យោងតាមសេចក្តីជូនដំណឹងលេខ ៤១ សជណ.ហធ ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ រដ្ឋាភិបាលកម្ពុជា សម្រេចឱ្យសម្ព័ន្ធក្រុមហ៊ុន FOCUS Consortium សិក្សា និងវិនិយោគលើគម្រោងសាងសង់អាកាសយានដ្ឋានខេត្តមណ្ឌលគិរីថ្មី។
គម្រោងសាងសង់ព្រលានយន្តហោះនេះ មានទីតាំងស្ថិតនៅក្នុង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ត្រូវបានសិក្សាតាំងពីឆ្នាំ ២០១៩ បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលសិក្សាលទ្ធភាព ហើយគ្រោងនឹងបញ្ចប់នៅដើមឆ្នាំក្រោយ។ សម្រាប់ជំហានដំបូង គម្រោងនេះនឹងត្រូវសាងសង់លើដី ៣០០ហិកតា ហើយពង្រីកជា ៦០០ហិកតាវិញ។
ក្រៅពីគម្រោងសាងសង់អាកាសយានដ្ឋាន រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រុមហ៊ុនមួយនេះអាចវិនិយោគអភិវឌ្ឍជាទីក្រុងរណបពហុបំណង និងមជ្ឈមណ្ឌលទំនិញផ្លូវអាកាសនៅខេត្តមណ្ឌលគិរី ក្រោមទម្រង់ សាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ (BOT) ថែមទៀតផងដែរ៕











