ប្រទេសជប៉ុន ៖ គេបានប្រទះឃើញត្រីរាប់ម៉ឺនក្បាលត្រូវបានទឹករលកនាំមកប្រមូលផ្តុំនៅបរិវេណឆ្នេរសមុទ្រក្នុងទីក្រុងហាកូដាតេត ខេត្តហុកកៃដូ ស្ថិតនៅភាគខាងជើងប្រទេសជប៉ុន ក្នុងចម្ងាយប្រមាណ១គីឡូម៉ែត្រ ។ អាជ្ញាធរជប៉ុនឱ្យដឹងថា វាអាចបណ្តាលមកពីត្រីធំៗដេញស៊ី ហើយអាជ្ញាធរបានប្រាប់ទៅពលរដ្ឋថា កុំយកត្រីទាំងនេះទៅធ្វើម្ហូបដាច់ខាត ។
បើតាមវីដេអូថតដោយដ្រូនបង្ហាញថា មានត្រីងា.ប់យ៉ាងច្រើនមហាសាល និងអណ្តែតនៅតាមបណ្តោយឆ្នេរសមុទ្រ ។ រីឯសារព័ត៌មានជប៉ុនបានចុះផ្សាយពីត្រីងា.ប់នៅឆ្នេរសមុទ្រ និងបញ្ជាក់ថា អាជ្ញាធរហាមមិនឱ្យពលរដ្ឋយកត្រីទាំងនេះទៅបរិភោគទេ ។ អាជ្ញាធរប្រចាំទីក្រុងហាកូដាតេត បានចេញសេចក្តីថ្លែងការណ៍មួយបញ្ជាក់ពីការប្រទះឃើញត្រីងា.ប់ដ៏ច្រើនមហាសាលនេះ ប៉ុន្តែពួកគេពុំជ្រាបពីមូលហេតុច្បាស់លាស់ដែលបណ្តាលឱ្យត្រីងា.ប់ទេ ។
លោក ហ្វូជីអូកា អ្នកស្រាវជ្រាវមកពីស្ថាប័ននេសាទប្រចាំទីក្រុងហាកូដាតេត លើកឡើងថា ត្រីទាំងនេះអាចអស់កម្លាំងខ្លាំង ដោយសារការរត់គេចពីត្រីធំៗដេញស៊ី និងការខ្វះខាតអុកស៊ីសែន នៅពេលពួកវាកំពុងហែលទឹកប្រជ្រៀតគ្នា ។ ហេតុការណ៍នេះកើតឡើងស្របគ្នាជាមួយការធ្វើដំណើររបស់ត្រីសាឌីនទៅកាន់ភាគខាងត្បូង និងអាចធ្វើឱ្យត្រីធ្វើដំណើរទៅតំបន់ទឹកត្រជាក់ភ្លាមៗ ។ អ្នកស្រាវជ្រាវរូបនេះប្រាប់ថា លោកធ្លាប់បានឮហេតុការណ៍ដូចគ្នានេះពីមុន តែក្នុងជីវិតជាក់ស្តែង លោកពុំធ្លាប់ឃើញទេ ។
ទោះយ៉ាងណា ត្រីងា.ប់នៅតាមឆ្នេរសមុទ្រអាចធ្វើឱ្យកម្រិតអុកស៊ីសែននៅក្នុងទឹកធ្លាក់ចុះ និងធ្វើឱ្យប៉ះពាល់ដល់បរិស្ថានសមុទ្រយ៉ាងខ្លាំង ។ អាជ្ញាធរជប៉ុនបានចុះមកត្រួតពិនិត្យនៅតំបន់ឆ្នេរសមុទ្រ និងព្យាយាមយកត្រីទាំងនេះទៅពិសោធន៍រកមូលហេតុពិតប្រាកដ ខណៈពលរដ្ឋក្នុងតំបន់បានប្រមូលត្រីងា.ប់យកទៅលក់ ឬធ្វើម្ហូប បើទោះជាអាជ្ញាធរហាមឃាត់ក្តី ៕ ប្រភព ៖ TNN World










