មីយ៉ាន់ម៉ា៖ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ តុលាការនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលគ្រប់គ្រងដោយយោធាបានសម្រេចដាក់លក់ដេញថ្លៃផ្ទះរបស់លោកស្រី Aung San Suu Kyi ចាប់ពី ៩០ លានដុល្លារឡើងទៅ ដែលផ្ទះនេះគឺជាកន្លែងអនុស្សាវរីយ៍ដែលលោកស្រីធ្លាប់ជាប់ឃុំអស់រយៈពេល ១៥ ឆ្នាំ ត្រូវបានតុលាការសម្រេចដាក់ដេញថ្លៃ ដែលនឹងធ្វើឡើងនៅថ្ងៃទី២០ ខែមីនាខាងមុខនេះ បន្ទាប់ពីជម្លោះផ្លូវច្បាប់អស់រយៈពេលជាច្រើនទសវត្សរ៍រវាងគាត់និងបងប្រុសរបស់គាត់។
ការសម្រេចចិត្តនេះ បានធ្វើឡើងបន្ទាប់ពីបងប្រុសរបស់លោកស្រីគឺលោក Aung San Oo បានដាក់ពាក្យបណ្តឹងជាលើកដំបូងក្នុងឆ្នាំ ២០០០ សម្រាប់ចំណែកស្មើគ្នានៃអចលនទ្រព្យទីក្រុង Yangon ប៉ុន្តែករណីរបស់គាត់ត្រូវបានច្រានចោលនៅខែមករា ឆ្នាំ២០០១ ក្រោមហេតុផលនីតិវិធី។ បន្ទាប់មកគាត់ក៏បានត្រលប់ទៅតុលាការម្តងទៀត ក្នុងរយៈពេលពីរទសវត្សរ៍ដើម្បីជំរុញការទាមទាររបស់គាត់។
ក្នុងឆ្នាំ ២០១៦ តុលាការស្រុក Yangon ភាគខាងលិចបានចេញសេចក្តីសម្រេចបែងចែកដីឡូត៍ស្មើៗគ្នារវាងបងប្អូនបង្កើត។ ទោះជាយ៉ាងណាលោក Aung San Oo បានចាត់ទុកការសម្រេចនេះមិនយុត្តិធម៌ ហើយបានប្តឹងឧទ្ធរណ៍មិនបានសម្រេចជាច្រើនដង រហូតមកដល់ពេលនេះទើបតុលាការសម្រេចដាក់លក់ដេញថ្លៃផ្ទះរបស់លោកស្រី Aung San Suu Kyi ចាប់ពី ៩០ លានដុល្លារឡើងទៅ ដែលនឹងធ្វើឡើងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីចែកទ្រពសម្បត្តិឱ្យបានស្មើៗគ្នា។
គួរបញ្ជាក់ដែរថា លោកស្រី អង់សាន ស៊ូជី មានបងប្អូនបង្កើត ៣ នាក់ក្នុងនោះម្នាក់បានស្លាប់ដោយសារលង់ទឹក និងម្នាក់ទៀតបច្ចុប្បន្នបានទៅរស់នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ ដូច្នេះទ្រព្យសម្បត្តិគ្រួសាររបស់គាត់មានទំហំ ១.៩២៣ ហិចតា និង ០.៧៨ ហិចតានៅលើបឹង Inye ដែលមានអគារបែបអាណានិគមពីរជាន់ត្រូវបានផ្តល់ដោយរដ្ឋាភិបាលដល់ម្តាយរបស់លោកស្រី ស៊ូជី គឺលោកស្រី Khin Kyi បន្ទាប់ពីស្វាមីរបស់គាត់ ដែលជាវីរៈបុរសឯករាជ្យ លោក អ៊ុងសាន ត្រូវបានធ្វើឃាតនៅក្នុងខែកក្កដា ឆ្នាំ១៩៤៧។
បន្ទាប់ពីឪពុករបស់គាត់មរណភាព លោកស្រី ស៊ូជី ក៏បានកាន់តួនាទីជាអ្នកដឹកនាំជាសហស្ថាបនិកនៃគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ។ ប៉ុន្តែទោះជាយ៉ាងណា លោកស្រី ស៊ូជី ត្រូវបានឃុំខ្លួនក្នុងឆ្នាំ ១៩៨៩ មុនការបោះឆ្នោតឆ្នាំ ១៩៩០ ដោយគណបក្សរបស់គាត់បានឈ្នះការបោះឆ្នោតយ៉ាងងាយស្រួល ប៉ុន្តែមិនត្រូវបានអនុញ្ញាតឱ្យឡើងកាន់អំណាចនៅពេលដែលកងទ័ពលុបចោលលទ្ធផល។ ដូច្នេះគាត់ចំណាយពេល ១៥ ឆ្នាំក្រោមការឃុំខ្លួនក្នុងផ្ទះនៅឯអចលនទ្រព្យ 54 University Avenue ហើយបានស្នាក់នៅទីនោះបន្ទាប់ពីការដោះលែងឆ្នាំ ២០១០។
ក្នុងឆ្នាំ ២០១២ លោកស្រី ស៊ូជី បានផ្លាស់ទៅរដ្ឋធានី Naypyitaw ជាកន្លែងដែលគាត់ស្នាក់នៅក្រៅម៉ោងបន្ទាប់ពីបានជាប់ឆ្នោតជាសភា ហើយបានចំណាយពេលកាន់តែច្រើនបន្ទាប់ពីក្លាយជាប្រមុខរដ្ឋាភិបាលជាក់ស្តែងបន្ទាប់ពីការបោះឆ្នោតសកលឆ្នាំ ២០១៥ ។ ទោះជាយ៉ាងណា គាត់ត្រូវបានដកចេញពីដំណែងម្តងទៀតក្នុងខែកុម្ភៈ ឆ្នាំ ២០២១ នៅពេលដែលកងទ័ពបានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់គាត់ ហើយចាប់ខ្លួនគាត់។ ហេតុនេះហើយ បច្ចុប្បន្នលោកស្រី ស៊ូជី ត្រូវបានជាប់ពន្ធនាគារក្នុងទីក្រុង Naypyitaw សរុបចំនួន ៣៣ ឆ្នាំ ដែលត្រូវបានចោតប្រកាន់ក្រោមហេតុផលនយោបាយផ្សេងៗគ្នា៕










