ចែករំលែក

ភូកេត ប្រទេសថៃ ៖ យោងតាមការចេញផ្សាយ ដោយសារព័ត៌មានស៊ីនហួរ កាលពីល្ងាចថ្ងៃពុធ ទី១១ ខែកក្កដា នេះ បានរាយការណ៍ដោយសំអាងលើ អាជ្ញាធរថៃ​បានអះអាងថា បានរកឃើញសាកសព​ម្នាក់ទៀតហើយ ដែលត្រូវបានគេ​ជឿជាក់ថា ជាសាកសពអ្នកបាត់​ខ្លួនចុងក្រោយ ក្នុងករណីលិចទូក ​ដឹកអ្នកទេសចរ​ជនជាតិចិន ចំនួនពីរគ្រឿង នៅដែនសមុទ្រ កោះ​ភូកេតប្រទេសថៃ កាលពី​សប្តាហ៍មុន និងបាននាំឲ្យចំនួន​ មនុស្សស្លាប់សរុប​កើនដល់ ៤៦នាក់។

ក្រោយពីហេតុការណ៍ លិចទូកដឹកភ្ញៀវទេសចរណ៍រួចមក ប្រតិបត្តិការរុករកប៉ុន្មានថ្ងៃមកនេះ ត្រូវបានធ្វើឡើងដោយមានកិច្ចសហការ រួមគ្នារវាងក្រុមសង្គ្រោះមកពីប្រទេសថៃ ជាមួយនិងក្រុមសង្គ្រោះរបស់ថៃកាត់ចិន ដែលមានឈ្មោះថា Blue Sea ហើយក្រោយពីបានរកឃើញាសកសពចុងក្រោយ ដូចបានរៀបរាប់ខាងលើនេះ គឺអ្នកស្លាប់បានកើនឡើងដល់៤៦នាក់ ដោយក្រុមអ្នកមុជទឹក បានរកឃើញនៅក្រោមផ្ទៃទឹកតែម្តង ។

គួររំលឹកផងដែរថា សម្រាប់សាកសពចំនួន៤៥នាក់ ដែលត្រូវបានរកឃើញដំបូងនោះ គឺមានសាកសព៥នាក់ ត្រូវបានយកទៅបូជា និង២នាក់ទៀត ត្រូវបានដឹកទៅកាន់ប្រទេសចិនវិញ តាមសំណូមពររបស់គ្រួសារនៃសព ។ ដោយឡែកសាកសពដែលនៅសល់ទាំងប៉ុន្មានទៀត រង់ចាំការសម្រេចពីក្រុមគ្រួសារបន្តទៀត ។

រឿងហេតុដែលបណ្តាលឲ្យ មានគ្រោះថ្នាក់អកុសល្យខាងលើនេះ គឺពុំត្រូវបានបញ្ជាក់ពីអាជ្ញាធរពាក់ព័ន្ធ ច្បាស់លាស់នៅឡើយនោះទេ កំពុងតែស្ថិតនៅក្នុងការស៊ើបអង្កេត ប៉ុន្តែទូកដឹកទេសចរចិនទាំង២គ្រឿងនេះ ត្រូវបានគេដឹងថា បានចាកចេញពីកំពង់ផែទាំងយប់ ពេលដែលកំពុងតែមានភ្លៀង និងព្យុះខ្លាំង ប៉ុន្តែខណៈពេលនោះ មេបញ្ជាការទូកបានធ្វើការហាមឃាត់ដែរ តែពួកគេនៅតែរឹងទទឹង ក្នុងការចេញដំណើរទាំងស្ថានភាពប្រថុយប្រថានទៀត ៕