នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការបញ្ជូនត្រឡប់មកកម្ពុជាវិញនូវវត្ថុបុរាណខ្មែរ ចំនួន១៤រូប ពីសារមន្ទីរ Metropolitan Museum (MET) នៅទីក្រុងញូវយ៉ក។
ក្នុងចំណោមវត្ថុទាំង១៤រូបដែលត្រូវបញ្ជូនមកកម្ពុជាវិញនេះ រួមមានស្នាដៃឯកមួយចំនួន ដូចជា រូបចម្លាក់ទេពស្រី (ព្រះនាងឧមា) ធ្វើពីថ្មភក់ សតវត្សរ៍ទី១០ ដែលតាមភស្តុតាងពីសាក្សី ត្រូវបានលួចយក នៅឆ្នាំ១៩៩៧ ដោយប្រអប់ជើងជាប់ជាមួយជើងទម្របដិមានេះ បានរកឃើញតាមរយៈការធ្វើកំណាយ នៅឆ្នាំ២០២១ នៅក្នុងរមណីយដ្ឋានអតីតរាជធានីកោះកេរ, ព្រះកេសព្រះលោកេសួរ ធ្វើពីសំរឹទ្ធ សតវត្សរ៍ទី១០ ដែលដងខ្លួនបដិមាស្ថិតនៅសារមន្ទីរជាតិភ្នំពេញ និងបដិមាព្រះលោកេសួរ ធ្វើពីសំលោហៈ ដែលសារមន្ទីរ MET បានទិញពីលោក ទូក្លាស ឡាហ្វ (Douglas Latchford) នៅឆ្នាំ១៩៩២។
លោកជំទាវបណ្ឌិតសភាចារ្យ រឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មាន ប្រសាសន៍ថា៖ “ការបញ្ជូនត្រឡប់មកវិញនូវសម្បត្តិវប្បធម៌ជាតិរបស់យើងពីសារមន្ទីរ MET គឺមានសារៈ សំខាន់បំផុត មិនត្រឹមតែសម្រាប់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្សជាតិទាំងមូលផងដែរ។ វត្ថុបុរាណខ្មែរជាច្រើនទៀតកំពុងស្ថិតនៅសារមន្ទីរ MET ហើយយើងរំពឹងថា វត្ថុទាំងនោះនឹងវិលត្រឡប់មកកម្ពុជាវិញ”៕












