បរទេស៖ តុលាការបង់ក្លាដែសបានកាត់ទោសលោក Muhammad Yunus ដែលជាអ្នកឈ្នះពានរង្វាន់ណូបែលសន្តិភាពឆ្នាំ ២០០៦ ឱ្យជាប់ពន្ធនាគាររយៈពេល ៦ ខែពីបទរំលោភច្បាប់ការងារ។
យោងតាមគេហទំព័រអន្តរជាតិ BBC ដែលបានចុះផ្សាយនៅថ្ងៃទី២ ខែមករាថា លោក Muhammad Yunus និងសហការីបីនាក់នៅក្រុមហ៊ុន Grameen Telecom របស់គាត់ត្រូវបានចោទប្រកាន់ពីបទបំពានច្បាប់ការងារចំពោះការមិនបង្កើតមូលនិធិសុខុមាលភាពសម្រាប់បុគ្គលិក។ ដូច្នេះតុលាការការងារនៃទីក្រុង Dhaka ប្រទេសបង់ក្លាដែស បានសម្រេចកាត់ទោសជនជាប់ចោទ ៤ នាក់ឱ្យជាប់ពន្ធនាគាររយៈពេល ៦ ខែ ប៉ុន្តែជនជាប់ចោទទាំងបួននាក់នោះត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ហើយអាចប្តឹងឧទ្ធរណ៍ក្នុងរយៈពេលមួយខែ។
ទោះជាយ៉ាងណាក៏ដោយ ក្រុមចុងចោទបានបដិសេធការចោទប្រកាន់នេះ ដោយលោក Yunus អាយុ ៨៣ ឆ្នាំបាននិយាយថា៖ «ខ្ញុំត្រូវបានដាក់ទោសចំពោះបទឧក្រិដ្ឋដែលខ្ញុំមិនបានប្រព្រឹត្ត។ យោងតាមលោក Yunus សាលក្រមប្រឆាំងនឹងគាត់គឺផ្ទុយពីគំរូច្បាប់ និងតក្កវិជ្ជាទាំងអស់។ លោកក៏បានអំពាវនាវឱ្យប្រជាជនបង់ក្លាដែស «និយាយប្រឆាំងនឹងភាពអយុត្តិធម៌ និងគាំទ្រលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស»។
នៅក្នុងហេតុការណ៍នោះ មនុស្សរាប់សិបនាក់ក៏បានធ្វើបាតុកម្មគាំទ្រលោក Yunus នៅខាងក្រៅតុលាការផងដែរ។ ដោយមេធាវីរបស់ Yunus លោក Abdullah Al Mamun បាននិយាយថាពួកគេនឹងប្តឹងឧទ្ធរណ៍ ហើយលោកក៏ចាត់ទុកបណ្តឹងនេះថាមានហេតុផលនយោបាយក្នុងគោលបំណងយាយីកូនក្តីរបស់លោក។ អ្នកគាំទ្ររបស់ Yunus ជឿថារដ្ឋាភិបាលបង់ក្លាដែសចង់បង្ខូចកេរ្តិ៍ឈ្មោះគាត់ ពីព្រោះអ្នកឈ្នះរង្វាន់ណូបែលសន្តិភាពធ្លាប់បានពិចារណាបង្កើតគណបក្សប្រឆាំងទៅនឹងសម្ព័ន្ធ Awami របស់លោកស្រី Hasina ។![]()
លោកស្រី Hasina មានបំណងសម្រាប់អាណត្តិទី៥ ជានាយករដ្ឋមន្ត្រី និងអាណត្តិទី៤ ជាប់ៗគ្នាក្នុងការបោះឆ្នោត ដែលធ្វើឡើងនៅថ្ងៃទី៧ ខែមករា ដោយគណបក្សប្រឆាំងបង់ក្លាដែសបានប្រកាសធ្វើពហិការការបោះឆ្នោតនេះ។
ទោះជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីបង់ក្លាដែស Hasina ក៏បានចោទលោក Yunus ថាបានជញ្ជក់ឈាមអ្នកក្រ ហើយម្ចាស់ពានរង្វាន់រូបនេះក៏ប្រឈមនឹងការចោទប្រកាន់ជាង ១០០ ករណីផ្សេងទៀតពីបទរំលោភច្បាប់ការងារ និងអំពើពុករលួយផងដែរ។
កាលពីខែធ្នូ លោក Yunus បាននិយាយថា គាត់មិនបានចំណេញពីក្រុមហ៊ុនជាង ៥០ ដែលគាត់បានបង្កើតនៅក្នុងប្រទេសបង់ក្លាដែសនោះទេ។ Yunus និងក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុ Grameen Bank របស់គាត់បានទទួលពានរង្វាន់ណូបែលសន្តិភាពក្នុងឆ្នាំ ២០០៦ សម្រាប់ការជួយមនុស្សរាប់លាននាក់ឱ្យរួចផុតពីភាពក្រីក្រតាមរយៈប្រាក់កម្ចីតិចជាង ១០០ ដុល្លារនៅជនបទនៃប្រទេសបង់ក្លាដែស៕










