ប្រទេសថៃ ៖ សារព័ត៌មានថៃរាយការណ៍ថា ភ្លៀងបានធ្លាក់យ៉ាងខ្លាំងជាប់ៗគ្នា កាលពីល្ងាចថ្ងៃទី១៩ ខែមីនា រហូតដល់ព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នៅខេត្តឈុនបុរី និងទីក្រុងបាងកក ប្រទេសថៃ ហើយបណ្តាលឱ្យទឹកលិចផ្លូវជាច្រើនកន្លែង ខណៈប្រទេសថៃមានអាកាសធាតុក្តៅខ្លាំង ។ ហេតុនេះ បានធ្វើឱ្យការធ្វើដំណើរនៅតាមដងផ្លូវនានាកកស្ទះខ្លាំង និងមានគ្រោះថ្នាក់កើតឡើងទៀតផង ។
សារព័ត៌មានថៃរាយការណ៍ថា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ឥទ្ធិពលខ្យល់ព្យុះរដូវក្តៅបានបណ្តាលឱ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅស្រុកស្រ៊ីរ៉ាឆា ខេត្តឈុនបុរី ។ ក្រោយពីភ្លៀងធ្លាក់រួចមក ស្រុកស្រ៊ីរ៉ាឆា ក៏កើតជំនន់ទឹកភ្លៀងភ្លាមៗ ដែលបង្កការខូចខាតអស់ទ្រព្យសម្បត្តិជាច្រើន ។ រីឯរថយន្ត និងម៉ូតូជាច្រើនគ្រឿងបានខូចខាតដោយសារការលិចទឹក ។
ដោយឡែក កាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ អ្នកបើកបរយានជំនិះផ្សេងៗនៅតាមដងផ្លូវក្នុងទីក្រុងបាងកក បានចំណាយពេលវេលាបើកបរយូរជាងពេលធម្មតា ក្រោយពីមានភ្លៀងធ្លាក់នៅតំបន់ជាច្រើនក្នុងទីក្រុង និងបរិវេណជុំវិញទីក្រុង ។ ទំព័រហ្វេសប៊ុកឈ្មោះ FM91 Trafficpro បានរាយការណ៍អំពីស្ថានភាពចរាចរណ៍ជាច្រើនកន្លែងក្នុងទីក្រុងថា គេបានប្រទះឃើញទឹកលិចផ្លូវខ្លាំង និងមានគ្រោះថ្នាក់ផ្សេងៗផងដែរ ។
ខាងក្រោមនេះ គឺជាការដកស្រង់នូវតំបន់មួយចំនួនក្នុងទីក្រុងបាងកក ដែលរងផលប៉ះពាល់ក្រោយពីភ្លៀងធ្លាក់ខ្លាំង កាលពីថ្ងៃទី២០ ខែមីនា ៖
-ម៉ោង៨និង៩នាទី ៖ ទឹកលិចនៅផ្លូវរ៉ាមខាំផែង បានបណ្តាលឱ្យស្ទះចរាចរណ៍យ៉ាងខ្លាំង ជាពិសេស នៅមុខមន្ទីរពេទ្យរ៉ាមខាំផែង
-ម៉ោង៨និង២១នាទី ៖ ទឹកលិចនៅផ្លូវស៊ុនថនកូសា បានបណ្តាលឱ្យស្ទះចរាចរណ៍យ៉ាងខ្លាំង ជាពិសេស នៅមុខនាយកដ្ឋានគយ
-ម៉ោង៨និង២៦នាទី ៖ នៅផ្លូវសុខុមវីត ៣ មានមែកឈើជាច្រើនបាក់ធ្លាក់នៅលើផ្លូវ ដែលបណ្តាលឱ្យការធ្វើចរាចរត្រូវផ្អាកមួយរយៈ
-ម៉ោង៨និង៣២នាទី ៖ នៅផ្លូវរ៉ាជ្ជព្រឹក្ស មានលិចទឹកខ្លាំងក្រោយពីភ្លៀងធ្លាក់ ដែលធ្វើឱ្យរថយន្តតូចៗពុំអាចបើកបរឆ្លងកាត់ផ្លូវនេះបានទេ ទើបបណ្តាលឱ្យ
ស្ទះចរាចរណ៍ខ្លាំង
-ម៉ោង៨និង៣២នាទី ៖ ទឹកលិចខ្លាំងនៅផ្លូវខាងក្រោយសាកលវិទ្យាល័យរ៉ាមខាំផែង
-ម៉ោង៨និង៥៩នាទី ៖ នៅផ្លូវរ៉ាជ្ជព្រឹក្ស មានគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកគ្នា ចំនួន៥គ្រឿង និងបណ្តាលឱ្យស្ទះចរាចរណ៍ខ្លាំង
-ម៉ោង៩និង៧នាទី ៖ នៅផ្លូវរ៉ាជ្ជព្រឹក្ស នៅចំណុចស្ពានឆ្លងផ្លូវពេជ្រក្សេម មានទឹកលិចខ្លាំងបណ្តាលឱ្យស្ទះចរាចរណ៍
-ម៉ោង៩និង២១នាទី ៖ ស្ទះចរាចរណ៍ខ្លាំង ហើយយានជំនិះផ្សេងៗមិនអាចបើកបរទៅមុខរួចទេ នៅចំណុចផ្លូវក្រោមដីឈ្មោះ ណាខនអ៊ីន ទៅកាន់ស្ពានឆ្លងប្រឡាយមហាសាវ៉ាត់ ។ ការស្ទះចរាចរណ៍នេះ រហូតដល់ចំណុចឡើងស្ពានឆ្លងផ្លូវវរថភ្លើងតាលីងឆាន់ និងគល់ស្ពានឆ្លងផ្លូវរតនាធិបេត ។
គួរបញ្ជាក់ថា ក្រោយពីការិយាល័យឧតុនិយមប្រទេសថៃបានប្រកាសនាពេលកន្លងមកថា នឹងមានខ្យល់ព្យុះរដូវក្តៅបោកបក់មកកាន់ប្រទេសថៃ ចំនួន២ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ខែមីនា រហូតដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ឃើញថា ភ្លៀងបានធ្លាក់ខ្លាំងនៅខេត្តឈុនបុរី និងទីក្រុងបាងកក ដូចគ្នានឹងការព្យាកររបស់ការិយាល័យឧតុនិយម ៕










