បាំងកក៖ កាលពីពេលថ្មីៗនេះ លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ បាននិយាយថា គណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ស្តីអំពីសមភាពអាពាហ៍ពិពាហ៍ ដែលវានឹងត្រូវបញ្ជូនទៅសភាសភាក្នុងសម័យប្រជុំដែលចាប់ផ្តើមនៅខែធ្នូនេះ។
ថៃគឺជាប្រទេសមួយនៅតំបន់អាស៊ី ដែលមានអ្នកស្រលាញ់ភេទដូចគ្នាជាច្រើននិងបើកចំហបំផុត។ ការស្រលាញ់ភេទដូចគ្នាបានកំណត់ចេញជា៤ប្រភេទ ស្រីស្រឡាញ់ស្រី, ប្រុសស្រលាញ់ប្រុស, អ្នកដែលស្រលាញ់ទាំងស្រីផងទាំងប្រុសផង, រួចទាំងអ្នកកែភេទ។ ខណៈសកម្មជននយោបាយជាច្រើនបាននិយាយថា ច្បាប់និងស្ថាប័នប្រពៃណីថៃពុំទាន់បានផ្លាស់ប្តូរអាកប្បកិរិយាក្នុងការរើសអើងអ្នកស្រលាញ់ភេទដូចគ្នានៅក្នុងសង្គមនៅឡើយនោះទេ។
ដូច្នេះ ប្រសិនបើសេចក្តីព្រាងច្បាប់នេះ ត្រូវបានអនុម័តដោយសភា និងដោយការយល់ស្របពីព្រះមហាក្សត្រ នោះថៃនឹងក្លាយជាប្រទេសទី៣នៅក្នុងតំបន់អាស៊ីក្នុងការអនុញ្ញាតិឲ្យមានការរៀបការភេទដូចគ្នា បន្ទាប់តៃវ៉ាន់ និងនេប៉ាល់។
កាលពីឆ្នាំមុន ប្រទេសថៃក៏បានពិភាក្សាគ្នាទាក់ទងទៅនឹងច្បាប់ថ្មី៤ ក្នុងនោះក៏រួមបញ្ចូលជាមួយនឹងសហជីពស៊ីវិលសម្រាប់គូរសេ្នហ៍ភេទដូចគ្នា និងសមភាពអាពាហ៍ពិពាហ៍ភេទដូចគ្នាផងដែរ ប៉ុន្តែជាលទ្ធផលគឺមិនទទួលបានបោះឆ្នោតគាំទ្រនៅក្នុងសភានោះទេ។
ប៉ុន្តែ បើក្រឡេកមកមើលើគណបក្សថៃដែលទើបឡើងកាន់អំណាចថ្មីវិញ គឺគណៈភឿថៃ រួមជាមួយនឹងគណៈបក្សប្រឆាំងក៏បានធ្វើយុទ្ធនាការមុនការបោះឆ្នោតខែឧសភានៃឆ្នាំ២០២៣នេះ ស្តីពីការគាំទ្រសមភាពអាពាហ៍ពិពាហ៍ ជាពិសេសគឺសម្រាប់គូរស្នេហ៍ភេទដូចគ្នា។ រីឯលោកសេដ្ឋា ថាវីស៊ីនវិញ ក៏ធ្លាប់បាននិយាយដែរថា លោកចង់ឲ្យទីក្រុងបាំងកកនៃប្រទេសថៃធ្វើជាម្ចាស់ផ្ទះនៅក្នុងព្រឹត្តិការណ៍ World Pride ដែលជាពិធីបុណ្យអ្នកស្រលាញ់ភេទដូចគ្នាលំដាប់ថ្នាក់អន្តរជាតិ នៅឆ្នាំ២០២៨នេះផងដែរ៕










