បន្ទាប់ពីមានការបង្ហោះចែកចាយព័ត៌មានមិនច្បាស់ការណ៍នៅលើបណ្តាញសង្គមដែលថា ទីងមោង នឹងត្រូវបានបិទឈប់ឲ្យប្រើប្រាស់នៅទូទាំងខេត្តកណ្តាល ដែលបានបណ្តាលឲ្យមហាជនជាច្រើនហាក់មានការខឹងសម្បារជាខ្លាំង។ ប៉ុន្តែបើក្រឡេកមកមើលមួយជ្រុងទៀត ទីងមោងដែលត្រូវជាទំនៀមទម្លាប់ខ្មែរ បែរជាត្រូវបានក្រុមក្មេង.ទំនើងយកមកលេងសើចទាំងបំពានវប្បធម៌ប្រពៃណី និងបណ្តាលឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ។ 
កាលពីព្រឹកថ្ងៃទី ១២ ខែកក្កដានេះ យោងតាមការបង្ហោះនៅលើគេហទំព័រផ្លូវការរបស់ឯកឧត្តមគួច ចំរើន អភិបាលខេត្តកណ្តាល បានគូសបញ្ជាក់យ៉ាងច្បាស់ៗថា«ខ្ញុំបានឃើញការផ្សព្វផ្សាយអំពីទីងមោងថាត្រូវបានបិទ។ ខ្ញុំសូមបញ្ជាក់ថាពុំមានការបិទទេ ហើយស្នើសុំអោយរៀបចំ ដោយមានសណ្តាប់ធ្នាប់ល្អ រក្សាបានគុណតម្លៃសិល្បៈវប្បធម៌ខ្មែរយើង ។ ខ្ញុំនឹងជួប ជាមួយបងប្អូនផ្ទាល់នៅពេលខាងមុខ»។ 
យ៉ាងណាមិញ ដោយសង្កេតឃើញថា យុវវ័យខ្មែរមួយចំនួន ជាពិសេសទៅលើក្រុមក្មេងទំនើង បានយកគុណតម្លៃទីងមោងខ្មែរមិនលេងសើច និងប្រាស់ចាកពីទំនៀមទម្លាប់ទីងមោងពីបុរាណមក ដែលគេតែងនិយមប្រើដើម្បីដង្ហែរទានវស្សារឬបុណ្យកឋិនទាន អមជាមួយនឹងភ្លេងឆៃយុំាយ៉ាងពិរោះរណ្តំ។ បើយោងតាមវីដេអូដែលបានដាក់បង្ហោះនៅលើបណ្តាញសង្គមថ្មីៗនេះ នៅឯខេត្តកណ្តាល គឺបានបង្ហាញឲ្យឃើញពីសកម្មភាពរបស់ក្រុមយុវវ័យខ្មែរទាំងប្រុសនិងស្រី រួមទាំងកុមារតូចៗប្រមូលផ្តុំយ៉ាងច្រើនកុះករ ចូលរួមដង្ហែរក្បួនទីងមោង ប៉ុន្តែបែរជាចាក់បទ Remix រាំសសេចសសាចពេញតែផ្លូវតែម្តង។ 
ទោះជាយ៉ាងណា បើយោងតាមការបញ្ជាក់ពីឯកឧត្តមអភិបាលខេត្តខាងលើនេះ គឺចង់សំដៅលើថាទីងមោង ក្នុងរយៈពេលខ្លីនេះអាចនឹងផ្អាកមួយរយៈ ប៉ុន្តែមិនមែនជាការបិទជាអចិន្រ្តយ៍នូវមរតកទីងមោងរបស់ខ្មែរយើងនោះទេ ព្រោះអាជ្ញាធរត្រូវតែរៀបចំសណ្តាប់ធ្នាប់ឲ្យបានល្អជាមុនសិន ដើម្បីឆ្ពោះទៅរកការអភិរក្សសិល្បៈរប្បធម៌របស់ដូនតាខ្មែរឲ្យបានស្ថិតស្ថេរ គង់វង្ស និងយូរអង្វែង៕










