សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក បៃដេន បានបញ្ជាក់ជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា ថា អាមេរិកនៅតែរក្សាសម្ព័ន្ធភាពជិតស្និទ្ធជាមួយជប៉ុន គាំទ្រផែនការផ្នែកការពារជាតិ និងសរសើរការបន្ថែមថវិកាការពារជាតិរបស់ជប៉ុន ខណៈអាមេរិក និងជប៉ុនរួមដៃគ្នាផ្នែកអវកាសផងដែរ ។

លោក បៃដេន បានទទួលស្វាគមន៍នាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា នៅសេតវិមានប្រធានាធិបតីអាមេរិកកាលពីថ្ងៃទី១៣ ខែមករា ក្នុងឱកាសដែលមេដឹកនាំជប៉ុនបានធ្វើដំណើរមកកាន់ទឹកដីអាមេរិក ។

លោក បៃដេន បានបញ្ជាក់ទៅកាន់លោក គីស៊ីដា យ៉ាងជាក់លាក់ថា អាមេរិកនៅតែគាំទ្រយ៉ាងរឹងមាំនិងពេញលេញចំពោះសម្ព័ន្ធមិត្តជាមួយជប៉ុន ហើយប្រទេសទាំងពីរកាន់តែជិតស្និទ្ធជាមួយគ្នាលើសដើម ។ លើសពីនេះ លោក បៃដេន ក៏បានសរសើរជប៉ុនពីការបន្ថែមថវិកាផ្នែកការពារជាតិជាប្រវត្តិសាស្ត្រ ហើយបញ្ជាក់ថា អាមេរិកជួយគាំទ្រក្រសួងការពារជាតិរបស់ជប៉ុន ។

ចំណែកនាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ក៏បានថ្លែងអំណរគុណលោក បៃដេន អំពីរឿងដែលអាមេរិកធ្វើពាក់ព័ន្ធនឹងសន្តិសុខក្នុងតំបន់ ខណៈជប៉ុន និងអាមេរិកកំពុងប្រឈមនឹងស្ថានការណ៍ខាងក្រៅ និងស្មុគស្មាញបំផុតក្នុងប្រវត្តិសាស្ត្រ ។ ជប៉ុនបានដាក់ផែនការផ្នែកការពារជាតិជាថ្មីកាលពីខែធ្នូ ឆ្នាំ២០២២ ដើម្បីឱ្យប្រាកដចិត្តថា នឹងមានសន្តិភាព និងស្ថិរភាពក្នុងតំបន់។

ជាមួយគ្នានេះ ក្នុងឋានៈជាប្រធានក្រុមប្រទេសឧស្សាហកម្មឈានមុខគេទាំង៧ (G7) គោលបំណងនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេស G7 របស់មេដឹកនាំជប៉ុន គឺដើម្បីពង្រឹងសម្ព័ន្ធភាពជាយូរអង្វែង ខណៈជប៉ុនបារម្ភពីការរំលោភបំពានក្នុងតំបន់ ។

ដោយឡែក ក្នុងថ្ងៃជាមួយគ្នានេះ លោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន និងលោក Anthony Blinken រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក ក៏បានរួមគ្នាចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរុករកអវកាសនៅស្នាក់ការទីភ្នាក់ងារអវកាសសហរដ្ឋអាមេរិក (NASA) នៅទីក្រុងវ៉ាស៊ីនតោន ។ NASA មានផែនការឱ្យអវកាសយានិកជប៉ុនចូលរួមក្នុងបេសកកម្មរបស់ Artemis ទៅកាន់ឋានព្រះច័ន្ទផងដែរ ៕Biden backs Japan joining 'reformed' UN Security Council, Japanese PM says  | The Hill

ប្រភព ៖ TNN World