ភីលីពីន៖ កាលពីពេលថ្មីៗនេះ ដង្កៀបកៀបសក់រូបកូនទាពណ៌លឿនបានបង្កឱ្យមានព្យុះភ្លៀងយ៉ាងខ្លាំងពេញបណ្តាញសង្គម ដោយសារប្រជាជនភីលីពីនជាច្រើននាក់មិនថាប្រុស ឬស្ត្រីនោះទេ ពោលគឺគ្រប់វ័យ គ្រប់ភេទតែម្តង គឺសុទ្ធតែពាក់ដង្កៀបនេះទាំងអស់ ទាំងនៅក្នុងការិយាល័យ ភោជនីយដ្ឋាន ផ្សាទំនើប សាលារៀន និងទីសារធារណៈនានា បានធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណិតនៅតាមបណ្ដាប្រទេសផ្សេងៗមានការងឿយឆ្ងល់យ៉ាងខ្លាំង។
យោងតាម The Straits Times ដែលបានចុះផ្សាយកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ថា ដង្កៀបកៀបសក់រូបកូនទាពណ៌លឿននេះមានប្រភពចេញពីពិធីបុណ្យមួយក្នុងអំឡុងមហាសន្និបាត Cosplay នៅពាក់កណ្តាលឆ្នាំ២០២៣ នៅក្នុងទីក្រុង Baguio ចម្ងាយប្រហែល ២០០គីឡូម៉ែត្រ ភាគខាងជើងនៃរដ្ឋធានីម៉ានីល និងជាគោលដៅវិស្សមកាលដ៏ពេញនិយមសម្រាប់អាកាសធាតុត្រជាក់។ គេមានជំនឿថា ការពាក់ដង្កៀបកៀបសក់រូបកូនទាពណ៌លឿនដ៏គួរឱ្យស្រឡាញ់នេះ នឹងជួយឱ្យមនុស្សមានភាពសប្បាយ រីករាយ កាត់បន្ថយស្ត្រេស និងជៀសឆ្ងាយពីបញ្ហាអាក្រក់ៗផ្សេងៗ។/bnn/media/media_files/22fdcc50a4f48c0ca1ea9a6767203a7c2e833fa0e3092ada6501d0f7a28b64ed.jpg)
ជាមួយនឹងប្រយោគដែលមានចំណងជើងថា Do you have duck yet? (តើគ្រប់គ្នាមានកូនទាហើយឬនៅ?) កំពុងរីករាលដាលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយគេឃើញថាមានកុមារ និងមនុស្សគ្រប់វ័យពាក់វានៅលើក្បាលដើរគ្រប់ទីកន្លែងនៅក្នុងប្រទេសភីលីពីន។ អ្នកប្រើប្រាស់អ៊ីនធឺណិតជនជាតិភីលីពីនឈ្មោះ Jaja de Guzman បានចែករំលែកថា ការពាក់ដង្កៀបប្លាស្ទីកនេះនៅលើក្បាលគឺពិតជាធ្វើឱ្យខ្ញុំរីករាយណាស់។ រីឯម្នាក់ទៀតក៏បាននិយាយដែរថា វាគួរឱ្យស្រឡាញ់ណាស់។
ទោះជាយ៉ាងណាក៏ដោយ លោកបណ្ឌិត Jimmuel Naval នៅសាកលវិទ្យាល័យហ្វីលីពីនបាននិយាយថា មិនមានអត្ថន័យស៊ីជម្រៅនៅពីក្រោយនិន្នាការនេះទេ។ វេជ្ជបណ្ឌិតបាននិយាយថា “មនុស្សមានទំនោរដើរតាមនិន្នាការដោយសារតែពួកគេចូលចិត្តអ្វីដែលថ្មី ដើម្បីកាត់បន្ថយជីវិតដ៏ស្មុគស្មាញរបស់ពួកគេតែប៉ុណ្ណោះ”។
គួរបញ្ជាក់ដែរថា នេះមិនមែនជាលើកទីមួយទេ ដែលគ្រឿងលម្អតម្លៃថោកគួរឱ្យស្រលាញ់នេះបានបង្កឱ្យមានការកក្រើកក្នុងសហគមន៍។ កាលពីមុនក្នុងឆ្នាំ ២០១៥ នៅក្នុងប្រទេសចិន ដង្កៀបកៀបសក់រូបជីកចក់ក៏បានក្លាយជារបស់ដ៏ពេញនិយមផងដែរ៕










