ប្រទេសវៀតណាម ៖ បើតាមរបាយការណ៍របស់ HSBC Vietnam បញ្ជាក់ថា មានកត្តាជាច្រើនដែលធ្វើឱ្យវិនិយោគិនបរទេសស្ទាក់ស្ទើរក្នុងការសម្រេចចិត្តមកវិនិយោគនៅប្រទេសវៀតណាម ដូចជា ៖ ផលិតភាពការងារទាប, ប្រសិទ្ធភាពនៃការដឹកជញ្ជូនមិនល្អ និងគោលនយោបាយមិនប្រាកដប្រជា ។ ហេតុនេះ ធ្វើឱ្យវៀតណាមដើរតាមក្រោយប្រទេសផ្សេងៗនៅតំបន់អាស៊ីអាគ្នេយ៍ ផ្នែកផលិតភាពការងារ ។
លោក Tim Evans នាយកប្រតិបត្តិរបស់ HSBC Vietnam លើកឡើងថា ប្រទេសវៀតណាមបានដើរតាមក្រោយប្រទេសផ្សេងៗនៅតំបន់អាស៊ីអាគ្នេយ៍ ផ្នែកផលិតភាពការងារ ។ ជាក់ស្តែង លទ្ធផលផលិតក្នុង១ម៉ោងធ្វើការ គឺទាបជាង៩ឯកតា បើធៀបនឹង១០ឯកតា ទៅ២៦ឯកតា របស់ប្រទេសផ្សេងៗក្នុងតំបន់ ។ ហេតុនេះ វាជាកត្តាមួយក្នុងចំណោមកត្តាសំខាន់ៗដែលវិនិយោគិនបរទេសមើលឃើញថា ការទទួលបានកម្លាំងពលកម្មមានគុណភាពខ្ពស់នៅវៀតណាមជារឿងពិបាក ។
កត្តាមួយទៀត គឺប្រសិទ្ធភាពនៃការដឹកជញ្ជូនរបស់វៀតណាមដើរតាមពីក្រោយប្រទេសចិន, ម៉ាឡេស៊ី និងថៃ ដោយសារវៀតណាមមានបញ្ហាទាក់ទងនឹងសមត្ថភាពដឹកជញ្ជូន, ពេលវេលាដឹកជញ្ជូន និងការត្រួតពិនិត្យការងារដឹកជញ្ជូន ។ បច្ចុប្បន្ន ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់វៀតណាមពុំទាន់ស្របតាមស្តង់ដារសកលទេ ដោយការដឹកជញ្ជូននៅតាមផ្លូវមានសមាមាត្រស្មើត្រឹមតែ៣ភាគ៤ នៃការដឹកជញ្ជូនសរុប បើទោះជាមានតម្រូវការដឹកជញ្ជូនតាមសមុទ្រ និងកំពង់ផែកម្រិតខ្ពស់ក្តី ។
ក្រៅពីនេះ ការអនុវត្តតាមច្បាប់ និងគោលនយោបាយផ្សេងៗរបស់វៀតណាមនៅតែជាបញ្ហាប្រឈម ។ បើតាមការស្ទង់មតិចុងក្រោយរបស់ HSBC Global Connections បង្ហាញថា ការអភិវឌ្ឍបទប្បញ្ញត្តិជាឧបសគ្គ១ ក្នុងចំណោមឧបសគ្គចំនួន២ ដំបូងគេសម្រាប់ក្រុមហ៊ុនបរទេសដែលចូលមកប្រកបអាជីវកម្មនៅវៀតណាម ។ ការស្ទង់មតិបង្ហាញថា ក្រុមហ៊ុនបរទេស៣០% បានលើកឡើងពីឧបសគ្គក្នុងការសម្របខ្លួនឱ្យស្របតាមបទប្បញ្ញតិ្ត និងគោលនយោបាយផ្សេងៗដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ។
លោក Tim Evans នាយកប្រតិបត្តិរបស់ HSBC Vietnam បន្តថា ក្របខ័ណ្ឌបទប្បញ្ញត្តិមានស្ថិរភាព និងងាយស្រួលយល់ នឹងក្លាយជាជំហានវិជ្ជមានដើម្បីទាក់ទាញវិនិយោគិនថ្មីៗឱ្យចូលមកវិនិយោគនៅវៀតណាម ខណៈខ្សែសង្វាក់ផ្គត់ផ្គង់បង្ហាញយ៉ាងច្បាស់ថា កំពុងផ្លាស់ប្តូរពីចិនទៅកាន់ប្រទេសផ្សេងៗនៅតំបន់អាស៊ី ។ ហេតុនេះ វៀតណាម និងឥណ្ឌា គឺជាប្រទេសគោលដៅដែលគួរឱ្យចាប់អារម្មណ៍សម្រាប់វិនិយោគិន ។
ក្រៅពីនេះ ការស្ទង់មតិរបស់ EuroCham ក៏បានបញ្ជាក់ដែរថា បណ្តាក្រុមហ៊ុនអឺរ៉ុបដែលប្រកបអាជីវកម្មនៅប្រទេសចិន នៅតែបន្តពិនិត្យឡើងវិញនូវយុទ្ធសាស្ត្រខ្សែសង្វាក់ផ្គត់ផ្គង់ជាបន្តបន្ទាប់ ។ រីឯនៅតំបន់អាស៊ាន ត្រូវបានគេជ្រើសរើសឱ្យក្លាយជាតំបន់គោលដៅដំបូងគេសម្រាប់ការផ្លាស់ប្តូរទីតាំងវិនិយោគទាំងនេះ ហើយវៀតណាម គឺជាគោលដៅវិនិយោគចម្បងក្នុងតំបន់ ៕










