ប្រទេសចិន ៖ ក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៣ (គិតចាប់ពីខែមករា រហូតដល់ខែកក្កដា) ប្រទេសចិនបាននាំចេញរថយន្តអគ្គិសនីថ្មីទៅកាន់តំបន់អឺរ៉ុបកើនឡើងខ្ពស់ទ្វេដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ។
សារព័ត៌មានចិនរាយការណ៍ថា ក្រុមហ៊ុនផ្តល់សេវាកម្មទិន្នន័យ និងបច្ចេកវិទ្យាផ្នែកហិរញ្ញវត្ថុលំដាប់ពិភពលោក បង្ហាញថា ការនាំចេញរថយន្តអគ្គិសនីថ្មីរបស់ប្រទេសចិន ក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៣ បានកើនឡើងទ្វេដង បើធៀបនឹងឆ្នាំ២០២២ ខណៈមានតម្រូវការរថយន្តអគ្គិសនីខ្ពស់នៅតំបន់អឺរ៉ុប ។ នេះឆ្លុះបញ្ចាំងឱ្យឃើញពីទំនាក់ទំនងយ៉ាងរឹងមាំរវាងប្រទេសចិន និងសហភាពអឺរ៉ុប (EU) ។
អ្នកវិភាគវាយតម្លៃថា វានឹងមានឥទ្ធិពលដល់ការផលិតរថយន្តថាមពលថ្មី ដែលជាកត្តាមួយជួយដល់ការបម្រែបម្រួលក្នុងរយៈពេលវែង ។ រីឯគណៈកម្មការអឺរ៉ុបបញ្ជាក់ថា ប្រទេសចិនបានរួមចំណែកក្នុងការលក់រថយន្តអគ្គិសនីនៅតំបន់អឺរ៉ុប កើនឡើង៨% នៅឆ្នាំ២០២៣ ។ លើសពីនេះ វានឹងកើនរហូតដល់១៥% ក្នុងរយៈពេល២ឆ្នាំខាងមុខ ពីព្រោះរថយន្តអគ្គិសនីចិនមានតម្លៃថោកជាងរថយន្តអគ្គិសនីដែលផលិតនៅតំបន់អឺរ៉ុប រហូតដល់២០% ។
ចំណែកការធ្វើពាណិជ្ជកម្មរវាងប្រទេសចិន និងតំបន់អឺរ៉ុប ក៏បានកើនឡើងរហូតដល់៨សែន៤ម៉ឺន៧ពាន់៣រយលានដុល្លារអាមេរិកនៅឆ្នាំ២០២២ និងកើនឡើង២,៤% បើធៀបនឹងឆ្នាំ២០២១ ៕ ប្រភព ៖ TV5HD Online










