តើដឹងឬទេថា នៅពេលយើងឆ្លុះកញ្ចក់យូរ វាគួរឱ្យភ័យខ្លាចយ៉ាងខ្លាំង? កាលពីឆ្នាំ២០១០ លោក ជីអរវ៉ាណូ ខាពូតូ ជាអ្នកចិត្តវិទ្យាជនជាតិអ៊ីតាលី បានសាកល្បងឱ្យអ្នកស្ម័គ្រចិត្តចំនួន៥០នាក់ ឆ្លុះកញ្ចក់រយៈពេល១០នាទី ហើយលទ្ធផលដែលគាត់ទទួលបាន គឺមនុស្សភាគច្រើនបានឃើញមុខរបស់ខ្លួនផ្លាស់ប្តូរមិនដូចពីមុន, ឃើញសត្វចម្លែកគួរឱ្យខ្លាច ឬឃើញមុខរបស់អ្នកបាត់បង់ជីវិតនៅក្នុងកញ្ចក់ ។
អ្នកចិត្តវិទ្យាអ៊ីតាលីបញ្ជាក់ថា វាបណ្តាលមកពីខួរក្បាលរបស់ពួកគេមិនអាចផ្តោតទៅលើអ្វីច្រើនយ៉ាងក្នុងពេលតែមួយបាន ហើយវាធ្វើឱ្យពួកគេមើលឃើញអ្វីដែលកំពុងគិតក្នុងចិត្ត ដូចជា ៖ ការមើលឃើញខ្មោច ឬព្រាយបិសាច ។ ហេតុនេះ យើងមិនគួរភ័យខ្លាចនៅពេលឆ្លុះកញ្ចក់នៅកន្លែងងងឹតទេ ។
ជាទូទៅ អ្នកកើតជំងឺខ្លាចកញ្ចក់ (Catoptrophobi) តែងតែមានអាការៈភ័យខ្លាចស្រមោលខ្លួនឯង ឬខ្លាចស្រមោលផ្សេងៗនៅក្នុងកញ្ចក់ ។ ហេតុនេះ ពួកគេតែងដើរគេចពីកញ្ចក់ ឬគេចពីវត្ថុផ្សេងទៀតដែលបង្ហាញស្រមោលចេញមក ។
*មូលហេតុនៃការខ្លាចកញ្ចក់ ៖
ជំងឺខ្លាចកញ្ចក់អាចបណ្តាលមកពីកត្តាជាច្រើន ប៉ុន្តែវាដូចគ្នានឹងជំងឺខ្លាចទូទៅដែរ ។ ជំងឺនេះភាគច្រើនកើតឡើងដោយសារហេតុការណ៍ប៉ះពាល់ផ្លូវចិត្តខ្លាំង, ខួរក្បាលធ្វើការខុសប្រក្រតី, បរិស្ថាននៅជុំវិញ ឬមនុស្សមួយចំនួនក៏អាចមានបញ្ហាសង្គមផងដែរ ដូចជា ៖ គ្មានទំនុកចិត្តលើខ្លួនឯង ។ រីឯអ្នកខ្លះទៀតអាចមានអាការៈ Spectrophobia ដែលបានកើតឡើងពេលនៅវ័យកុមារធ្លាប់ខ្លាចអ្នកណាម្នាក់នៅក្នុងកញ្ចក់ ។
ប្រសិនបើយើងវិភាគឱ្យលម្អិតបន្តិចឃើញថា ការភ័យខ្លាចស្រមោលនៅក្នុងកញ្ចក់ គឺមានច្រើនប្រភេទ ដូចជា ៖ មនុស្សមួយចំនួនមានអារម្មណ៍មិនសប្បាយចិត្ត និងមិនចូលចិត្តឃើញរូបភាពក្នុងកញ្ចក់ ដោយសារមើលទៅខុសពីការពិត ។ រីឯមនុស្សមានភាពខុសប្រក្រតីផ្នែករាងកាយ ក៏ខ្លាចភ័យផងដែរនៅពេលពួកគេឃើញរូបរាងខ្លួនឯងក្នុងកញ្ចក់ ខណៈមនុស្សខ្លះទៀតខ្លាចកញ្ចក់ ដោយសារមានជំនឿថា មានវិញ្ញាណទាក់ទងនឹងកញ្ចក់ ។
*រោគសញ្ញានៃការភ័យខ្លាចកញ្ចក់ ៖
អ្នកកើតជំងឺនេះតែងតែព្យាយាមចៀសវាងឆ្លុះកញ្ចក់ ឬមិនហ៊ានមើលវត្ថុដែលមានស្រមោលត្រឡប់មកវិញទេ ។ អ្នកខ្លះទៀតអាចបង្ហាញអាកប្បកិរិយាបារម្ភ និងការភ័យខ្លាចចេញមកក្រៅ ដូចជា ៖ ភ័យញ័រ, បែកញើស, បេះដូងលោតញាប់ និងភ័យស្លន់ស្លោ ជាដើម ។
តើគួរធ្វើដូចម្តេចនៅពេលយើងខ្លាចកញ្ចក់? បើយើងមានអារម្មណ៍ថា កញ្ចក់នឹងធ្វើឱ្យប៉ះពាល់ដល់ជីវិតរបស់យើងនោះ យើងគួរតែប្រឹក្សាយោបល់ជាមួយគ្រូពេទ្យ ដើម្បីស្វែងរកមូលហេតុ និងព្យាបាល ពីព្រោះជំងឺនេះកម្រកើតឡើងណាស់ ។
សរុបមក ជំងឺខ្លាចកញ្ចក់មិនមែនជាជំងឺគ្រោះថ្នាក់ខ្លាំងនោះទេ ហើយអ្នកជំងឺមួយចំនួនយល់ឃើញថា ការប្រឈមមុខដាក់គ្នា ឬសូម្បីតែការគិតអំពីការប្រឈមមុខនឹងស្ថានការណ៍គួរឱ្យភ័យខ្លាច បានធ្វើឱ្យពួកគេភ័យស្លន់ស្លោ និងបារម្ភយ៉ាងខ្លាំង ។ ហេតុនេះ ដំណោះស្រាយដើម្បីការពារជំងឺខ្លាចកញ្ចក់ គឺត្រូវព្យាយាមបង្កើតទំនុកចិត្តលើខ្លួនឯង និងបន្ធូរអារម្មណ៍នៅពេលប្រឈមមុខជាមួយស្ថានការណ៍ដែលធ្លាប់ខ្លាចពីមុន ឬទៅព្យាបាលផ្លូវចិត្ត ៕










