បរទេស៖ មហាសេដ្ឋីជនជាតិស្វីស វ័យ ៨០ ឆ្នាំលោក NICOLAS PUECH ដែលជាម្ចាស់ក្រុមហ៊ុនម៉ូដ Hermès ដ៏ល្បីល្បាញរបស់ពិភពលោក បានប្រកាសថា លោកគ្រោងនឹងផ្តល់ទ្រព្យសម្បត្តិសុទ្ធប្រមាណ ១៣ ពាន់លានដុល្លារអាមេរិកទៅឱ្យអ្នកថែសួនម្នាក់អាយុ ៥១ ឆ្នាំ។
យោងតាមគេហទំព័រអន្តរជាតិ CTV News ដែលបានចុះផ្សាយនៅថ្ងៃទី២២ ខែធ្នូថា មហាសេដ្ឋីវ័យ ៨០ ឆ្នាំរូបនេះមិនទាន់រៀបការ និងគ្មានកូននោះទេ។ គាត់គឺជាអ្នកមានបំផុតម្នាក់នៅប្រទេសស្វីសដែលមានទ្រព្យសម្បត្តិសុទ្ធប្រមាណ ១៣.៤ ពាន់លានដុល្លារអាមេរិក។ ប៉ុន្តែដោយសារភាពមិនចុះសម្រុងជាមួយគ្រួសារ និងបងប្អូនរបស់គាត់ Nicolas Puech ក៏សម្រេចចិត្តទុកទ្រព្យសម្បត្តិទាំងអស់ឱ្យទៅអ្នកថែសួនរបស់គាត់តែម្តង។
ការសម្រេចចិត្តនេះបានធ្វើឱ្យសាច់ញាតិរបស់គាត់ខកចិត្តយ៉ាងខ្លាំង ក៏ដូចជាបង្កឱ្យមានភាពចម្រូងចម្រាសផងដែរ។ ទោះជាយ៉ាងណាក៏ដោយ អត្តសញ្ញាណរបស់អ្នកថែសួន អាយុ ៥១ ឆ្នាំរូបនេះមិនត្រូវបានគេបង្ហាញឱ្យដឹងប្រវត្តិច្បាស់ឡើយ ។
យោងតាមកាសែតអ៊ីតាលី Corriere della Sera ក៏បានឱ្យដឹងទៀតថា ប្រសិនបើអ្នកថែសួននោះក្លាយជាអ្នកស្នងមរតកតែម្នាក់គត់របស់មហាសេដ្ឋី Puech ពិតមែន អ្នកថែសួនរូបនោះនឹងទទួលបានទ្រព្យសម្បត្តិរបស់ម៉ូត Hermes ប្រមាណ ៥.៧% រួមជាមួយនឹងអចលនទ្រព្យនៅ Marrakesh, Morocvo និង Montreux ដែលមានតម្លៃរហូតដល់ ៥.៩ លានដុល្លារ ដែលបុគ្គលនេះអាចរកចំណូលបាន ៤៣ លានដុល្លារក្នុងមួយឆ្នាំដោយគ្រាន់តែទទួលបានភាគលាភប៉ុណ្ណោះ។
គួរបញ្ជាក់ដែរថា កាលពីមុនមហាសេដ្ឋីវ័យ ៨០ ឆ្នាំរូបនេះបានសន្យាថានឹងបរិច្ចាគទ្រព្យសម្បត្តិរបស់គាត់ទៅមូលនិធិ Isocrates ដែលជាអង្គការប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត នឹងមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ។ ដូច្នេះហើយ ការប្រកាសអំពីមរតកថ្មីៗនេះក៏បានធ្វើឱ្យអង្គការនេះតវ៉ាប្រឆាំងនឹងការផ្លាស់ប្តូរឯកតោភាគីរបស់មហាសេដ្ឋី Puech ផងដែរ៕










