ប្រទេសជប៉ុន៖ នេះជាលើកដំបូងហើយក្នុងប្រវត្តិសាស្ត្រ ដែលស្ត្រីត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងពិធីបុណ្យ “អា.ក្រាត.កាយរបស់បុរស” រាប់ពាន់នាក់នៅក្នុងប្រទេសជប៉ុនក្នុងខែកុម្ភៈខាងមុខនេះ។
ពិធីបុណ្យ Hadaka ដែលគេស្គាល់ថាជាពិធីបុណ្យអាក្រាតកាយរបស់បុរស ត្រូវបានធ្វើឡើងរៀងរាល់ខែកុម្ភៈ នៅទីសក្ការបូជា Shinto ក្នុងទីក្រុង Inazawa ដែលជាទីក្រុងនៅភាគកណ្តាលប្រទេសជប៉ុន ដើម្បីបញ្ចៀសវិញ្ញាណអាក្រក់ក្នុងអំឡុងពេលចូលឆ្នាំថ្មី។
ពិធីបុណ្យនេះមានប្រវត្តិជាង ១,២៥០ ឆ្នាំមកហើយ និងហាមឃាត់ស្ត្រីមិនឱ្យចូលរួមនោះទេ ប៉ុន្តែដោយឡែកនៅឆ្នាំនេះ ច្បាប់នេះត្រូវបានដកចេញ ហើយក្រុមស្ត្រីប្រមាណ៤០ នាក់នឹងមានវត្តមានក្នុងពិធីបុណ្យនេះនៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលស្ត្រីទាំងនោះនឹងស្លៀកពាក់សមរម្យ ដើម្បីធ្វើពិធីសក្ការៈបូជា។
មូលហេតុដែលប្រទេសជប៉ុនអនុញ្ញាតឱ្យស្ត្រីចូលរួមក្នុងពិធីបុណ្យនេះ គឺដោយសារកាលពីឆ្នាំ ២០២០ ស្រ្តីជាច្រើនបានស្នើសុំចូលរួម ដោយឃើញថាបុរស និងស្ត្រី មានសិទ្ធស្មើគ្នា ទើបរដ្ឋាភិបាលសម្រេចឱ្យស្ត្រីចូលរួមពិធីបុណ្យនេះជាលើកដំបូងនៅឆ្នាំនេះតែម្តង ទោះជាយ៉ាងណា សម្រាប់ស្ត្រីគឺមិនតម្រូវឱ្យដោះសម្លៀកបំពាក់ចេញទេ។
នៅក្នុងព្រឹត្តិការណ៍នេះ គេឃើញមានបុរសរាប់ពាន់នាក់ ដោះសម្លៀកបំពាក់ខាងក្រៅចេញ ទុកតែខោខ្លីពណ៌ស រួមជាមួយស្រោមជើង tabi និងក្រមា hachimaki ហើយប្រយុទ្ធគ្នា ដែលត្រូវបានគេចាត់ថាជា shin-otoko ឬ ‘ព្រះបុរស’ ដោយសង្ឃឹមថាវានឹងនាំសំណាងដល់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ មហោស្រពអាក្រាតមិនអនុញ្ញាតឱ្យភ្ញៀវទេសចរចូលរួមទស្សនាឡើយ៕










