ប្រទេសចិន ៖ វាបានក្លាយជារឿងរ៉ាវមួយដែលមានអ្នករិះគន់ជាច្រើននៅក្នុងបណ្តាញសង្គមប្រទេសចិន ក្រោយពីមានការបង្ហោះរូបភាពអាពាហ៍ពិពាហ៍របស់គូស្នេហ៍១គូនៅខេត្តក្វាងទុង ។ គេបានឃើញទឹកមុខកូនកំលោះ និងកូនក្រមុំពោរពេញទៅដោយសេចក្តីសុខក្នុងថ្ងៃចាប់ផ្តើមជីវិតគូ និងបង្ហាញថា អ្នកទាំងពីរបានស្រឡាញ់គ្នាដោយស្មោះ ។ ប៉ុន្តែថ្ងៃរីករាយរបស់ពួកគេស្ទើរតែត្រូវបំផ្លាញ ដោយសារអ្នកលេងបណ្តាញសង្គមមួយចំនួនបញ្ចេញយោបល់មិនសមរម្យទៅលើរូបសម្បត្តិកូនក្រមុំ ។
តាមការរៀបរាប់របស់ជាងថតរូបក្នុងពិធីអាពាហ៍ពិពាហ៍នេះឱ្យដឹងថា កូនកំលោះឈ្មោះ Xiao He អាយុ៣៧ឆ្នាំ ហើយឋានៈក្រុមគ្រួសាររបស់គេមិនសូវធូរធាប៉ុន្មានទេ ។ ដូច្នេះ បើទោះជារូបគេធ្លាប់មានអ្នកណែនាំឱ្យស្គាល់នារីៗជាច្រើននាក់ ប៉ុន្តែចុងក្រោយ គ្មាននារីអ្នកណាចង់សាងអនាគតជាមួយឡើយ ។ រហូតដល់ថ្ងៃមួយ កូនកំលោះក៏បានជួបជាមួយកូនក្រមុំម្នាក់នេះ ។
រីឯកូនក្រមុំឈ្មោះ Xiao Meng អាយុ៣៤ឆ្នាំ ហើយនាងធ្លាប់បានណាត់ជួបជាមួយបុរសៗជាច្រើននាក់ ប៉ុន្តែមិនឈានដល់ការរៀបអាពាហ៍ពិពាហ៍ទេ ។ កូនក្រមុំប្រាប់ថា អាយុរបស់នាងច្រើនហើយ នាងមិនចង់នៅទំនេរទៀតទេ ។ នាងក៏បានដឹងខ្លួនថា រូបសម្បត្តិ និងមុខមាត់របស់នាងមិនសូវស្អាត ប៉ុន្តែក្រោយពីនាងបានជួបជាមួយកូនកំលោះឈ្មោះ Xiao He នាងមានអារម្មណ៍ថា ពេញចិត្តបុរសនេះយ៉ាងខ្លាំង ។
ហេតុនេះ នាងមានសេចក្តីសុខខ្លាំងណាស់ដែលបានរៀបការជាមួយ Xiao He ហើយនាងបានញញឹមទៅកាន់កាមេរ៉ាប្រកបដោយទំនុកចិត្ត ។ ប៉ុន្តែអ្វីដែលនាងនឹកស្មានពុំដល់នោះ គឺក្រោយពីរូបថតអាពាហ៍ពិពាហ៍របស់នាងបានបង្ហោះនៅក្នុងអ៊ីនធើរណេត ស្រាប់តែមានអ្នករិះគន់យ៉ាងខ្លាំងអំពីមុខមាត់របស់នាង ។.jpg)
ពលរដ្ឋចិនម្នាក់បាននិយាយក្នុងបណ្តាញសង្គមថា ៖ «មុខមាត់របស់នាងគួរឱ្យស្អប់ណាស់» ។ ពលរដ្ឋចិនម្នាក់ទៀតថា ៖ «មើលធ្មេញរបស់នាងទៅ…» ។ ពលរដ្ឋចិនម្នាក់ទៀតថា ៖ «តើឱ្យខ្ញុំទ្រាំរស់នៅជាមួយមនុស្សមានមុខមាត់បែបនេះរាល់ថ្ងៃអស់មួយជីវិតដោយរបៀបណា?» ។ ពលរដ្ឋចិនផ្សេងទៀតថា ៖ «សុខចិត្តនៅលីវវិញ ល្អជាងរៀបការជាមួយកូនក្រមុំមានមុខអីចឹង» ។
ក្រោយពីកូនកំលោះ និងកូនក្រមុំបានអានការបញ្ចេញមតិក្នុងបណ្តាញសង្គមទាំងនេះ ពីដំបូង ពួកគេខឹងសម្បារយ៉ាងខ្លាំង ។ ប៉ុន្តែក្រោយមក ពួកគេក៏ឈប់ឈឺក្បាលវិលមុខជាមួយពាក្យសម្តីរិះគន់ទាំងអស់ ។ ពួកគេបានផ្លាស់ប្តូរទស្សនៈការគិតដោយចាប់ផ្តើមពីខ្លួនឯងថា ៖ «ពេញចិត្តនូវជីវិត និងសេចក្តីសុខរបស់ខ្លួន ទោះជាអ្នកដទៃនិយាយអ្វីក៏ដោយ ឱ្យតែយើងមានសេចក្តីសុខ វាគ្រប់គ្រាន់ហើយ» ។.jpg)
ចំណែកសាច់ញាតិ បងប្អូន និងមិត្តភក្តិរបស់អ្នកទាំងពីរបាននាំគ្នាជូនពរដល់គូស្វាមី-ភរិយាថ្មី ហើយនិយាយថា កូនកំលោះ និងកូនក្រមុំ ពិតជាសមគ្នាណាស់ ហើយអ្នកទាំងពីរមើលទៅ ដូចគ្នាទៀតផង ។ ដូច្នេះ អ្នកទាំងពីរបានជួបគ្នាដោយសារឋានសួគ៌ជាអ្នករៀបចំ ៕










