នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ កន្លងទៅមានការបង្ហោះវីដេអូនៅលើបណ្តាញសង្គម TikTok ដោយមានមនុស្សលែងត្រីរ៉សយក្ស ដែលមានប្រភពមកពីទន្លេអាម៉ាហ្សូន ចូលទៅកាន់ទឹកទន្លេសាបរបស់កម្ពុជា។

ជុំវិញការលែងត្រីនេះ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញប្រកាសភ្លាមៗ ដោយហាមឃាត់ការលែងប្រភេទត្រី មានប្រភពពីក្រៅប្រទេស ចូលក្នុងដែនទឹកធម្មជាតិ។ មូលហេតុ ព្រោះប្រភេទត្រីទាំងនោះ មួយចំនួន ជាប្រភេទកាច និងស៊ីសាច់ជាអាហារ ដែលនឹងបង្កហានិភ័យដល់ប្រភេទមច្ឆជាតិ ក្នុងប្រទេស និងប្រព័ន្ធអេកូឡូស៊ី។

តែយ៉ាងណាមិញ រដ្ឋបាលជលផល ក៏បានលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋលែងប្រភេទត្រីមេពូជ ដែលមានប្រភពនៅក្នុងស្រុកឱ្យបានច្រើន ដើម្បីបង្កើនវត្តមានប្រភេទត្រីកម្រមួយចំនួន ក្នុងដែនទឹកធម្មជាតិរបស់កម្ពុជា៕