បរទេស៖ យន្តហោះពាណិជ្ជកម្ម “Jetstar Japan” ដែលកំពុងប្រតិបត្តិការក្នុងប្រទេសជប៉ុន បានធ្វើការចុះចតបន្ទាន់នៅអាកាសយានដ្ឋានក្នុងទីក្រុង Nagoya  បន្ទាប់ពីអ្នកបើកយន្តហោះត្រូវបានជូនដំណឹងអំពី “ការគំរាមកំហែងគ្រាប់បែក”។

ទីភ្នាក់ងារសារព័ត៌មានបរទេសរាយការណ៍ពីទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី ៧ មករា ឆ្នាំ២០២៣នេះ ដោយដកស្រង់ព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជប៉ុន ថាជើងហោះហើររបស់អ្នកដំណើររបស់ក្រុមហ៊ុន Jetstar Japan Airlines Flight GK501 ជាមួយនឹងអ្នកដំណើរ ១៣៦ នាក់ និងសមាជិកនាវិក ៦ នាក់ផ្សេងទៀត គ្រោងនឹងចាកចេញពីអាកាសយានដ្ឋានអន្តរជាតិណារីតា ជាយក្រុងតូក្យូ ទៅអាកាសយានដ្ឋានអន្តរជាតិ Fukuoka នៅព្រឹកថ្ងៃសៅរ៍ ម៉ោងក្នុងស្រុក។

ទោះបីជាយ៉ាងណា យន្តហោះត្រូវបានធ្វើការចុះចតជាបន្ទាន់នៅអាកាសយានដ្ឋានអន្តរជាតិ Chubu  ជាយក្រុងណាហ្គោយ៉ា កណ្តាលនៃប្រទេស « ដើម្បីឲ្យអាជ្ញាធរពាក់ព័ន្ធចាត់វិធានការទប់ស្កាត់ » រួមទាំងការជម្លៀសអ្នកដំណើរទាំងអស់ទៅកាន់តំបន់សុវត្ថិភាព ក្រោយពីអ្នកបើកយន្តហោះត្រូវបានជូនដំណឹងអំពី “ការគំរាមកំហែងគ្រាប់បែក”។

ជាមួយគ្នានោះប្រភពនៅអាកាសយានដ្ឋាន Chubu និងទីភ្នាក់ងារប៉ូលីសទីក្រុង Nagoya ក៏បានធ្វើការចែករំលែកព័ត៌មានភ្លាមៗ ព្រមទាំងបានបញ្ជាក់ថា អ្នកបើកយន្តហោះបានស្នើសុំចុះចតជាបន្ទាន់ បន្ទាប់ពីមានការគំរាមកំហែងតាមរយៈការហៅចូលទូរស័ព្ទពីជើងហោះហើរ GK501 ដោយសំឡេងក្នុង ទូរសព្ទជាសំឡេងមនុស្សប្រុស ហើយប្រើលេខការហៅទូរស័ព្ចចូលពីបរទេស។

ទោះជាយ៉ាងណាការចុះចតទទួលបានជោគជ័យ និងមិនមានបង្កឱ្យមានអ្នកដំណើរមានបញ្ហាអ្វីនោះឡើយ។

យ៉ាងណាមិញប្រភពព័ត៌មានបានបញ្ជាក់បន្ថែមយ៉ាង ដូច្នេះថា លទ្ធផលនៃការស្រាវជ្រាវគ្រប់ជ្រុងនៃយន្តហោះដោយអ្នកជំនាញ រកមិនឃើញមានជាតិផ្ទុះ និងវត្ថុគួរឱ្យសង្ស័យឡើយ ប៉ុន្តែមន្ទីរពាក់ព័ន្ធ នឹងបន្តស៊ើបអង្កេតឲ្យបានហ្មត់ចត់បន្ថែម៕ ប្រភព៖ Dailynews