បរទេស៖ ជនជាតិវៀតណាមមួយក្រុមមានគ្នា ៣ នាក់ត្រូវបានចោទប្រកាន់ពីបទបង្កើត និងលក់គណនី Microsoft ជាង ៧៥០ លាន រួមទាំងក្លែងបន្លំដោយខុសច្បាប់រកប្រាក់ចំណូលបានរាប់លានដុល្លារ។
យោងតាមគេហទំព័រអន្តរជាតិ Forbes ដែលបានចុះផ្សាយនៅថ្ងៃទី១៤ ខែធ្នូថា ក្រុមហ៊ុន Microsoft បានផ្ញើពាក្យបណ្តឹងទៅកាន់ភ្នាក់ងារអនុវត្តច្បាប់នៅក្នុងសហរដ្ឋអាមេរិកសម្រាប់បុគ្គល ៣ នាក់ដែលជាជនជាតិវៀតណាម ដោយគេជឿថាមនុស្សទាំងនេះរស់នៅក្នុងប្រទេសវៀតណាម និងនៅពីក្រោយអង្គការមួយដែលមានឈ្មោះថា Storm-1152។
Storm-1152 គឺជាអង្គការដែលមានជំនាញក្នុងការ Hacker ផ្តល់ធនធានសម្រាប់ការក្លែងបន្លំតាមអ៊ីនធឺណិត រួមទាំងទទួលបានគណនីរាប់ពាន់យ៉ាងឆាប់រហ័ស ជំនួសឱ្យការបង្កើតពួកវាដោយខ្លួនឯង។ នេះអនុញ្ញាតឱ្យឧក្រិដ្ឋជនផ្តោតលើគោលដៅចម្បងរបស់ពួកគេនៃការបន្លំ ការផ្ញើសារឥតបានការ និងទម្រង់ផ្សេងទៀតនៃការក្លែងបន្លំ ក៏ដូចជាការរំលោភបំពានជាដើម។ ក្រុមនេះដំណើរការគេហទំព័រដែលមានឯកទេសក្នុងការលក់គណនី លក់ឧបករណ៍ជាច្រើនដើម្បីជួយឧក្រិដ្ឋជនតាមអ៊ីនធឺណិតធ្វើការវាយប្រហារដោយស្វ័យប្រវត្តិ ខណៈពេលដែលវាធ្វើឱ្យមានការប្រកួតប្រជែងសម្រាប់វេទិកានានាក្នុងការស្វែងរក និងការពារគណនីមិនល្អ។
ហេតុនេះហើយ យោងតាមសេចក្តីប្រកាសរបស់ Microsoft បានសរសេរថា “រហូតមកដល់បច្ចុប្បន្ន Storm-1152 បានបង្កើត និងលក់គណនី Microsoft ប្រមាណ ៧៥០ លានគណនីសម្រាប់ការក្លែងបន្លំ ដែលនាំឱ្យក្រុមនេះទទួលបានប្រាក់ចំណូលខុសច្បាប់រាប់លានដុល្លារ”។ លើសពីនេះ សកម្មភាពរបស់ក្រុមនេះក៏បង្កការលំបាក និងចំណាយប្រាក់ច្រើនដល់ក្រុមហ៊ុន និងក្រុមហ៊ុនដទៃទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។
បន្ទាប់ពីការរកឃើញ អ្នកជំនាញផ្នែកសន្តិសុខតាមអ៊ីនធឺណិតរបស់ Microsoft និងភាគីទីបីគឺ Arkose Labs បានធ្វើការវិភាគ សាកល្បងទិញសេវាកម្ម ក៏ដូចជាបច្ចេកទេសពិសេសមួយចំនួនដើម្បីស្វែងរកក្រុមនៅពីក្រោយវា និងហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុម។ បន្ថែមពីលើបុគ្គលទាំង ៣នាក់នោះ គេហទំព័ររបស់ក្រុមនេះបច្ចុប្បន្នក៏ត្រូវបានរឹបអូសដោយក្រុមហ៊ុន Microsoft នេះបើយោងតាមបញ្ជាពីតុលាការសហរដ្ឋអាមេរិក។ រីឯប៉ុស្តិ៍ YouTube ដែលមានឯកទេសក្នុងការណែនាំសម្រាប់ការប្រើប្រាស់សេវាកម្មនៅលើ YouTube ក៏ត្រូវបានប្តូរឈ្មោះផងដែរ៕










