កម្មវិធី Miss Planet International លើកទី៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានរកឃើញម្ចាស់មកុដហើយដោយបានទៅលើបវរកញ្ញា Min Worawalan មកពីប្រទេសថៃ ចំណែកឯបវរកញ្ញា ដាំ សុភ័ក្រស៊ីនឌី បេក្ខភាពតំណាងកម្ពុជាបានជាប់លំដាប់រងទី៧ ក្នុងកម្មវិធីប្រកួតព្រមទាំងបានឈ្នះឈុតតំណាងល្អផ្តាច់គេ។.png)
Miss Planet International លើកទី៣ ដែលជាកម្មវិធីបង្កើតឡើងដោយកូនខ្មែរ បានរកឃើញម្ចាស់មកុដហើយកាលពីយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលមហោស្រពកោះពេជ្រដែលមានបវរកញ្ញាចូលរួមប្រកួតសរុប៤២ប្រទេស។ ម្ចាស់មកុដលើកទី៣បានទៅលើកញ្ញា Min Worawalan មកពីប្រទេសថៃ ខណៈបវរកញ្ញាប្រេស៊ីល ជាប់លំដាប់រងទី១ នៃការប្រកួតនេះ។
ងាកមកបេក្ខភាពតំណាងប្រទេសកម្ពុជាវិញកញ្ញា ដាំ សុភ័ក្រស៊ីនឌី បានជាប់លំដាប់រងទី៧ នៅក្នុងការប្រកួតបវរកញ្ញាភពផែនដីអន្តរជាតិនេះនិងបានឈ្នះឈុតតំណាងជាតិល្អផ្តាច់គេ។ ឈុតតំណាងជាតិដែលឈ្នះនេះមានឈ្មោះថា «សិល្បៈអមត នៃព្រលឹងខេមររដ្ឋ» ច្នៃដោយ ទឹកគ្រឿង ដែលឈុតនេះមានអត្ថន័យបង្ហាញជាមួយនូវស្នាដៃសិល្បៈនៃសត្វមករដែលជាសត្វក្នុងទេវកថាដ៏ល្បីល្បាញក្នុងលទ្ធិព្រហ្មញ្ញនិយម ដោយមានតំណាលថាជាសត្វដែលកើតឡើងដោយឫទ្ធិអស្ចារ្យពីសសៃសក់ព្រះម៉ែគង្គា។ បើតាមជំនឿរបស់បុព្វបុរសខ្មែរក្នុងលទ្ធិព្រហ្មញ្ញ លោកជឿជាថាសត្វមករជាសត្វដែលរុងរឿងដោយសេចក្តីចម្រើន ត្រជាក់ត្រជុំ និងមានអំណាចខ្លាំងក្លាសម្បើម ទើបដូនតាខ្មែរបានយកទៅឆ្លាក់នៅតាមផ្តែរ និងជញ្ជាំងចម្លាក់នានានៅតាមប្រាសាទ។ ជារួម ឈុតនេះបង្ហាញឱ្យឃើញនូវសិល្បៈវប្បធម៌របស់ខ្មែរដ៏សំបូរបែប ដែលនៅតែបន្តរីកចម្រើន និងអភិវឌ្ឍន៍ឈានឆ្ពោះទៅមុខពីមួយជំនាន់ទៅមួយជំនាន់ឥតឈប់ឈរ ប្រកបដោយទេពកោសល្យ ប្រណីតភាព និងរសនិយមនៃដួងព្រលឹងដូនតាខ្មែរ ដែលលោកបានបន្សល់មកពីគ្រប់កាលជំនាន់។
សិល្បៈអមត នៃព្រលឹងខេមររដ្ឋ នឹងចូលរួមបណ្តុះស្មារតី ទឹកចិត្តស្នេហារបស់កូនខ្មែរជំនាន់ក្រោយឱ្យមានភាពស្វាហាប់ក្នុងការការពារ អភិរក្ស និងថែរក្សាស្នាដៃវប្បធម៌សិល្បៈដូនតាឱ្យបន្តស្ថិតស្ថេរគង់វង្សជានិច្ចតរៀងទៅ។
គួរបញ្ជាក់ថា ដាំ សុភ័ក្រស៊ីនឌី គឺជា Miss Earth Cambodia 2021 ហើយនាងគឺជាតារាសម្តែង និងជាពិធិការិនីម្នាក់ផងដែរ។ មុននឹងប្រកួត Miss Planet International បវរកញ្ញារូបនេះក៏បានជួបទុក្ខធំបាត់បង់អ្នកម្តាយជាទីស្រលាញ់ តែរូបនាងបានតាំងចិត្តធ្វើឱ្យល្អបំផុតសម្រាប់តំណាងប្រទេសកម្ពុជា។
ការប្រកួត Miss Planet International លើកទី៣ នៅលើទឹកដីកម្ពុជានេះ ដ្បិតថាការរៀបចំនៅមានកម្រិតប៉ុន្តែក៏បានជួយផ្សព្វផ្សាយតំបន់ទេសចរណ៍មួយចំនួនផងដែរ។ ជាក់ស្តែងកម្មវិធីនេះបាននាំបវរកញ្ញាមកពី៤២ប្រទេសស្លៀកសំលៀកបំពាក់ប្រពៃណីខ្មែរ ថតនៅលើទឹកដីអង្គរវត្តយ៉ាងស្រស់ស្អាត៕










