គូស្នេហ៍ Influencer ដ៏ល្បីល្បាញប្រចាំប្រទេស ហេង វិសាល និង ជា ស្រីនា បានធ្វើឱ្យបណ្តាញសង្គមផ្ទុះកក្រើកជាថ្មីបន្ទាប់ពី ហេង វិសាល ស្នើសុំ ស្រីនា ធ្វើជាភរិយាយ៉ាងរ៉ូមេទិកនៅឯមាត់សមុទ្រ។ ទោះយ៉ាងណា ស្នើសុំរៀបការពោរពេញដោយភាពសប្បាយរីករាយមានការចូលរួមអបអរសាទរពីហ្វេនព្រោងព្រាតនេះបែរជាមានមតិអវិជ្ជមានផ្លែផ្កាដាក់អ្នកទាំងពីរទៅវិញ។ ហេង វិសាល តបទៅវិញដែរថាលោកចង់បំពេញក្តីស្រមៃមនុស្សស្រីដែលលោកស្រឡាញ់ប៉ុណ្ណោះ ហើយចាស់ទុំទាំងសងខាងបានរើសថ្ងៃរៀបការរួចហើយ។
កាលពីល្ងាចថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០២៤ ហេង វិសាល និងក្រុមគ្រួសារក៏ដូចសមាជិកក្នុងក្រុម VEESA បានរៀបចំគម្រោងដ៏ភ្ញាក់ផ្អើលមួយដើម្បីសុំ ជា ស្រីនា ដែលជាគូដណ្តឹងធ្វើជាប្រពន្ធ ឬមានន័យថាសុំគ្នារៀបការនោះបានធ្វើឱ្យ ជា ស្រីនា រំភើបចិត្តជាខ្លាំងរហូតដល់ស្រក់ទឹកភ្នែក។ កម្មវិធីរៀបចំនៅមាត់សមុទ្រអមដោយសំលៀកបំពាក់ពណ៌ស និងមានការតុបតែងផ្កាកុលាបពណ៌ក្រហមទៀតកាន់តែធ្វើឱ្យពិធីទាំងមូលប្រកបដោយភាពឥតខ្ចោះមានទាំងគ្រួសារមិត្តភក្តិ និងបណ្តាហ្វេនៗជាច្រើនចូលរួមអបអរសាទរអ្នកទាំងពីរ។
ទោះយ៉ាងណា ទន្ទឹមនឹងភាពសប្បាយរីករាយនេះស្រាប់តែមានផេកមួយដែលមានអ្នកតាមដានជិត៥ម៉ឺននាក់ចេញមកបង្ហោះផ្លែផ្កាដាក់អ្នកទាំងពីរដែលរៀបចំសុំគ្នារៀបការនេះ។ អត្ថន័យក្នុងផេកនោះដែលបង្ហោះមិនដាក់ចំឈ្មោះ ប៉ុន្តែស្របនឹងរឿងរ៉ាវ ហេង វិសាល និង ជា ស្រីនា កំពុងល្បីលើបណ្តាញសង្គមនោះគេបែរបង្ហោះថា «ដៃគូឈានដល់ភ្ជាប់ពាក្យគឺយល់ព្រមទាំងសងខាង និង គ្រួសារដែលមានន័យថា យល់ព្រមក្លាយជាគូស្វាមីភរិយានៅថ្ងៃអនាគតហើយ។ ពេលខ្លះ គូខ្លះភ្ជាប់ពាក្យផ្អើលប្រទេស កម្មវិធីធំជាងពិធីការទៅទៀត តែនៅមិនទាន់មានគម្រោងរៀបការទៀត ដោយមានការរៀបចំស្នើសុំធ្វើជាភរិយា ហើយ ខាងស្រីសប្បាយចិត្តដូចមិនធ្លាប់មានសង្ឃឹមថាបានរៀបការនឹងគ្នាបានត្រឹមភ្ជាប់ពាក្យ ។ ពេលខ្លះអាចមានលក្ខខណ្ឌ ភ្ជាប់ពាក្យសិន គ្មានគម្រោង រៀបការ ឬ ពេលភ្ជាប់ពាក្យ ដោយមានការបង្ខំរៀបចំណែនាំពីគ្រួសារ មិនទាន់មានចិត្តស្រឡាញ់គ្នា រហូតបង្កើតក្ដីស្រឡាញ់ទើបសម្រេចចិត្ត រៀបការ ។ ប្លែកៗ ។ លើពិភពលោកមាន មួយ ដែលយល់ព្រមភ្ជាប់ពាក្យ មិនទាន់យល់ព្រមការ ។ អាណិតក្មេងៗ ដែលគិតបែបនេះ “ She is lucky and I want to be like her “ ដែលភ្ជាប់ពាក្យ មិនដែលមានសង្ឃឹមរៀបការ»។
ការបង្ហោះបែបនេះដែរ បានធ្វើឱ្យផ្ទុះកក្រើកយ៉ាងខ្លាំង ខណៈ ហេង វិសាល បានឆ្លើយតបការបង្ហោះនោះដែរថា «ខ្ញុំមិនដឹងថាPostនេះចង់និយាយមកកាន់ខ្ញុំឬយ៉ាងណាទេ ប៉ុន្តែបើនិយាយមកកាន់ពួកខ្ញុំ គឺសម្រាប់ពួកយើងចាស់ៗបានព្រមព្រៀងគ្នា និងរើសថ្ងៃរួចហើយ ប៉ុន្តែខ្ញុំមិនដែលបានសុំគាត់ផ្ទាល់មាត់នោះទេ។ ខ្ញុំធ្វើនេះគឺចង់បំពេញក្តីស្រមៃមនុស្សស្រីដែលខ្ញុំស្រឡាញ់ ព្រោះគាត់តែងតែប្រាប់ខ្ញុំថាក្តីស្រមៃរបស់គាត់គឺចង់ឱ្យខ្ញុំសុំគាត់រៀបការ។ខ្ញុំធ្វើវាដើម្បីក្តីសុខរបស់គាត់ គាត់ពិតជាល្អណាស់សម្រាប់ខ្ញុំគាត់គួរតែទទួលបានវា ទាំងក្តីសុខបែបក្មេងៗ និងតម្លៃតាមប្រពៃណីខ្មែរ។ តើប៉ុណ្ណឹងខុសដែរឬ?»។
មិនត្រឹមតែ ហេង វិសាល ប៉ុណ្ណោះទេដែលហួសចិត្តនូវសំណេរដែលចង់ផ្លែផ្ការឿងសុំគ្នារៀបការនេះ បណ្តាហ្វេនៗជាច្រើនរួមទាំងក្នុងចង្កោម Influencer ចេញមកប្រតិកម្មនូវអត្ថបទរបស់ផេកនោះរហូតផេកនោះលុបការបង្ហោះរបស់ខ្លួន៕










