បរទេស៖ យោងតាមប្រភពព័ត៌មាន Global Times ដែលបានរាយការណ៍កាលពីថ្ងៃទី ៧ ខែតុលាថា អ្នកវិទ្យាសាស្ត្រចិនបានរកឃើញសារធាតុរ៉ែយុទ្ធសាស្ត្រថ្មីដ៏សំខាន់សម្រាប់សមាសធាតុបច្ចេកវិទ្យាខ្ពស់ ដែលជាប្រភេទថ្មីនៅក្នុងអណ្តូងរ៉ែកម្រដ៏ធំបំផុតរបស់ពិភពលោក។
សារធាតុរ៉ែយុទ្ធសាស្ត្រថ្មីដ៏កម្រនេះ ត្រូវបានគេរកឃើញនៅក្នុងទីក្រុង Baotou ប្រទេសម៉ុងហ្គោលី ដែលវាមានផ្ទុកសារធាតុ niobium ដែលជាលោហៈពណ៌ប្រផេះស្រាលភ្លឺចាំង នឹងមានតម្លៃខ្ពស់បំផុតនៅក្នុងឧស្សាហកម្មដែក ដោយសារភាពធន់របស់វា។ សារធាតុ niobium គឺជាផែនដីដ៏កម្រដែលប្រើជាចម្បងនៅក្នុងឧស្សាហកម្មដែកដូចជា សម្រាប់ផលិតសម្ភារសំណង់ បំពង់បង្ហូរប្រេង ឧស្ម័ន ប្រដាប់បឺត និងម៉ាស៊ីនយន្តហោះ។
លើសពីនេះ niobium ក៏មានអត្ថប្រយោជន៍ខ្លាំងក្នុងការប្រើប្រាស់បានយូរជាងអាគុយលីចូម-អ៊ីយ៉ុងធម្មតារហូតទៅដល់ ១០ ដង ហើយបានធ្វើឱ្យប្រសើរឡើងនូវចរន្តអគ្គិសនី។ សារធាតុរ៉ែប្រភេទនេះក៏មានសុវត្ថិភាពផងដែរ ក្នុងការបង្កើនល្បឿនភាគល្អិត និងការថតរូបភាពអនុភាពម៉ាញេទិក (MRI)។
លោក Antonio H. Castro Neto សាស្ត្រាចារ្យផ្នែកវិស្វកម្មអគ្គិសនី និងកុំព្យូទ័រនៅសកលវិទ្យាល័យជាតិសិង្ហបុរីបាននិយាយថា ការរកឃើញនេះគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសចិន ព្រោះភាគច្រើននៃសារធាតុ niobium ដែលចិនប្រើប្រាស់ក្នុងឧស្សាហកម្មដែកត្រូវបាននាំចូលពីប្រទេសប្រេស៊ីលអាស្រ័យលើបរិមាណ និងគុណភាពនៃ niobium នៅក្នុងអណ្តូងរ៉ែ ដូច្នេះការរកឃើញនេះអាចជួយប្រទេសចិនឱ្យមានភាពគ្រប់គ្រាន់ដោយខ្លួនឯង។
បច្ចុប្បន្ន សារធាតុដ៏កម្រ niobium នេះមានក្នុងប្រទេសប្រេស៊ីលច្រើនជាងគេនៅទូទាំងពិភពលោករហូតដល់ ៨៩% និងប្រទេសកាណាដាមានផលិតកម្មនេះប្រហែល ៨% នេះបើយោងតាមការស្ទង់មតិភូមិសាស្ត្រអាមេរិក៕










