ប្រទេសថៃ៖ យោងតាមការចេញផ្សាយ របស់សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអាទិត្យ ទី៨ ខែកក្កដា នេះ បានប្រាប់ថា អាជ្ញាធរថៃ រួមជាមួយក្រុមអ្នកជំនាញមុជទឹក បរទេស១៣នាក់ និងកងទ័ពជើងទឹកថៃ ចំនួន៥នាក់ បាន​ចូល​ទៅ​ក្នុង​រូង​ភ្នំ​​ថាំហ្លួង នៅស្រុកម៉ៃសៃ នៃខេត្តឈៀងរ៉ៃ ភាគខាងជើងប្រទេសថៃ នាព្រឹកថ្ងៃអាទិត្យនេះ ដើម្បីជួយសង្គ្រោះក្មេងជំទង់ទាំង១២នាក់ ព្រមទាំង​គ្រូបង្វឹកម្នាក់របស់ពួកគេ ដែលបានជាប់ខ្លួននៅក្នុងល្អាងភ្នំ ដោយសារតែទឹកជន់ តាំងពីថ្ងៃទី២៣ ខែមិថុនា ចេញមកខាងក្រៅវិញ។

យោងតាមការឲ្យដឹង ពីលោក Narongsak Osottanakorn ប្រធានដឹកនាំប្រតិបត្តិការ ជួយសង្រ្គោះ បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន ចុងក្រោយនេះថា ក្មេងប្រុសនីមួយៗ នឹងត្រូវអមដំណើរដោយ អ្នកជំនាញផ្នែកមុជទឹកពីរនាក់ ហើយអ្នក​​​ដំបូង​គេ ត្រូវរំពឹងថានឹងអាច​​ចេញផុត មកដល់ខាងក្រៅនៅម៉ោង ០៩យប់នេះ (ពេលវេលាក្នុងតំបន់)។ លោកបានបន្ថែមថា អ្នកដែលជាប់ខ្លួនទាំងនោះ នឹងបន្តចេញ​មកខាងក្រៅម្តងម្នាក់ៗ ការប្រតិបត្តិជម្លៀសមនុស្សនេះ អាចនឹងប្រព្រឹត្តទៅ រហូតដល់ថ្ងៃស្អែក ហើយព័ត៌មានបន្ថែមទាក់ទិន នឹងបេសក​កម្មនេះ នឹងត្រូវធ្វើឡើងនៅក្រោយម៉ោង០៩យប់នេះ។

ចំណែកលោក ណារ៉ុងសាក់ បាននិយាយថា អ្នកមុជទឹកបរទេសទាំង១៣នាក់ គឺសុទ្ធតែជាអ្នកជំនាញ មុជទឹកនៅក្នុងល្អាងភ្នំយ៉ាងស្ទាត់ជំនាញ មកពី​ជុំវិញ​ពិភពលោក ខណៈកងទ័ពជើងទឹកថៃ ទាំង៥នាក់វិញ ត្រូវបានជ្រើសរើសជាពិសេសយ៉ាងហ្មត់ចត់។

គួរជម្រាបថា ក្មេងប្រុសៗខាងលើ អាយុចន្លោះពី១១ដល់១៦ឆ្នាំ បានបាត់ដំណឹងជាមួយគ្រូបង្វឹកវ័យ២៥ឆ្នាំ របស់ពួកគេ នៅក្រោយការ​ហ្វឹកហាត់បាល់ទាត់ កាលពីថ្ងៃទី២៣ ខែមិថុនាកន្លងទៅ បន្ទាប់ពីពួកគេបានចូលទៅ ក្នុងរូបភ្នំខាងលើ ដែលស្ថិតនៅក្បែរព្រំប្រទល់​ថៃ​-​មីយ៉ាន់ម៉ា ខណៈទំរាំតែក្រុមសង្រ្គោះរកឃើញពួកគេ គឺពេលវេលាប្រមាណ១០ថ្ងៃ កន្លងផុតទៅហើយ៕