក់អាចចុះទៅបាតអណ្តូងបាន ។
ប៉ុន្តែអ្នកជំនាញសន្និដ្ឋានថា អណ្តូងនេះអាចពីជម្រៅចាប់ពី១០០ម៉ែត្រ ទៅ២០០ម៉ែត្រ និងមានអាយុកាលរាប់លានឆ្នាំហើយ ។ អ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវនៅប្រទេសយេម៉ែនជាច្រើនរូបបានព្យាយាមចុះទៅពិនិត្យមើលក្នុងអណ្តូងនេះ ប៉ុន្តែបញ្ហា គឺពេលពួកគេកាន់តែចុះជ្រៅក្នុងអណ្តូង អុកស៊ីសែននឹងកាន់តែតិចទៅៗ ។ លើសពីនេះ ថែមទាំងមានក្លិនស្អុយគ្រប់ពេលវេលាទៀតផង ទើបពួកគេសម្រេចចិត្តឡើងមកផ្នែកខាងលើវិញ ។
សាឡា បាប់អ៊ែ ជានាយកចាត់ការទូទៅរបស់ភ្នាក់ងារស្រាវជ្រាវធរណីវិទ្យា និងធនធានធម្មជាតិរបស់យេម៉ែន និយាយថា អណ្តូងនេះជ្រៅខ្លាំងណាស់ ហើយយើងពុំធ្លាប់ចុះទៅដល់បាតអណ្តូងទេ ពីព្រោះខ្វះខាតអុកស៊ីសែន និងខ្វះខ្យល់ចេញ-ចូល ។ យើងអាចចុះទៅបាតអណ្តូងជ្រៅបំផុតត្រឹមតែពី៥០ម៉ែត្រ ទៅ៦០ម៉ែត្រប៉ុណ្ណោះ ហើយយើងនឹងឃើញអ្វីប្លែកៗ និងក្លិនស្អុយក្នុងនោះ ដែលពុំអាចបកស្រាយបាន វាអាថ៌កំបាំងខ្លាំងណាស់ ។
ចំណែកជំនឿរាប់សតវត្សរ៍របស់ពលរដ្ឋរស់នៅក្បែរតំបន់នេះបញ្ជាក់ថា អណ្តូងនេះត្រូវបានជីកសម្រាប់ឃុំឃាំងព្រលឹងខ្មោចអាក្រក់ ហើយក្លិនស្អុយក្នុងអណ្តូង គឺបណ្តាលមកពីអវៈយវៈពួកវា ។ ពលរដ្ឋខ្លះជឿថា អណ្តូងនេះត្រូវបានដាក់បណ្តាសាថា ថ្ងៃណាមួយ ព្រលឹងខ្មោចឃុំឃាំងនៅទីនេះនឹងចេញមកក្រៅ ហើយធ្វើឱ្យពិភពលោកឈានដល់ថ្ងៃអវសាន្ត ។ មតិខ្លះទៀតថា វាជារណ្តៅភ្នំភ្លើងយក្ស ដែលការផ្ទុះរបស់វាអាចធ្វើឱ្យពិភពលោក រលាយបាន ។
ហេតុនេះ មានជំនឿខុសៗគ្នាពាក់ព័ន្ធនឹងអណ្តូងអាថ៌កំបាំងនេះ ហើយពលរដ្ឋរស់នៅក្បែរៗពុំចង់និយាយអំពីអណ្តូងនេះ ឬពុំហ៊ានដើរទៅក្បែរទេ ដោយសារខ្លាចមានហេតុការណ៍អាក្រក់កើតឡើង ។ ប៉ុន្តែមនុស្សម្នាក់ធ្លាប់មានបទពិសោធន៍មកទីនេះ គឺ អាំម៉ា អូស្មាន់ ជាពលរដ្ឋយេម៉ែន ធ្លាប់មកហ្វឹកហាត់ទាហាននៅក្បែរអណ្តូងនេះ និយាយថា ក្លិនស្អុយចេញពីអណ្តូង គឺស្អុយខ្លាំងហួសពីការប៉ាន់ស្មាន ។
ពេលនោះ គេបានជីកអណ្តូងសម្រាប់ឱ្យទាហានមានទឹកប្រើប្រាស់ ប៉ុន្តែវាបែរជាមានទឹកខ្មៅហូរចេញពីអណ្តូងស្រដៀងនឹងប្រេង ។ ក្លិនរបស់វាស្អុយខ្លាំងលើសពីស៊ុតស្អុយទៅទៀត រហូតដល់មនុស្សគ្រប់គ្នាចង់ក្អួត ហើយក្លិននេះជាប់រាងកាយ និងសម្លៀកបំពាក់ រហូតដល់ពួកគេសម្រាកពុំលក់ ។ នេះបើតាមការរៀបរាប់របស់ អាំម៉ា អូស្មាន់ ។
ក្រោយមក នៅខែកញ្ញា ឆ្នាំ២០១១ ក្រុមស្រាវជ្រាវបានចុះទៅបាតអណ្តូងនេះដោយជោគជ័យជាលើកដំបូង ដែលដឹកនាំការស្រាវជ្រាវដោយ ម៉ូហាម៉ាត់ អាល់ឃីនឌី ជាសាស្ត្រាចារ្យផ្នែកធរណីវិទ្យានៃសាកលវិទ្យាល័យបច្ចេកវិទ្យាអាល្លឺម៉ង់នៅប្រទេសអូម៉ង់ ។ សាស្ត្រាចារ្យរូបនេះនិយាយថា គ្មានក្លិនអ្វីចេញពីអណ្តូងទេ គឺមានតែសត្វស្លាបងាប់ក្នុងនោះប៉ុណ្ណោះ ទើបបណ្តាលឱ្យមានក្លិនស្អុយ ហើយអណ្តូងនេះមានជម្រៅប្រមាណ១១០ម៉ែត្រ ។
ក្រុមអ្នកស្រាវជ្រាវបានចំណាយពេលចំនួន៦ម៉ោងដើម្បីចុះទៅកាន់បាតអណ្តូង ហើយពួកគេបានឃើញអ្វីៗស្រស់ស្អាតយ៉ាងច្រើនក្នុងនោះ ដែលផ្ទុយពីការលើកឡើងថា វាជាកន្លែងសម្រាប់ឃុំឃាំងព្រលឹងខ្មោចអាក្រក់ ។ លើសពីនេះ ក្រុមអ្នកស្រាវជ្រាវថែមទាំងបានឃើញទឹកជ្រោះធ្លាក់ពីលើថ្ម និងមានដុំថ្មតូច-ធំមានពណ៌ចម្រុះគ្នា ។
ក្រុមអ្នកស្រាវជ្រាវបញ្ជាក់ថា ពុំឃើញស្លាកស្នាមការចុះស្រាវជ្រាវរបស់អ្នកស្រាវជ្រាវផ្សេងទេ មានន័យថា ពួកគេបានចុះមកស្រាវជ្រាវនៅបាតអណ្តូង និងឃើញភាពស្រស់ស្អាតនៅទីនេះមុនគេ ហើយសូម្បីតែអាជ្ញាធរយេម៉ែន ក៏ពុំដឹងថា នៅបាតអណ្តូងមានភាពស្រស់ស្អាត និងមានទឹកជ្រោះឡើយ ៕










