ចែករំលែក

ថៃ៖ ក្រោយពីបានជួយសង្គ្រោះ ក្រុមក្មេងៗទាំង១២នាក់ និងគ្រូបង្វឹកម្នាក់ អស់ជាស្ថាពរពីក្នុងរូងភ្នំ កាលពីម្សិលមិញរួចមក ក្រុមអ្នកជំនាញអន្តរជាតិជាច្រើនប្រទេស បានវិលត្រលប់ទៅកាន់មាតុប្រទេសវិញ ដោយក្តីមោទនភាពក្រៃលែង ព្រមទាំងការទទួលស្វាគមន៍ពីប្រជាពលរដ្ឋថៃ ដោយចាត់ទុកអ្នកទាំងអស់នោះ គឺជាវីរបុរស ដែលបានចំណាយពេលវេលា អាយុជីវិតចូលទៅជួយសង្គ្រោះក្មេងៗជនជាតិថៃ ដោយបេសកកម្មជួយក្មេងប្រុសទាំង១៣នាក់នោះ បានចំណាយពេល១៨ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២៣ ខែមិថុនា កន្លងមកនេះ ហើយទីបំផុតក៏បានជួយសង្គ្រោះ និងយកអ្នកទាំងអស់នោះ ចេញពីរូងភ្នំម្តងមួយៗ រហូតដល់អស់។

តែអ្វីដែលគួរឲ្យសោកស្តាយនោះ គឺការបាត់បង់ជីវិត អតីតទាហានជើងទឹកម្នាក់ របស់ថៃដែលបានស្លាប់ ក្នុងពេលបំពេញបេសកកម្មជួយក្មេងប្រុសទាំងអស់ ចេញពីរូងភ្នំ ដោយសារតែអស់ខ្យល់អុកស៊ីសែន ពេលដែលត្រលប់ចេញពីរូងភ្នំ ដល់ពាក់កណ្តាលផ្លូវ ។

ក្រោយពីបានរស់សារជាថ្មីម្តងទៀត ខណៈពេលនេះ ក្មេងទាំង១២នាក់ ព្រមទាំងគ្រូបង្វឹកម្នាក់ ត្រូវបានក្រុមគ្រូពេទ្យ ព្យាបាលនិងមើលថែទាំ យ៉ាងយកចិត្តទុកដាក់ ដោយសារតែពួកគេស្ថិតនៅក្នុងរូងភ្នំយូរ រហូតដល់មានបញ្ហាផ្លូវដង្ហើម ភ្នែក ស្បែក និងសួតផងដែរ ហើយចំណែកឯក្រុមគ្រួសាររបស់ពួកគេ ក៏នៅមិនទាន់ត្រូវបានអនុញ្ញាតិឲ្យចូលទៅជួយ កូនៗរបស់ពួកគាត់ផងដែរ ប៉ុន្តែបើតាមការពិនិត្យស្ថានភាព គឺប្រហែលជាខាងមន្ទីរពេទ្យ អនុញ្ញាតិឲ្យក្មេងទាំងអស់ ជួបជាមួយក្រុមគ្រួសាររបស់ពួកគេ ក្នុងពេលឆាប់ៗនេះ។

រូបថតជាច្រើនសន្លឹក ត្រូវបានផ្តល់ដោយខាងមន្ទីរពេទ្យ ដើម្បីបញ្ជាក់ថា ក្រុមក្មេងទាំងអស់គឺត្រូវបានមើលថែ យ៉ាងយកចិត្តទុកដាក់ ជាមួយនិងសេវាកម្មដ៏ល្អឥតខ្ចោះ ដើម្បីឲ្យពួកគេឆាប់បានជួបជុំគ្រួសារ ឪពុកម្តាយរបស់ពួកគេក្នុងពេលឆាប់ៗនេះ ៕