ចែករំលែក

ខេត្តកណ្តាល៖ កាលពីថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៨ មានករណីឃាតកម្មមួយ បានកើតឡើងដោយយុវជនម្នាក់ ត្រូវបានស្ទាវ១ក្រុម ជិត១០នាក់ ព្រួតដេញកាប់ ខណៈយុវជនរងគ្រោះ ចេញមកពីពិធីបុណ្យ បញ្ចុះសីមាវត្តកោះទាវ បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម នៅលើផ្លូវលេខជាតិលេខ២១បេ ស្ថិតក្នុងភូមិព្រែកគង់ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។

ក្រោយពីកើតហេតុរួច សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងចាប់ឃាត់ខ្លួនបានជនដៃដល់ ចំនួន៦នាក់ ក្នុងចំនួនបក្ខពួក៩នាក់ ហើយក៏បានបញ្ជូនទៅតុលាការ ដើម្បីកាត់ទោសតាមច្បាប់ ក្រោយមកជនសង្ស័យទាំង៦នាក់ ត្រូវបានបញ្ជូនទៅឃុំនៅក្នុងពន្ធនាគារ។

ក៏ប៉ុន្តែអ្វីដែលធ្វើឲ្យក្រុមគ្រួសារ ជាពិសេសម្តាយរបស់ជនរងគ្រោះ មានការឈឺចាប់ និងស្រែកថាអយុត្តិធម៌នោះ គឺបន្ទាប់ពីឃុំខ្លួនជនជាប់ចោទទាំង៦នាក់ បានត្រឹមតែ៤ខែប៉ុណ្ណោះ តុលាការក៏បានដោះលែងជនដៃដល់ម្នាក់ ឲ្យមានសេរីភាពឡើងវិញ ។ អ្នកស្រី គីម ស្រ៊ុម ត្រូវជាម្តាយរបស់យុវជនរងគ្រោះ បាននិយាយទាំងទឹកភ្នែកថា កូនប្រុសរបស់គាត់បានស្លាប់ ដោយមិនទាន់ទទួលបាន សំណងមួយរៀលផង ស្រាប់តែជនដៃដល់ម្នាក់ ឈ្មោះ បេង តាំងអេង អាយុ២៨ឆ្នាំ មានទីលំនៅ ភូមិព្រែកមេស្រុក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ត្រូវបានតុលាការដោះលែង ឲ្យមានសេរីភាពបាត់ទៅហើយ។

ម្តាយរបស់ជនរងគ្រោះ បានរៀបរាប់បន្តទៀតថា គាត់បានដាក់ពាក្យបណ្តឹង ទាមទារជំងឺចិត្តមិនទាន់បានដោះស្រាយជូនគាត់ផង ស្រាប់តែតុលាការបានដោះលែង អ្នកសម្លាប់កូនគាត់បាត់ទៅហើយ ហើយគាត់មិនដឹងថា តើតុលាការធ្វើអំពើអយុត្តិធម៌ចំពោះគាត់បែបនេះ ដើម្បីអ្វីនោះឡើយ ព្រោះកូនគាត់ស្លាប់ទាំងមូល ពុំទាន់បានយុត្តិធម៌នៅឡើយផង ស្រាប់តែទទួលនូវភាពឈឺចាប់ មួយកំរិតថែមទៀតពេលដឹងថា ឃាតកសម្លាប់កូនរបស់គាត់ ជាប់ពន្ធនាគារត្រឹមតែមួយប៉ព្រិចភ្នែក ត្រូវមានសេរីភាពឡើងវិញបែបនេះ ។

សូមរំលឹកនូវរឿងរ៉ាវឡើងវិញ ៖ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណជា ១និង០០នាទី ជនរងគ្រោះបានជិះម៉ូតូ០១គ្រឿង ម៉ាក SUZUKI NEX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1DH-2039 តែម្នាក់ឯង ចេញពីផ្ទះទៅលេងបុណ្យបញ្ចុះខ័ណ្ឌសីមាវត្តកោះទៀវ ស្ថិតនៅភូមិកោះទៀវ(ខ) ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។

លុះនៅវេលាម៉ោងកើតហេតុខាងលើ ខណៈដែលជនរងគ្រោះ កំពុងជិះម៉ូតូចេញពីវត្ត ត្រឡប់មកផ្ទះវិញ ដល់ចំណុចខាងត្បូងស្ពានព្រែកគង់ ចម្ងាយប្រមាណ៥៥ម៉ែត្រ ស្រាប់តែមានជនសង្ស័យពុំស្គាល់ អត្តសញ្ញាណ បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះចំកខាងឆ្វេង បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុតែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួន ជនដៃដល់ចំនួន៦នាក់មកធ្វើការសាកសួរ ហើយយោងតាមចម្លើយ សារភាពរបស់ជនសង្ស័យបានឆ្លើយថា ពួកគេធ្លាប់មានគំនុំនិងគ្នា ដោយជនរងគ្រោះធ្លាប់វាយពួកគេ១ខ្សែក្រវ៉ាត់ ទើបពួកគេបានរៀបចំសម្ភារជាដាវសាំម៉ូរ៉ៃ ជិះម៉ូតូតាមស្វែងរកជនរងគ្រោះ លុះប្រទះឃើញក៏កាប់តែម្តងទៅ តែមិនដឹងថា កាប់នោះបណ្តាលឲ្យស្លាប់នោះទេ លុះព្រឹកឡើងទើបដឹងថាស្លាប់។

ក្រោយពីឃាត់ខ្លួន នគរបាលដកហូត វត្ថតាងម៉ូតូ​ចំនួន​២​គ្រឿង​ ម៉ាក​ Honda​ SL​ ពណ៌​ទឹកប្រាក់​ គ្មាន​ស្លាក​លេខ​០១​គ្រឿង​ និង​ម៉ាក ​Suzuki​ Nex​ ពណ៌​ក្រហម​លាយ​ខ្មៅ​ ពាក់​ស្លាក​លេខ​ 1U-5738​ ០១​គ្រឿង​,​ ​ដាវ​ចំនួន​ ០២​ដើម​ កាំបិត​ចំនួន​០២​ដើម​,​ ទូរស័ព្ទ​ចល័ត​ចំនួន​០៦​គ្រឿង​។ បច្ចុប្បន្នជនសង្ស័យទាំងអស់ត្រូវឃុំខ្លួន ជាបណ្តោះអាសន្ននៅពន្ធនាគារ ខេត្តកណ្តាល៕