ប្រទេសថៃ ៖ កសិករដាំដូងប្រេងនៅខេត្តសុងក្លាប្រទេសថៃ ទ្រាំមិនបាននឹងតម្លៃដូងប្រេងធ្លាក់ចុះជាបន្តបន្ទាប់ រហូតដល់១គីឡូក្រាម៣បាត ។ ពួកគេនឹងទៅតវ៉ានៅសាខាខេត្តនាសប្តាហ៍ក្រោយ ដើម្បីដាក់លិខិតទៅនាយករដ្ឋមន្ត្រីកសិកម្មពិនិត្យមើលឡើងវិញពីបញ្ហាតម្លៃធ្លាក់ចុះនេះ ។ កសិករទាំងនេះក៏បានអំពាវនាវឱ្យបង្កើតតម្លៃមួយមានស្តង់ដា ព្រមទាំងឱ្យរដ្ឋាភិបាលពិនិត្យការលួចនាំចូលដូងប្រេងពីប្រទេសជិងខាងផងដែរ ។
កាលពីថ្ងៃទី១៣ ខែមករា អ្នកឆ្លើយឆ្លងព័ត៌មានខេត្តសុងក្លារាយការណ៍ថា តម្លៃដូងប្រេងនៅថៃបានធ្លាក់ចុះជាបន្តបន្ទាប់ ក្នុងនោះនៅខេត្តសុងក្លា តម្លៃដូងប្រេងធ្លាក់ចុះដល់១គីឡូក្រាម៣បាត ធ្វើឱ្យប៉ះពាល់ដល់កសិករដូងប្រេងយ៉ាងខ្លាំង ខណៈបច្ចុប្បន្ននេះ ផលិតកម្មដូងប្រេងគ្មានបរិមាណច្រើនទេ ប៉ុន្តែបែរជាតម្លៃធ្លាក់ចុះមិនរួចថ្លៃទិញជីដែលមានតម្លៃកើនខ្ពស់ គឺជី១បាវតម្លៃកើនដល់១.៧០០បាតឯណោះ ។
លោក ព្រីឆា សុខកាសេម ជាតំណាងកសិករដាំដូងប្រេងខេត្តសុងក្លាបញ្ជាក់ថា ស្ថានការណ៍តម្លៃដូងប្រេងក្នុងពេលនេះធ្វើឱ្យប៉ះពាល់ដល់កសិករយ៉ាងខ្លាំង ដូច្នេះ លោកត្រៀមប្រមូលផ្តុំកសិករដូងប្រេងធ្វើដំណើរទៅដាក់លិខិតដល់លោកនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងកសិកម្ម តាមរយៈអភិបាលខេត្តសុងក្លា នៅថ្ងៃទី១៧ ខែមករា ។
លោក ព្រីឆា បន្តថា លោកនឹងស្នើឱ្យយកដូងប្រេងទៅធ្វើចំហេះ ដោយពិនិត្យមើលការលួចនាំចូលដូងប្រេងពីប្រទេសជិតខាង រួមទាំងស្វែងរកវិធានការគាំទ្រថ្ងៃឈប់សម្រាករយៈពេលយូររបស់រោងចក្រផលិត និងកន្លែងទទួលទិញផលិតកម្មដូងប្រេង ។ សំខាន់ ត្រូវរកអ្នកដែលមានបទពិសោធន៍និងជំនាញ មកធ្វើការផ្នែកឧស្សាហកម្មដូងប្រេង ។ កសិករដូងប្រេងមកពីតាមស្រុកជាច្រើននឹងរួមកម្លាំងគ្នាបង្ហាញពីការលំបាករបស់ពួកគេ ៕ ប្រភព ៖ khaosod










