ប្រទេសវៀតណាម ៖ ប្រទេសវៀតណាមនឹងលើកឡើងទិដ្ឋាការដល់ភ្ញៀវទេសចរឥណ្ឌា ខណៈប្រទេសនានានៅទូទាំងពិភពលោកទទួលស្គាល់ថា ភ្ញៀវទេសចរឥណ្ឌាគឺជាកម្លាំងជំរុញដ៏សំខាន់ក្នុងការធ្វើដំណើរកម្សាន្តនៅក្រៅប្រទេស ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៣ ។
ក្រោយពីប្រទេសស្រីលង្ការ និងថៃបានប្រកាសលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរឥណ្ឌា ប្រទេសវៀតណាមក៏មានគម្រោងលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរឥណ្ឌាដូចគ្នាដែរ ។ លោក Nguyen Van Hung រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍លើកឡើងថា វៀតណាមបានអនុញ្ញាតឱ្យជនជាតិឥណ្ឌា និងចិនចូលមកកាន់ប្រទេសវៀតណាម ដោយមិនចាំបាច់ប្រើប្រាស់ទិដ្ឋាការសម្រាប់ការធ្វើដំណើររយៈពេលខ្លីៗ ។
ក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំ២០២៣ ប្រទេសវៀតណាមទទួលបានភ្ញៀវទេសចរជិតស្មើ១០លាននាក់ ដែលបានកើនឡើងយ៉ាងខ្លាំងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ។ តួលេខនេះខ្ពស់ជាងតួលេខដែលវៀតណាមរំពឹងទុកទៅទៀតថា វៀតណាមនឹងទទួលបានភ្ញៀវទេសចរបរទេសស្មើនឹង១០លាននាក់សម្រាប់រយៈពេលពេញ១ឆ្នាំ ។
ទោះយ៉ាងណា នាពេលថ្មីៗនេះ ប្រទេសស្រីលង្ការ និងថៃបានប្រកាសលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរឥណ្ឌា ដើម្បីជំរុញវិស័យទេសចរណ៍ក្នុងប្រទេសរបស់ពួកគេ ។ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ថៃបានលុបចោលការស្នើសុំទិដ្ឋាការសម្រាប់ភ្ញៀវទេសចរឥណ្ឌា ព្រោះថៃរំពឹងថា នឹងធ្វើឱ្យភ្ញៀវទេសចរឥណ្ឌាអាចស្នាក់នៅថៃ រហូតដល់៣០ថ្ងៃ ហើយថៃនឹងអនុវត្តវិធានការលើកលែងទិដ្ឋាការនេះ រហូតដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ។ រីឯរដ្ឋាភិបាលថៃលើកឡើងថា ថៃនឹងពង្រីកវិធានការនេះបន្តទៀត ប្រសិនបើការធ្វើដំណើរកម្សាន្តរបស់ឥណ្ឌាកើនឡើង ។
ចំណែកប្រទេសស្រីលង្ការបានប្រកាសលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរមកពី៧ប្រទេស ដូចជា ៖ ឥណ្ឌា, ចិន និងរុស្ស៊ី ជាដើម ។ វាជាផ្នែកមួយក្នុងអំឡុងពេលសាកល្បងវិធានការនេះ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ៕










