រាជធានីភ្នំពេញ៖ នៅសៀលថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២០ ស្ត្រីម្នាក់ដែលបើកបរម៉ូតូគ្មានស្លាកលេខ ល្មើសគំនូសសញ្ញាចរាចរណ៍ លុះពេលកម្លាំងសមត្ថកិច្ចចរាចរណ៍ធ្វើការចាប់ឃាត់ផាកពិន័យ ដែលជាហេតុធ្វើឲ្យផ្ទុះជម្លោះ រហូតមានការវាយប្រតាយប្រតប់ជាមួយប៉ូលិសចរាចរនោះ បានចេញមុខទទួលសារភាពកំហុស និងធ្វើការសុំទោសជាសាធារណៈ។

សូមបញ្ជាក់ថា កាលពីម្សិលមិញ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីស្ត្រីម្នាក់បានជិះម៉ូតូមួយគ្រឿងឈប់លើសគំនូសចរាចរណ៍ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ដើម្បីផាកពិន័យ តែបែរជាស្ត្រីខាងលើវាយសមត្ថកិច្ច បណ្ដាលឲ្យរងរបួសស្រាល។ ហេតុការណ៍មួយនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង កាលពីវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ដែលស្ថិតនៅចំណុចស្តុបដេអិន ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ។


ប្រភពព័ត៌មានពីស្ត្រីដែលជាអ្នកបោះសំអាតផ្លូវដែលនៅកន្លែងទីតាំងកើតហេតុបានប្រាប់ដឹងថា មុនពេលកើតហេតុ គេបានឃើញស្ត្រីម្នាក់ជិះម៉ូតូ មួយគ្រឿង ម៉ាក Click ពណ៌ស មិនមានស្លាកលេខ បានជិះឈប់នៅលើគំនូសស្លាកសញ្ញាចរាចរណ៍ថ្មើជើងរបស់អ្នកឆ្លងកាត់ផ្លូវ ខណៈពេលនោះ ស្រាប់តែសមត្ថកិច្ចជំនាញចរាចរណ៍ដែលឈរជើងនៅគោលដៅទីនោះ បានហៅស្ត្រីខាងលើ ដើម្បីធ្វើការផាកពិន័យ ក៏មានការឈ្លោះប្រកែកគ្នាជាខ្លាំង រួចមកស្ត្រីខាងលើបានដកទូរស័ព្ទមកថតសមត្ថកិច្ច។ ភ្លាមៗនោះ សមត្ថកិច្ចក៏បានដកទូរស័ព្ទមកថតស្ត្រីខាងលើវិញផងដែរ។ ខណៈពេលនោះ ស្រាប់តែស្ត្រីខាងលើបានប្រតាយប្រតប់ជាមួយសមត្ថកិច្ច ដើម្បីយកទូរស័ព្ទដែលសមត្ថកិច្ចថតគាត់នោះ។

ក្រោយមក ស្ត្រីខាងលើ និងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនទៅកាន់ទីស្នាក់ការចរាចរណ៍ជើងគោក នៅខាងក្រោយព្រះបរមរាជវាំង ដើម្បីធ្វើការផាកពិន័យតាមផ្លូវច្បាប់។
សមត្ថកិច្ចបញ្ជាក់ថា ចំពោះករណីដែលវាយសមត្ថកិច្ចនោះ គឺមិនមានការបឹ្តងនោះឡើយ។ សូមចូលរួមគោរពច្បាប់ចរាចរណ៍អោយបានគ្រប់ៗគ្នា ៕

សូមប្រិយមិត្តទស្សនាវីដេអូរបស់ស្រី្តជាម្ចាស់ម៉ូតូសុំទោសដូចខាងក្រោម៖

https://www.facebook.com/436017133191961/videos/622720305194394/?__tn__=-R